Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ដាស់តឿនឱ្យក្រសួងកសិកម្ម អាជ្ញាធរខេត្តក្រចេះ និងខេត្ដ​ស្ទឹង​​ត្រែង​​រៀបចំតំបន់ស្នូលអចិន្ត្រៃយ៍សម្រាប់អភិរក្សសត្វផ្សោតនិងត្រីមួយចំនួន​ដែលជិតផុតពូជ

    BY Khmerpress January 2, 2023
    សម្ដេចតេជោ ហ៊ុន សែន ដាស់តឿនឱ្យក្រសួងកសិកម្ម អាជ្ញាធរខេត្តក្រចេះ និងខេត្ដ​ស្ទឹង​​ត្រែង​​រៀបចំតំបន់ស្នូលអចិន្ត្រៃយ៍សម្រាប់អភិរក្សសត្វផ្សោតនិងត្រីមួយចំនួន​ដែលជិតផុតពូជ

    ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាស់តឿន​ឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរខេត្តក្រចេះ និងខេត្ដស្ទឹងត្រែង រៀបចំ​តំបន់​ស្នូលអចិន្ត្រៃយ៍សម្រាប់អភិរក្សសត្វផ្សោត និងត្រីមួយចំនួនដែលជិតផុតពូជ ឱ្យបាន​ឆាប់ ខណៈដែលមានសត្វផ្សោតមួយចំនួនបានស្លាប់ជាបន្តបន្ទាប់ដោយសារជាប់​មងអ្នក​នេសាទគួរឱ្យសោកស្តាយនោះ។

    ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោម​ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានតម្លៃ​ប្រមាណជាង១១៤លានដុល្លារអាម៉េរិក នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅឃុំបុស​លាវ ស្រុកចិត្របុរី ខេត្តក្រចេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមានប្រសាសន៍​ណែ​នាំ​ឱ្យអភិ​បាល​ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលទាក់ទងជាមួយនឹងបញ្ហាតំបន់​អភិរក្ស​សត្វផ្សោត ត្រូវតែទទួលខុសត្រូវ ដោយមិនត្រូវពឹងផ្អែកទៅលើតែក្រសួង​កសិកម្ម​ទេ ហើយតំបន់ដែលមានសត្វផ្សោតនេះត្រូវតែការពារ ព្រោះកាលពីប៉ុន្មាន​សប្ដាហ៍មុន​មានសត្វផ្សោតងាប់ដោយសារតែជាប់មង។ សម្ដេចតេជោបានស្នើឱ្យយកចិត្តទុក​ដាក់​តំបន់​​នេះ ត្រូវតែជាតំបន់អភិរក្សពេញទី ដោយគ្មានការលើកលែងទេ។

    សម្ដេចតេជោលើក​ឡើងថា៖ «យើងអាចលើកលែងខ្លះនៅតំបន់ទន្លេសាប ដោយសារប្រជាជនរស់នៅទីនោះ​យូរហើយ យើងកាត់ឆ្វៀលដីជូនពួកគាត់។ ក៏ប៉ុន្តែសម្រាប់ទន្លេមេគង្គ ដែលសំបូរទៅដោយ​សត្វផ្សោត និងត្រីមួយចំនួនដែលជិតផុតពូជ ត្រូវតែមានការរៀបរយឱ្យបានល្អ។ ដូច្នេះ ក្រសួងកសិកម្ម និងអាជ្ញាធរខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ត្រូវរៀចំធ្វើយ៉ាណា សត្វ​ផ្សោតទាំងនេះមិនត្រូវបានជាប់មង ឬការរំខានណាមួយដល់សត្វផ្សោតទាំងនោះទេ»។

    សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា ត្រូវរៀបចំតំបន់នេះជាតំបន់ស្នូលអចិន្ត្រៃយ៍​សម្រាប់​សត្វផ្សោត ដោយធ្វើការកំណត់គំនូសសញ្ញា ឬដោយទម្លាក់ពោងនៅតំបន់ទាំងនោះ ដើម្បី​ឱ្យ​ប្រជាជនបានដឹង ដោយហាមមិនឱ្យចេញ-ចូល និងធ្វើនេសាទអ្វីទាំងអស់ ជាដាច់ខាត តែម្ដង ដែលវាអាចនាំទៅដល់ការផុតពូជសត្វផ្សោត និងត្រីមួយចំនួននោះ។ សម្ដេចតេជោ បានថ្លែងរម្លឹកក្រសួងកសិកម្ម អាជ្ញាធរខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ត្រូវយកចិត្តទុកដាក់ និងការអភិរក្សសត្វផ្សោត និងត្រីមួយជិតផុតពូជមួយចំនួន ដើម្បីប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ ហើយប្រជាពលរដ្ឋនៅតំបន់នេះ នឹងបានទទួលផលប្រយោជន៍ ពី ទេសចរណ៍សម្រាប់ជីវភាពរស់នៅ។

    សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានអះអាងថា ដូច្នេះតំបន់ចាប់ពីព្រំដែនឡាវរហូតមក​ដល់​ខេត្តក្រចេះ ត្រូវតែជាតំបន់ប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានដិតដល់បំផុត ទៅ​លើ​ការការពារនៅក្នុងតំបន់នេះ។ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលសង្ឃឹមថា បងប្អូន​ប្រ​ជា​ពលរដ្ឋ នឹងចូលរួមអភិរក្សសត្វផ្សោត និងត្រីមួយចំនួនដែលជិតផុតពូជ ដោយយមិនត្រូវ​ធ្វើការនេសាទនៅតំបន់ដែលមានការហាមឃាត់នោះទេ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: