សិល្បៈ January 3, 2023

តារាល្បីរបស់ Marvel លោក Jeremy Renner រងរបួសធ្ងន់ធ្ងរត្រូវវះកាត់ ក្រោយជួបឧបទ្ទវហេតុ អំឡុងពេលកាយព្រិលទឹកកកនៅផ្ទះ

Khmerpress

(បរទេស)៖ តារាសម្ដែង Jeremy Renner (តួ Hawkeye របស់ Marvel) ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យតាមជើងហោះហើរមួយ នៅព្រឹកច័ន្ទសប្តាហ៍នេះ បន្ទាប់ពីបានជួបឧបទ្ទវហេតុ រងរបួសធ្ងន់ធ្ងរពេលកំពុងកាយព្រិលទឹកកកនៅផ្ទះរបស់លោក។ តែយ៉ាងណា ព័ត៌មានបន្ថែមបានរាយការណ៍ថា តារារូបនេះត្រូវវះកាត់ម្តងជាពីរដង ដើម្បីព្យាបាលរបួសនៅនឹងទ្រូងរបស់លោក។ នេះបើតាមការចេញផ្សាយ របស់សារ​ព័ត៌មាន CNN នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។

អ្នកនាំពាក្យរបស់តារាសម្តែងរូបនេះ បាននិយាយថា Renner បានទទួលការវះកាត់កាលពីថ្ងៃច័ន្ទ ហើយបច្ចុប្បន្នស្ថិតក្នុងបន្ទប់ថែទាំ ក្នុងស្ថានភាពធ្ងន់ធ្ងរ…។ បន្ថែមពីនេះ ប្រភពជិតស្និទ្ធនឹងតារាសម្តែងបានប្រាប់ CNN ថា រហូតមកដល់ពេលនេះ តារាសម្តែងតួអង្គ Hawkeye រូបនេះ បានទាមទារឲ្យមានការវះកាត់លើកទី២ ដើម្បីព្យាបាលរបួស ត្បិតថាលោកមានរបួសធំ។

លោក Sam Mast បានប្រាប់ CNN នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គិតត្រឹមពេលនេះ យើងអាចបញ្ជាក់បានថា Jeremy ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែមានស្ថេរភាពជាមួយនឹងរបួសដែលមាន បន្ទាប់ពីបានជួបឧបទ្ទវហេតុទាក់ទងនឹងអាកាសធាតុ ខណៈកំពុងភ្ជួរព្រិលកាលពីថ្ងៃច័ន្ទ។ បច្ចុប្បន្នគ្រួសាររបស់តារាសម្តែងរូបនេះ នៅមើលថែលោក ហើយលោកក៏កំពុងទទួលបានការថែទាំយ៉ាងល្អផងដែរ។

គួរជម្រាបថា តារាសម្តែងប្រុស Renner ត្រូវបានគេដឹងថា បានសម្តែងនៅ Paramount+ រឿង «Mayor of Kingstown» និងបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ត Marvel Cinematic Universe ជាច្រើនក្នុងតួនាទីជា Hawkeye៕ ផ្តល់សិទ្ធិដោយ៖ freshnews