ព័ត៌មានជាតិ May 22, 2021

មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំមន្ដ្រីទាំងអស់យកសំណាករកជំងឺកូវីដ១៩ ក្រោយបំពេញការងារនៅតំបន់ប្រឈមនាពេលកន្លងមក, លទ្ធផលអវិជ្ជមានទាំងអស់

Khmerpress

(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំមេបញ្ជាការរង និងមន្ដ្រីអាវុធហត្ថទាំងអស់ទូទាំងខេត្តស្ទឹងត្រែង ចូលរួមយកសំណាកដោយស្ម័គ្រចិត្ត ដើម្បីពិនិត្យរកជំងឺកូវីដ១៩ ក្រោយបំពេញការងារនៅតំបន់ប្រឈមនាពេលកន្លងមក។

ការចូលរួមយកសំណាកនេះ ធ្វើឡើងដោយអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណបញ្ជាការឯកភាពខេត្ត ព្រមទាំងមានកិច្ចសហការល្អរវាងមន្ទីរសុខាភិបាលខេត្តផងដែរ។

ជាលទ្ធផលនៃការយកសំណាកនេះ ទាំងលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី និងមន្ដ្រីអាវុធហត្ថទាំងអស់ បង្ហាញថា «អវិជ្ជមាន» ជំងឺកូវីដ១៩។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបន្ដដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ដ្រីអាវុធហត្ថទាំងអស់ បើទោះបីអវិជ្ជមានជំងឹកូវីដ១៩ ប៉ុន្ដែមិនត្រូវធ្វេសប្រហែសនោះទេ ពោលត្រូវបន្ដអនុវត្តនូវវិធានការពាររបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គឺ «៣ការពារ និង៣កុំ» ឲ្យបានល្អបំផុត ដើម្បីយកឈ្នះលើជំងឺកូវីដ១៩។

សូមជម្រាបថា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទាំងពីដើម រហូតមកដល់ពេលបច្ចុប្បន្ននេះ អាវុធហត្ថខេត្តស្ទឹងត្រែង បានចូលរួមយ៉ាងសកម្មជាមួយកងកម្លាំងប្រដាប់អាវុធផ្សេងទៀត និងមន្ដ្រីសុខាភិបាល ដើម្បីផ្សព្វផ្សាយ អប់រំ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ក្រោមការចង្អុលបង្ហាញរបស់អភិបាលខេត្ត។ កាលពីពេលថ្មីៗនេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានដឹកនាំថ្នាក់ដឹកនាំអាវុធហត្ថលើផ្ទៃប្រទេស ចូលរួមយកសំណាកដើម្បីពិនិត្យរកជំងឺកូវីដ១៩ផងដែរ ហើយបន្ទាប់មកនេះ គឺបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលជាអង្គភាពអនុវត្តបន្ដ មុនបណ្ដាខេត្តផ្សេងៗ៕ ផ្តល់សិទ្ធិដោយ៖ freshnews