ព័ត៌មានជាតិ

បុគ្គលដែលបង្ហោះវីដេអូប្រឌិតរឿងពាក់ព័ន្ធវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ តាមបណ្តាញសង្គម TikTok ត្រូវតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

BY
Khmerpress
April 10, 2021
បុគ្គលដែលបង្ហោះវីដេអូប្រឌិតរឿងពាក់ព័ន្ធវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ តាមបណ្តាញសង្គម TikTok ត្រូវតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

(កំពងស្ពឺ)៖ បុគ្គលម្នាក់ដែលថតវីដេអូបង្ហោះនៅលើបណ្ដាញសង្គម TikTok ប្រឌិតរឿងពាក់ព័ន្ធវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ត្រូវតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ។

យោងតាមដីកាឃុំខ្លួនរបស់លោក ថៃ គឹមនី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចោទប្រកាន់ជននេះពីបទ «រារាំងដល់ការអនុវត្តវិធានការ និងបទញុះញង់ឲ្យមានការរើសអើង»

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា បុគ្គលមានឈ្មោះ ប៉ាន់ សុភី អាយុ២៨ឆ្នាំ រស់នៅស្ថិតក្នុងភូមិភ្នំតូច ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបាចាប់ខ្លួនកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ក្រោមការអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

បើតាមលោកឧត្តមសេនីយ៍ទោ សម សាមួន ក្រោយទទួលបានបទបញ្ជាភ្លាម កម្លាំងផែនសន្ដិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបុគ្គលដែលបំពុលព័ត៌មាននៅតមបណ្ដាញសង្គមមួយនេះ។

គួរជម្រាបថា បុគ្គលរូបនេះ បានថតវីដេអូហើយបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok ប្រឌិតព័ត៌មានថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ចិន ដែលកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺមានភាពមិនច្បាស់លាស់។ ការប្រឌិតព័ត៌មាននេះ គឺមានចេតនាញុះញង់ និងធ្វើឲ្យការយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋ។

ជននេះមិនមែនជាបុគ្គលទី១ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននោះទេ ពោលកន្លែងមកកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនមនុស្សប៉ុន្មាននាក់រួចមកហើយ ដែលបានប្រឌិតព័ត៌មាន មានចេតនាញុះញង់ពាក់ព័ន្ធជាមួយដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: