ព័ត៌មានជាតិ May 22, 2021

អភិបាលរាជធានីភ្នំពេញ៖ ផ្សាររដ្ឋ ឬផ្សាររៀបរយ នឹងដាក់ឲ្យដំណើរការឡើងវិញ តែផ្សារមិនរៀបរយមិនមានការគ្រប់គ្រងច្បាស់លាស់ មិនអនុញ្ញាតឲ្យបើកដំណើរការនៅឡើយទេ

Khmerpress

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នឹងបើកឲ្យដំណើរការឡើងវិញចំពោះផ្សាររដ្ឋ និងផ្សាររៀបរយ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការដាក់ឲ្យដំណើរការឡើងវិញ សំរាប់តែផ្សាររដ្ឋ ឬផ្សាររៀបរយប៉ុណ្ណោះ ហើយសម្រាប់ផ្សារមិនរៀបរយមិនមានការ គ្រប់គ្រងច្បាស់លាស់ មិនអនុញ្ញាតឲ្យបើកទេ។

នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ អភិបាលរាជធានីភ្នំពេញ បានពិភាក្សាលើសេចក្តីសំរេចស្តីពីការបិទបញ្ចប់បម្រាមគោចរ និងការអនុញ្ញាតជាគោលការណ៍ពិសេស ចំពោះអាជីវកម្មដ្ឋានក្នុងតំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញ។

លោកអភិបាល បានណែនាំឲ្យគណៈកម្មការគ្រប់គ្រងផ្សារទូទាំងរាជធានីភ្នំពេញ ត្រូវដាក់ម៉ាស៊ីនវ៉ាស់កំដៅ បាញ់អាលកុល ពាក់ម៉ាស់ និងត្រូវដាក់មេក្រូបំពងសំឡេងតាមមាត់ច្រកចេញចូលផ្សារ និងផ្សព្វផ្សាយសារអប់រំ ពីការការពារការឆ្លងរាលដាលដ៏សាហាវនៃជំងឺកូវីដ១៩។ ពាក់ព័ន្ធនឹងការបើកផ្សារលក់ដូរឡើងវិញនេះ សំរាប់តែផ្សាររៀបរយតែប៉ុណ្ណោះ។ ចំណែកផ្សារមិនរៀបរយ មានរូបភាពរញ៉េរញ៉ៃគ្មានអនាម័យ មិនទាន់អនុញ្ញាតឲ្យបើកលក់ទេ ព្រោះស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ នៅតែរាលដាលនៅឡើយ។ តែរដ្ឋបាលរាជធានីភ្នំពេញ នឹងដកពិសោធន៍វាយតម្លៃ ពិចារណាលើការបន្តបើកផ្សារមិនរៀបរយនៅដំណាក់កាលក្រោយទៀត។

នៅក្នុងកិច្ចប្រជុំនោះលោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា សកម្មភាពដែលត្រូវបានបើកដំណើរការឡើងវិញ គឺត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ពិសេសអនុវត្តវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន។ លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា «ការបិទខ្ទប់ធ្វើឲ្យយើងលំបាកខ្លះ តែការលំបាកខ្លះ និងស្លាប់តើយើងជ្រើសរើសយកមួយណា?»។

អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានចេញសេចក្ដីសម្រេចបិទបញ្ចប់បំរាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេស ចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង «តំបន់លឿង» នៃភូមិសាស្ដ្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះតទៅ។ ប្រការ១ នៃសេចក្ដីសម្រេចនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖

«ត្រូវបានបិទបញ្ចប់បម្រាមគោចរ និងអនុញ្ញាតគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង តំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១តទៅ ដូចខាងក្រោម៖

* ទី១៖ បិទបញ្ចប់បម្រាមគោចរនៅក្នុង «តំបន់លឿង» ដែលមុននេះបានហាមឃាត់ជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង២០ (ម្ភៃ) ដល់ម៉ោង៣ (បី)។

* ទី២៖ គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតីនិងអាចទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញ។

* ទី៣៖ បិទបញ្ចប់ការផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ»៕ ផ្តល់សិទ្ធិដោយ៖ freshnews