Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ដ្រីនគរបាលប្រឆាំងគ្រឿងញៀនមួយក្រុម ត្រូវរងពិន័យពីអង្គភាព ក្រោយចុះអនុវត្ដការងារ ល្មើសវិន័យវិជ្ជាជីវៈ នៅក្នុងខណ្ឌពោធិ៍សែនជ័យ

    BY Khmerpress January 12, 2023
    មន្ដ្រីនគរបាលប្រឆាំងគ្រឿងញៀនមួយក្រុម ត្រូវរងពិន័យពីអង្គភាព ក្រោយចុះអនុវត្ដការងារ ល្មើសវិន័យវិជ្ជាជីវៈ នៅក្នុងខណ្ឌពោធិ៍សែនជ័យ

    (ភ្នំពេញ)៖ មន្ត្រីនគរបាលនៅការិយាល័យទី២ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមួយក្រុម ត្រូវបានទទួលរងនូវការពិន័យពីអង្គភាព ក្រោយចុះអនុវត្ដការងារ ល្មើសវិន័យវិជ្ជាជីវៈ និងបានប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលបានផ្ទុះការរិះគន់ ពេញបណ្ដាញសង្គម Tik Tok។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

    មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានផ្សព្វផ្សាយ ពីគណនី Tik Tok ឈ្មោះ សុជាតា ស្ដីពីបាតុភាព នៅភូមិតាងួន២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកចិត្តទុកដាក់ ហើយបានចេញបទបញ្ជាស្រាវជ្រាវករណីនេះជាបន្ទាន់។

    មន្ទីរប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវហើយរកឃើញថា មន្ត្រីការិយាល័យទី២ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនមួយក្រុម បានចុះទៅអនុវត្តន៍វិធានញុះញង់ ស្របតាមនីតិវិធីច្បាប់ ដោយបានរាយការណ៍ ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំពីសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង រាជធានីភ្នំពេញ។ ប៉ុន្តែក្នុងការចុះអនុវត្តន៍ការងារ ក្រុមនេះបានប្រព្រឹត្តល្មើសវិន័យ វិជ្ជាជីវៈ និងបានប៉ះពាល់ដល់ប្រជាពលរដ្ឋ។

    ហេតុនេះ ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្នាននគរបាលជាតិ សម្រេច៖

    ១៖ ដាក់វិន័យដោយបញ្ជូន ទៅអង្គភាពតម្រួតបទបញ្ជា ដើម្បីពិចារណាកំហុស។
    ២៖ ក្រុមប្រឹក្សាវិន័យ នឹងពិនិត្យស្នើសុំដាក់វិន័យ ជាក់ស្ដែងបន្ថែមទៀត។

    មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែងអំណរគុណ​ ចំពោះកិច្ចសហការពីគ្រប់មជ្ឈដ្ឋាន ក៏ដូចជាមតិរិះគន់ស្ថាបនាពីគ្រប់បណ្ដាញ ផ្សព្វផ្សាយព័ត៌មាន ដែលកន្លងមកបានផ្ដល់ព័ត៌មាន ទាន់ពេលវេលាចូលរួម ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពសង្គម និងចូលរួមសំអិតសំអាង ដល់មន្ត្រីរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ត្រៀមជាស្រេចរង់ចាំទទួលព័ត៌មាន និងកិច្ចសហការបន្តទៅទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: