Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅឆ្នាំ២០២២

    BY Khmerpress January 13, 2023
    កម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅឆ្នាំ២០២២

    (ភ្នំពេញ)៖ នៅឆ្នាំ២០២២ កម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

    បរិមាណនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅឆ្នាំ២០២២ មានការកើនឡើង ប៉ុន្ដែចំណូលថយចុះ ដោយសារតម្លៃលក់ជ័រកៅស៊ូធ្លាក់ចុះប្រមាណ ២២៥ដុល្លារក្នុង១តោន បើធៀបនឹងឆ្នាំ២០២១។

    របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៥៣១,៨៦៣,៨៤២ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧,៧៧៤,៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤,០៨៩,២៧៣ដុល្លារ។

    ចំពោះបរិមាណ នៃការនាំចេញនៅឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ៣៧២,៩០០តោន បានកើនឡើងចំនួន ៦,៦០០តោន ស្មើនឹង២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ២៦,៤៨៩ម៉ែត្រគូប។

    បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់ថា សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម នៅឆ្នាំ២០២២ ថ្លៃ ១,៤១៥ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន២២៥ដុល្លារ ក្នុងមួយតោន ស្មើនឹង១៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

    គិតត្រឹមឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥,៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។

    គូសបញ្ជាក់ថា ឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន ៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៦,២៩២ ម៉ែត្រគូប៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: