ជូនដំណឹង! ទឹកស្ទឹងព្រែកត្នោតហូរខ្លាំង បណ្ដាលឱ្យបាក់ស្ពានឈើមួយកន្លែង នៅសង្កាត់តាក្ដុល ក្រុងតាខ្មៅ
(កណ្ដាល)៖ ដោយសារភ្លៀងជាប់ៗគ្នា ធ្វើឱ្យទឹកស្ទឹងព្រែកត្នោតហក់ឡើង និងហូរខ្លាំងបណ្ដាលឱ្យស្ពានឈើមួយកន្លែងឈ្មោះ បត្តាជី ស្ថិតនៅភូមិបត្តាជី សង្កាត់តាក្ដុល ក្រុងតាខ្មៅ បានបាក់រលំទាំងស្រុងហូរតាមស្ទឹងព្រែកត្នោត និងបង្កឱ្យច្រាំងនៅម្ដុំអ្នកតាចិនហុងជឺ ចូលស្ទឹងផងដែរ។
ភ្លាមៗអាជ្ញាធរខេត្តកណ្ដាល ដឹកនាំដោយលោក ឌឹម បូរ៉ា អភិបាលរងខេត្ត តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានការណ៍។
នាឱកាសចុះពិនិត្យនាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ លោក ឌឹម បូរ៉ា បានថ្លែងថា ដោយសារតែភ្លៀងធ្លាក់ប៉ុន្មានថ្ងៃមកនេះបណ្ដាលឱ្យទឹកហក់ឡើងលឿន ហើយបានហូរដាច់ច្រោះច្រាំងស្ទឹង និងបណ្ដាលឱ្យស្ពានបត្តាជី ដែលជាស្ពានឈើ បានរលំបាក់ទាំងស្រុង ទើបក្រុមការងារចុះមកពិនិត្យមើលស្ថានការណ៍ និងរាយការណ៍ទៅថ្នាក់លើ។
សូមជម្រាបថា ប្រជាពលរដ្ឋនៅភូមិបត្តាជី សង្កាត់តាក្ដុល តែងតែប្រើប្រាស់ស្ពានបត្តាជីនេះជារៀងរាល់ថ្ងៃ ដោយថ្មើរជើង ពោលគឺស្ពាននេះ ជាប្រភេទស្ពានឈើ និងមានសភាពទ្រុឌទ្រោមខ្លាំងណាស់ ដោយឆ្លងបានតែអ្នកថ្មើរជើងប៉ុណ្ណោះ ហើយស្ពានមានអាយុកាលជាង១០ឆ្នាំមកហើយ ប្រជាពលរដ្ឋបានស្នើរសុំអាជ្ញាធរខេត្តកណ្ដាល មេត្តាជួយសាងសង់ស្ពានមួយទៀតផង។
ជុំវិញករណីនេះ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានថ្លែងថា ស្ពាននេះ ត្រូវបានដាក់ស្នើសាងសង់ថ្មីជាប្រភេទស្ពានបេតុងជាយូរមកហើយ ហើយក៏បានដាក់ស្លាកហាមឃាត់ការឆ្លងកាត់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews













