Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ស្នើប្រតិភូសាធារណរដ្ឋកូរ៉េជួយធ្វើការផ្សព្វផ្សាយ ជំរុញឱ្យអ្នកវិនិយោគកូរ៉េ សម្លឹងមកកម្ពុជា

    BY Khmerpress January 14, 2023
    សម្ដេចតេជោ ហ៊ុន សែន ស្នើប្រតិភូសាធារណរដ្ឋកូរ៉េជួយធ្វើការផ្សព្វផ្សាយ ជំរុញឱ្យអ្នកវិនិយោគកូរ៉េ សម្លឹងមកកម្ពុជា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យឯកឧត្ដម OH Myung អតីតឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ និងប្រតិភូឧស្សាហកម្មកូរ៉េ ជួយធ្វើការផ្សព្វផ្សាយស្នើឱ្យអ្នកវិនិយោគកូរ៉េសម្លឹងមកកម្ពុជា ដើម្បីធ្វើការវិនិយោគ។

    ឯកត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម OH Myung អតីតឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ និងប្រតិភូឧស្សាហកម្មកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាកាងារ នាព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ នៅវិមាន សន្តិភាព។ ក្នុងជំនួបនោះ ឯកឧត្ដម OH បានជម្រាបជូនសម្ដេចតេជោថា ឯកឧត្ដមបានមកព្រះរាជាណាចក្រកម្ពុជាកាលពី១០ឆ្នាំមុន នៅពេលនេះឯកឧត្ដមបានសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សជាទីបំផុត។

    ជាមួយគ្នានេះដែរឯកឧត្ដម OH ក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្ដមបានសង្កេតឃើញ កម្ពុជាមានភាពអនុគ្រោះខ្លាំងណាស់សម្រាប់ការវិនិយោគមកពីកូរ៉េ នោះគឺកិម្ពុជានិងកូរ៉េមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកម្ពុជាមិនមានគ្រោះមហន្តរាយដោយគ្រោះធម្មជាតិនោះទេ។ អ្វីដែលកម្ពុជាខ្វះខាតនោះ គឺអ្នកវិនិយោគកូរ៉េមិនទាន់មានការយល់ដឹងច្បាស់អំពីស្ថានភាពវិនិយោគនៅកម្ពុជា។

    ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ ឯកឧត្ដម OH Myung ដែលបានវាយតម្លៃអំពីស្ថានភាពនៅកម្ពុជា។ សម្ដេចតេជោបានជម្រាជូនឯកឧត្ដម OH និងប្រតិភូថា ជាការពិតណាស់កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងមិនមានគ្រោះធម្មជាតិ ដូចជា រញ្ជួយផែនដី ផ្ទុះភ្នំភ្លើង ឬខ្យល់ព្យុះនោះទេ អ្វីដែលឯកឧត្ដម OH បានលើកឡើងគឺជាការពិត កម្ពុជាមានស្ថានភាពអំណោយផល។

    សម្ដេចតេជោបាន ស្នើឱ្យឯកឧត្ដម OH និងប្រតិភូ ជួយធ្វើការផ្សព្វផ្សាយសុំឱ្យអ្នកវិនិយោគកូរ៉េសម្លឹងមកកម្ពុជា ព្រោះបន្ថែមលើកត្តាអំណោយផលដូចបានជម្រាបជូនខាងលើនោះ កម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងក្របខ័ណ្ឌអាសិប។ ជាមួយគ្នានេះ កម្ពុជាអនុញ្ញាតឱ្យជនជាតិកូរ៉េជាម្ចាស់ក្រុមហ៊ុន១០០ភាគរយ ដោយមិនតម្រូវឱ្យមានភាគហ៊ុនក្នុងស្រុកនោះទេ។ កម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុនទាំងអស់ប្រើប្រាស់រូបិយប័ណ្ណបរទេស នោះគឺអនុញ្ញាតឱ្យប្រើប្រាស់ដុល្លារ សម្រាប់បើកប្រាក់ខែឱ្យពលករ ដោយមិនតម្រូវឱ្យមានការទីប្ដូរប្រាក់នៅធនាគារឡើយ។

    ជាមួយគ្នានេះដែរ កម្ពុជាក៏មានវត្ថុធាតុដើម ដូចជា ស្វាយចន្ទី ស្រូវ កៅស៊ូ ដំឡូង និងកម្លាំងពលកម្មវ័យក្មេងជាច្រើនផងដែរ។ ក្នុងន័យនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យឯកឧត្ដម OH និងប្រតិភូ ជួយជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ វិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់មកកិម្ពុជាផងដែរ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: