ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ​ណែនាំឱ្យអាជ្ញាធរ​បន្ថែម​កម្លាំង​ទប់ទឹក​​តាម​សណ្តរស្ទឹង​ព្រែក​ត្នោត​ និង​តម្រូវ​ឱ្យ​ផ្អាក​ការធ្វើចរាចរណ៍សម្រាប់រថយន្តធំៗលើផ្លូវលេខ២០អា

BY
Khmerpress
January 16, 2023
អភិបាលរាជធានីភ្នំពេញ ​ណែនាំឱ្យអាជ្ញាធរ​បន្ថែម​កម្លាំង​ទប់ទឹក​​តាម​សណ្តរស្ទឹង​ព្រែក​ត្នោត​ និង​តម្រូវ​ឱ្យ​ផ្អាក​ការធ្វើចរាចរណ៍សម្រាប់រថយន្តធំៗលើផ្លូវលេខ២០អា

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា កំណាត់ផ្លូវលេខ២០អា ត្រូវបានអាជ្ញាធររាជធានីភ្នំពេញសម្រេចបិតជាបណ្តោះអាសន្ន មិនឱ្យរថយន្តធំៗធ្វើចរាចរណ៍ឆ្លងកាត់នោះទេ ខណៈកម្រិតទឹកស្ទឹងព្រែកត្នោបាន​ហក់​ឡើង​បណ្ដាលឱ្យជន់លិចលំនៅឋានប្រជាពលរដ្ឋ ដែលចំនួនធំបានទទួលរងលិចលង់ រហូតត្រូវចាកចេញមករកទីទួលសុវត្ថិភាព និងប្រក់តង់ស្នាក់នៅជាបណ្ដោះអាសន្ន។

ឯកឧត្ដម ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ កាលពីរសៀល​ថ្ងៃ​ទី​១៥​ ខែ​មករា ​ឆ្នាំ​២០២៣ បានបាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​នៅ​តាមទីតាំង​ដែល​ទឹក​ជំនន់ទឹកភ្លៀងបានហូរចូលលំនៅឋានបងប្អូនប្រជាពលរដ្ឋក្នុង​ខណ្ឌ​ដង្កោ​។

ឯកឧត្ដម​ ឃួង​ ស្រេង​ បានណែនាំឱ្យ​បន្ថែម​កម្លាំង​ទប់ទឹក​នៅ​តាម​សណ្តរ​ស្ទឹង​ព្រែក​ត្នោត​និង​តម្រូវ​ឱ្យ​ផ្អាក​ការធ្វើចរាចរណ៍​បណ្តោះអាសន្តរថយន្តធំៗផ្លូវ​ខាងមុខ​សាលា​សង្កាត់​​គងនយ។ ជាមួយគ្នានេះ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ​ក៏បានណែនាំឱ្យមន្រ្តី​ក្រសួង​ធន​ធានទឹកនិងឧតុនិយម ព្រមទាំងអាជ្ញាធរខណ្ឌដង្កោ កងកម្លាំនគរបាលខណ្ឌ កងរាជ​អាវុធហត្ថខណ្ឌ ព្រមទាំងកងកម្លាំងប្រដាប់អាវុធនានាបានប្រចាំការតាមដានស្ថាន​ភាព​ទឹក​ជាប់ជាប្រចាំ។ ទន្ទឹមនេះ អាជ្ញាធរ និងប្រជាពលរដ្ឋបានច្រកដីខ្សាច់ទប់ទឹក​ដែលកំពុង​ហៀរ​ចេញពីស្ទឹងមកលើផ្លូវប្របមាត់ស្ទឹង ហើយការទប់ទឹកនេះ ដើម្បីកុំឱ្យទឹកហូរ កាត់​ផ្ដាច់ផ្លូវនៅតំបន់សណ្ដរស្ទឹង និងគំរាមកំហែងដល់ផ្លូវទំនប់សណ្ដរស្ទឹង​ផងដែរ។

លោក​ ម៉ៅ​ ប៊ុន​ធឿន​ ប្រធាន​មន្ទីរ​ធនធាន​ទឹក​ និង​ឧតុនិយម​រាជធានីភ្នំពេញ​បាន​ឱ្យដឹងថា​ ស្ថានភាព​ជំនន់​នៅខេត្ដ​កំពង់​ស្ពឺ​បាន​ស្រកហើយ​ ដូច្នេះ ​រាជធានីភ្នំពេញ​ អាច​ស្រក​នៅល្ងាចនេះ ​ឬស្អែក​ ដែលទឹកមិនអាច​គម្រាម​កំហែង​រាជធានីភ្នំពេញ​បានឡើយ។

​ ឯកឧត្ដម ឃួង​ ស្រេង​ បានណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​ ខិតខំ​យកចិត្ត​ទុកដាក់​ និង​តាម​ដានឱ្យ​បាន​ជាប់​ជា​ប្រចាំ​ ជាពិសេស​ត្រូវ​បន្ថែម​កម្លាំង ​រួមជាមួយបាវ​ និង​ខ្សាច់​ សម្រុកទប់​ដើម្បីកុំឱ្យមានទឹកហូរចេញ ព្រោះ​ថា​ បើទប់យប់នេះបាន​ ​នឹងមិនមានការលិចលង់ឡើយ ដោយ​ហេតុ​ថា​ ជំនន់​ទឹក​ភ្លៀង​នៅ​ខេត្ដកំពង់​ស្ពឺ​បានចាប់ផ្តើមស្រកហើយ។ ឯកឧត្ដមក៏បាន​ជំរុញ​ឱ្យអាជ្ញាធរ និងសមត្ថកិច្ចជំនាញ​ សហការ​ជាមួយអាជ្ញាធរ​ខេត្ត​កណ្ដាល​ ឱ្យ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​ឡានធំនៅផ្លូវលេខ២០អា ឬផ្លូវមុខសាលាសង្កាត់គងនយ​ជាបណ្តោះអាសន្ន។

សូមជម្រាបជូនថា ទឹកបានចាប់ផ្ដើមឡើងខ្លាំងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែមិនបានឡើងពេញប្រៀបស្ទឹងភ្លាមៗនោះឡើយ ប៉ុន្ដែរហូតមកដល់វេលាយប់រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែឡើងយ៉ាងគំហុកពេញច្រាំង​និងហៀរ​ចូល​លិចលំនៅឋានប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស។ គ្រោះធម្មជាតិនេះបានធ្វើឱ្យផ្ទះ​ប្រជាពល​រដ្ឋ ជាង១ពាន់ខ្នង ដែលមាន២៥ ភូមិ​ ស្មើនឹង១០សង្កាត់​ នៅក្នុងខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវចាកចេញឡើងគោករកកន្លែងសុវត្ថិភាព៕ ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: