ព័ត៌មានអន្តរជាតិ January 17, 2023

បុគ្គលិកស្មោះត្រង់ ធ្វើការនៅក្រុមហ៊ុន១០ឆ្នាំ ត្រូវថៅកែផ្តល់រង្វាន់ជារថយន្តតម្លៃជិត១ម៉ឺនដុល្លារ និងតម្លើងតំណែងថែមទៀតផង

Naren

(ម៉ាឡេស៊ី)៖ ថៅកែម៉ាឡេស៊ីម្នាក់បានសម្រេចចិត្តផ្តល់រង្វាន់ដល់បុគ្គលិកស្មោះត្រង់របស់ខ្លួនម្នាក់ ជាជនជាតិឥណ្ឌូនេស៊ី ជាមួយនឹងរថយន្ត Proton Saga ដែលមានតម្លៃប្រហែល ៨,០០០-១០,០០០ ដុល្លារអាម៉េរិក។ លោក Xu Hui Xing គឺជាម្ចាស់ក្រុមហ៊ុនកាត់ដេរមួយនៅ ប្រទេសម៉ាឡេស៊ី ខណៈដែលកម្មករម្នាក់ឈ្មោះ Yanto បានធ្វើការឱ្យក្រុមហ៊ុនកាត់ដេរនេះអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ នេះបើយោងតាមសារព័ត៌មាន Sin Chew Daily ។

ដើម្បីជាការភ្ញាក់ផ្អើល នៅថ្ងៃទី១១ ខែមករា លោក Xu ជាថៅកែ បានសុំឱ្យ Yanto ជាបុគ្គលិក ទៅហាងលក់រថយន្ត ដើម្បីជួបអតិថិជន បន្ទាប់មកពេលទៅដល់ Yanto បានឃើញរថយន្ត Proton Saga តុបតែងជាមួយនឹងបូពណ៌ក្រហមដ៏ធំមួយ ទើបដឹងថារថយន្តនេះជាកាដូដែរថៅកែខ្លួនបានផ្តល់ជូនគាត់។ ក្រោយពីទទួលអំណោយដ៏ពិសេសនេះ បុរសជាបុគ្គលិក បានសម្តែងការរីករាយ និងអរគុណដល់ថៅកែរបស់ខ្លួន ហើយបានថតរូបឱបមុខរថយន្តទាំងស្នាមញញឹម។

Yanto បានចាប់ផ្តើមធ្វើការឱ្យក្រុមហ៊ុនលោក Xu តាំងពីបង្កើតដំបូង និងបន្តធ្វើការក្នុងអំឡុងពេលជំងឺរាតត្បាត Covid-19 ។ លោក Xu បានអត្ថាធិប្បាយថា Yanto គឺជាបុគ្គលិកឧស្សាហ៍ព្យាយាម និងជាបុគ្គលិកគំរូ។ ក្រៅពីរង្វាន់រថយន្ត Yanto ក៏ត្រូវបានតម្លើងតំណែងជាអ្នកគ្រប់គ្រង និងទទួលបន្ទុកផ្នែកកាត់ដេរផងដែរ៕ ប្រភព៖ Zing