ព័ត៌មានអន្តរជាតិ January 17, 2023

រកចំណូលបានរាប់លានដុល្លារ! តើកីឡាករបាល់ទាត់ Mbappe វ័យ២៤ឆ្នាំ ធ្លាប់បានបរិច្ចាគដល់​សកម្មភាព​សប្បុរសធម៌ណាខ្លះ?

Naren

(បារាំង)៖ ប្រិយមិត្តដែលស្នេហាកីឡាបាល់ទាត់ច្បាស់ជាស្គាល់នូវកីឡាករ Kylian Mbappe វ័យ២៤ឆ្នាំ ដែលជា ខ្សែប្រយុទ្ធសញ្ជាតិបារាំង ដែលបច្ចុប្បន្នកំពុងលេងឱ្យក្លឹប PSG កំពុងមានភាពល្បីល្បាញ និងទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក។ កីឡាកររូបនេះ កំពុងតែកាន់កាប់ទ្រព្យសម្បត្តិរាប់រយលានដុល្លារ ដោយរកប្រាក់បានច្រើនពីបាល់ទាត់ និងការថតផ្សាយពាណិជ្ជកម្ម។

យោងតាមគេហទំព័រ Celebrity Net Worth ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe កំពុងកាន់កាប់ទ្រព្យសម្បត្តិ ចំនួន១៥០លានដុល្លារអាមេរិក ក្នុងចំណោមកីឡាករបាល់ទាត់ដែលមានជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងប្រាក់ចំណូល ពីការលេងឱ្យក្លឹប PSG និងជាមួយក្រុមជម្រើសជាតិបារាំង និងជាពិសេសរកបានមកពីកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយម៉ាកល្បីៗដូចជា Dior, Nike, Hublot, EA Sports ជាដើម។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ នៅឆ្នាំ២០១៨ បន្ទាប់ពីឈ្នះពានរង្វាន់ WORLD CUP ខ្សែប្រយុទ្ធរូបនេះ បរិច្ចាគប្រាក់រង្វាន់នៅក្នុងការប្រកួតនៅឆ្នាំនោះដល់អង្គការសប្បុរសធម៌។ ជាពិសេស Mbappe បានបរិច្ចាគថវិកា ២៥០,០០០ដុល្លារ ដើម្បីគាំទ្រ Premiers de Cordee ដែលជាសមាគមដែលរៀបចំព្រឹត្តិការណ៍កីឡាសម្រាប់កុមារពិការ។ ក្នុងឆ្នាំ២០១៩ គាត់បានបរិច្ចាគ ប្រាក់ចំនួន ៣២,០០០ដុល្លារ ដើម្បីផ្តល់មូលនិធិដល់ការស្វែងរកយន្តហោះដែលបាត់ខ្លួនដែលដឹកខ្សែប្រយុទ្ធ Nantes Emiliano Sala ។ នៅខែមករា ឆ្នាំ២០២០ Mbappe បានចាប់ផ្តើមអង្គការសប្បុរសធម៌មួយដែលបានប្តេជ្ញាចិត្តក្នុងការជួយ និងចិញ្ចឹមកុមារចំនួន៩៨នាក់នៅក្នុងទីក្រុងប៉ារីស។ យោងតាម ​​Goal ក្នុងឆ្នាំ២០២១​ Mbappe ក៏បានបរិច្ចាគទៅមូលនិធិ Abbe Pierre ដែលជាអង្គការសប្បុរសធម៌ដែលជួយជនអនាថានៅក្នុងប្រទេសបារាំង។

បើនិយាយពីជីវិតឯកជន​ Mbappe មានទម្លាប់ធ្វើដំណើរ ដោយប្រើប្រាស់យន្តហោះឯកជនក្នុងដំណើរកម្សាន្តក្រៅប្រទេស។ យន្តហោះ​ឯកជន​របស់​ខ្សែ​ប្រយុទ្ធ​បុរស​ត្រូវ​បាន​ជួល​ជា​ញឹក​ញាប់​ជាប្រភេទ Challenger 350 ដែល​មាន​តម្លៃ ៧០០០ដុល្លារ ​ក្នុង​មួយ​ម៉ោង។ ដូច​កីឡាករ​ផ្សេង​ទៀត​ដែរ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​មាន​ចំណូល​ចិត្ត​លេង​រថយន្ត​ទំនើប។ រថយន្តរបស់ Mbappe រួមមាន Volkswagen Touareg តម្លៃ ១២៨,០០០ដុល្លារ រថយន្ត Mercedes-Benz V Class តម្លៃ ១៤៤,០០០ដុល្លារ បន្ថែមពីលើរថយន្ត Audi, BMW និង Range Roverជាដើម៕

ប្រភព៖ Zing News