Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាលើកទឹកចិត្តវិនិយោគិនម៉ាល់ឌីវ មកបណ្តាក់ទុនលើវិស័យស្រូវអង្ករ

    BY Khmerpress January 18, 2023
    កម្ពុជាលើកទឹកចិត្តវិនិយោគិនម៉ាល់ឌីវ មកបណ្តាក់ទុនលើវិស័យស្រូវអង្ករ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិនម៉ាល់ឌីវ ឲ្យមកវិនិយោគលើវិស័យស្រូវអង្ករនៅកម្ពុជាជាជាងគ្រាន់តែទិញ ដើម្បីគ្រប់គ្រងលើគុណភាព និងតម្លៃ ដោយបញ្ជាក់ថា អង្ករកម្ពុជាមានឈ្មោះល្បី និងជាប់ជាអង្ករល្អបំផុតរបស់ពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយនឹង ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតីម៉ាល់ឌីវ កាលពីថ្ងៃទី១៦ ខែមករា នៅប្រទេសម៉ាលឌីវ។

    ថ្លែងប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ ក្រោយដំណើរមាតុភូមិនិវត្តន៍នៃគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមករា ឯកឧត្តម សុខ ចិន្ដាសោភា អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋម៉ាល់ឌីវ បានឯកភាពពង្រីង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងទេសចរណ៍នៃប្រទេសទាំងពីរ។

    ឯកឧត្តម បានបញ្ជាក់ថា “សម្តេចបានផ្តល់អនុសាសន៍ បើទិញអង្ករ យើងខ្ញុំអរ ប៉ុន្តែបើយកល្អ ធ្វើម៉េចឯកឧត្តម ប្រធានាធិបតី លើកទឹកចិត្តឱ្យមានអ្នកវិនិយោគិនម៉ាល់ឌីវ មកបណ្តាក់ទុនរោងចក្រម៉ាស៊ីនកិនស្រូវ មានទាំងឃ្លាំងស្តុកស្រូវ ប្រមូលទិញស្រូវពីប្រជាកសិករ ធ្វើការកិនស្រូវ វេចខ្ជប់ នឹងលក់ទៅម៉ាល់ឌីវក៏បាន និងប្រទេសផ្សេងទៀតក៏បាន”។

    សូមបញ្ជាក់ថា សហព័ន្ធស្រូវអង្ករកម្ពុជាបង្ហាញរបាយការណ៍ថា កម្ពុជាបាននាំចេញអង្ករចំនួន ៦៣ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិក្នុងឆ្នាំ២០២២ កើនឡើង ៣,២ ភាគរយពីធៀបនឹងពីឆ្នាំ២០២១។ ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករនេះដែរ នៅថ្ងៃនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ទើបតែបានផ្សព្វផ្សាយនូវពូជស្រូវថ្មីមួយប្រភេទទៀត ។ ពូជស្រីថ្មីដែលក្រសួងបានប្រកាសនោះ មានឈ្មោះថា «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប ដែលសម្រេច​បាន​បន្ទាប់​ពី​ធ្វើ​ពិសោធន៍​និង​បង្កាត់អស់​រយៈ​ពេល​៩​ឆ្នាំ​ ដោយ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា (CARDI) តាមរយៈការបង្កាត់រវាងពូជស្រូវផ្ការំដួលជាប្រភេទពូជស្រូវស្រាលប្រកាន់រដូវ ដែលមានគុណភាពល្អប្រណិត ជាមួយនិងស្រឡាយស្រូវ CNI9024 ជាស្រឡាយស្រូវស្រាលមិនប្រកាន់រដូវ មានដងដើមល្អមកពីប្រទេសចិន។

    «ចំប៉ីស៧០» ជាឈ្មោះដែលផ្ដល់ដោយសម្ដេចតេជោ ហ៊ុន សែន នៅចុងឆ្នាំ២០២២ ហើយក្រោយពីនោះមក CARDI បានបញ្ចេញនិងផ្សព្វផ្សាយជូនកសិករ។ ដោយសារតែមានអាយុកាលខ្លី អាចច្រូតកាត់បានក្នុងរយៈពេលពី ៩៣ ទៅ៩៧ថ្ងៃ ក្រោយព្រោះ ឬសាប កសិករអាចដាំដុះពូជស្រូវ «ចំប៉ីស៧០» នេះ នៅដើមរដូវវស្សា (ដំណាំទីមួយនៃរដូវ ឬស្រូវដើមរដូវ) ក្នុងរដូវវស្សា (ដំណាំទី២នៃរដូវ) ចុងរដូវវស្សា ស្រូវប្រដេញទឹក (ដំណាំចន្លោះរដូវវស្សា និងរដូវប្រាំង) និងលក្ខខណ្ឌប្រាំងស្រោចស្រព។ ពូជស្រូវ «ចំប៉ីស៧០» អាចផ្ដល់ផលជាមធ្យម ៤,៣តោន ក្នុង១ហិកតា។ គ្រាប់អង្ករសថ្លា វែងស្រឡូន ដែលមានប្រវែង ៧,៧មីល្លីម៉ែត្រ និងបន្ទា ២,០៦មីល្លីម៉ែត្រ ព្រមទាំងមានក្លិនក្រអូបប្រហើរ ដែលអាចមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្ដរជាតិ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: