ព័ត៌មានអន្តរជាតិ January 18, 2023

បុគ្គលិកនៅ Twitter ត្អូញត្អែរថាការិយាល័យពោរពេញដោយសត្វកន្លាត និងជះក្លិនមិនល្អចេញពីបន្ទប់ទឹក

Naren

បន្ទាប់ពីលោក Elon Musk បានកាត់បន្ថយបុគ្គលិក ការិយាល័យ Twitter ចាប់ផ្តើមមានសត្វកន្លាត ក្លិនមិនល្អចេញពីបន្ទប់ទឹក និងបង្គន់ ដោយសារមិនបានសម្អាតជាច្រើនថ្ងៃ។ យោងតាម ​​Business Insider បុគ្គលិក Twitter នៅការិយាល័យ តំបន់ Chelsea នៃ​សង្កាត់ Manhattan ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្មីៗនេះ បានប្រទះឃើញសត្វកន្លាតនៅបន្ទប់ផ្លាស់សំលៀកបំពាក់ និងបន្ទប់ទឹក។

Twitter បានចាប់ផ្តើមជួលអគារនេះក្នុងឆ្នាំ២០១៥ តាមរយៈ Columbia Property Management ហើយបានជួលជាន់បន្តជាច្រើនដល់ក្រុមហ៊ុនផ្សេងទៀត រួមទាំង Lyft និង Netflix ផងដែរ។ អ្នកនាំពាក្យរបស់ Columbia Property Management និងអ្នកតំណាងរបស់ Twitter បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

ចាប់តាំងពីទទួលបាន Twitter ក្នុងខែតុលា លោក Elon Musk បានកាត់បន្ថយការចំណាយជាបន្តបន្ទាប់ បញ្ឈប់បុគ្គលិកជាងពាក់កណ្តាល និងកាត់កិច្ចសន្យាជាមួយភាគីនានា ទាំងនៅទីក្រុងញូវយ៉ក និងទីស្នាក់ការកណ្តាលនៅសាន់ហ្វ្រាន់ស៊ីស្កូ។ យោងតាម ​​Business Insider បុគ្គលិក Twitter ជាច្រើននៅទីក្រុងញូវយ៉ក ដែលធ្វើការនៅការិយាល័យ ៤០ម៉ោងក្នុងមួយសប្តាហ៍ បាននិយាយថា ពួកគេបានធុំក្លិនមិនល្អចេញពីបន្ទប់ទឹក និងបង្គន់ ដោយសារតែពួកគេមិនបានសម្អាតវាអស់រយៈពេលជាច្រើនថ្ងៃ៕

ប្រភព៖ zingnews