ព័ត៌មានជាតិ January 19, 2023

បុរសម្នាក់លេបថ្នាំទាំងសំបក ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតជួយសង្គ្រោះទាន់

Naren

(ភ្នំពេញ)៖ បុរសម្នាក់ មិនមានការប្រុងប្រយ័ត្នបានលេបថ្នាំទាំងសំបក ប៉ុន្តែសំណាងល្អត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតជួយសង្គ្រោះទាន់។

យោងតាមការបង្ហោះរបស់ ទំព័រហ្វេសប៊ុកផ្លូវការ ផ្នែកជំងឺប្រព័ន្ធរំលាយអាហារ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានឱ្យដឹងថា បុរសម្នាក់ដោយខ្វះការប្រុងប្រយត្ន័បានលេប ថ្នាំទាំងសំបកគាត់បានប្រញាប់មកមន្ទីរពេទ្យភ្លាមៗដើម្បីធ្វើការចាប់យកសំបកថ្នាំនោះចេញ។ គ្រូពេទ្យឯកទេសប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានធ្វើការអន្តរាគមន៍ភ្លាមៗដោយមានការចូលរួមសហការជាមួយគ្រូពេទ្យផ្នែកសន្តំ ដើម្បីធ្វើការឆ្លុះក្រពះជូនអ្នកជំងឺ។

តាមរយៈការឆ្លុះក្រពះបានរកឃើញថ្នាំទាំងសំបកក្នុងបំពង់អាហាររបស់អ្នកជំងឺ គ្រូពេទ្យបានធ្វើការចាប់យកថ្នាំទាំងសំបកនោះចេញបានទាន់ពេលវេលា និង ប្រកបដោយសុវត្ថិភាព។ ប្រភពបានចេញសារដាស់តឿនថា ចំពោះបងប្អូន ជាពិសេសលោកតា លោយយាយដែលមានវ័យជរា មុននឹងទទួលទានថ្នាំពេទ្យ ត្រូវពិនិត្យឲ្យច្បាស់សិនថា អស់សំបកឬនៅ៕