Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឥណ្ឌូនេស៊ី អរគុណកម្ពុជា ដែលបានសម្រេចយកផ្លូវ២ខ្សែ ដាក់ឈ្មោះថ្នាក់ដឹកនាំរបស់ខ្លួន

    BY Khmerpress January 20, 2023
    ឥណ្ឌូនេស៊ី អរគុណកម្ពុជា ដែលបានសម្រេចយកផ្លូវ២ខ្សែ ដាក់ឈ្មោះថ្នាក់ដឹកនាំរបស់ខ្លួន

    (ភ្នំពេញ)៖ លោក ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានសម្រេចយកផ្លូវ២ខ្សែដាក់ឈ្មោះថ្នាក់ដឹកនាំឥណ្ឌូនេស៊ី។

    ការថ្លែងអំណរគុណនេះ បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឲ្យ លោក ស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិការទូតពីកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២០ ខែមករា​ ឆ្នាំ២០២៣នេះ។

    ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី​ បានអបអរសាទរជូនសម្តេចតេជោ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត។ លោកថាជោគជ័យនេះ បានលើកទឹកចិត្តដល់ប្រទេសឥណ្ឌូនេស៊ី ដែលបន្តវេនធ្វើជាប្រធានអាស៊ានឆ្នាំនេះ។ លោកបានអបអរសាទរ និងជូនពរដល់កម្ពុជា ឱ្យបន្តទទួលជោគជ័យក្នុងការរៀបចំស៊ីហ្គេម នៅឆ្នាំ២០២៣នេះផងដែរ។

    នៅក្នុងជំនួប លោកអគ្គរដ្ឋទូត បានអបអរសាទរ និងកោតសរសើរ និងអរគុណរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ឈ្មោះផ្លូវ២នៅកម្ពុជា ដោយយកឈ្មោះថ្នាក់ដឹកនាំឥណ្ឌូនេស៊ី គឺលោកស៊ូកាណូ អតីតប្រធានាធិបតី និងលោក អាលីឡាតាស់ អតីតរដ្ឋមន្ត្រីការបរទេស។ លោកបន្តថា ផ្លូវទាំងពីរនេះ បង្ហាញការយកចិត្តទុកដាក់ និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបស់ឥណ្ឌូនេស៊ី គឺជាអ្នកដែលមានទំនាក់ទំនងល្អជាមួយប្រជាជន និរដ្ឋាភិបាលកម្ពុជា ហើយបានរួមចំណែក ក្នុងការលើកកម្ពស់ទំនាក់ទំនង នៃប្រទេសទាំងពីរ។ ការដាក់ឈ្មោះផ្លូវ ជាភស្តុតាង សម្រាប់អ្នកជំនាន់ក្រោយបានរៀនសូត្រអំពីទំនាក់ទំនងស្អិតរមួតរវាងកម្ពុជា និងឥណ្ឌូនេស៊ី ហើយក៏នឹងធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំថែមទៀត។

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ លោកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ដែលកោតសរសើរ និងពាំនាំនូវការកោតសរសើររបស់ប្រធានាធិបតីឥណ្ឌូនេស៊ីចំពោះកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ព្រមទាំងវាយតម្លៃវិជ្ជមានចំពោះភាពរីកចម្រើនរបស់ប្រទេសកម្ពុជា។ សម្តេចថ្លែងថា ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជា កន្លងទៅនេះដោយ មិនអាចកាត់ផ្តាច់ពីការជួយដោយឥណ្ឌូនេស៊ី និងសមាជិកអាស៊ានផ្សេងទៀតទេ។

    ទាក់ទងនឹងការដាក់ឈ្មោះផ្លូវ សម្តេចបានអះអាងថា សម្តេចបានពិភាក្សាជាមួយប្រធានសភាឥណ្ឌូនេស៊ី ក្នុងឱកាសមកចូលរួមកិច្ចប្រជុំអន្តរសភាអាស៊ាន នៅកម្ពុជាកន្លងទៅ ហើយសម្តេចបានលើកពីគុណសម្បត្តិរបស់អតីតប្រធានាធិបតីស៊ូកាណូ ដែលមានទំនាក់ទំនងល្អ ចាប់ផ្តើមកសាងទំនាក់ទំនងជាមួយនឹងព្រះបរមរតនកោដ្ឋ ហើយទំនាក់ទំនងនេះត្រូវបានពូនជ្រំនាពេលបន្ទាប់មកទៀត ជាពិសេស លោកអាលីឡាតាស់ អតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ដែលជួយខ្នះខ្នែងក្នុងការនាំមកនូវសន្តិភាពក្នុងប្រទេសកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: