ព័ត៌មានជាតិ

ផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត គ្រោងចាយទុនប្រមាណ ៤ពាន់លានដុល្លារអាមេរិក

BY
naren
January 24, 2023
ផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត គ្រោងចាយទុនប្រមាណ ៤ពាន់លានដុល្លារអាមេរិក

(ភ្នំពេញ)៖ គម្រោងសាងសង់ផ្លូវដែកល្បឿនលឿនភាគខាងជើង ភ្នំពេញ-បាវិត គ្រោងចាយទុនប្រមាណ ៤ពាន់លានដុល្លារអាមេរិក និងប្រើពេលសាងសង់ប្រមាណ ៤ឆ្នាំ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលសិក្សាដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធពីចម្ងាយជាមួយក្រុមការងារជំនាញនៃក្រុមហ៊ុន CRBC និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួងជាច្រើនរូប។

ក្នុងបទបង្ហាញ តំណាងក្រុមហ៊ុនCRBC បានលើកយកនូវចំណុចសំខាន់ៗដែលបានសិក្សា មកបង្ហាញជូនអង្គប្រជុំឱ្យបានជ្រាប រួមមានដូចជា៖ (១)ទិដ្ឋភាពទូទៅនៃគម្រោង (២) ការវិភាគលើទំហំសេដ្ឋកិច្ច និងទំហំចរាចរណ៍ (៣) ផែនការនៃការសាងសង់ (៤) ស្តង់ដារបច្ចេកទេសគោលនៃខ្សែផ្លូវដែក (៥)ការរៀបចំការដឹកជញ្ជូន (៦) រយៈពេលនៃការសាងសង់ និងការវិនិយោគសរុប (៧)ការវាយតម្លៃលើផ្នែកហិរញ្ញវត្ថុ និង (៨) ការបញ្ជាក់អំពីបញ្ហាសំខាន់ៗមួយចំនួន។

តាមរយៈការសិក្សាបឋមនេះបានបញ្ជាក់ថា គម្រោងនេះមានប្រវែងសរុបប្រមាណ ៣៨២គ.ម ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)។ ក្នុងនោះដែរ ខ្សែររថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (មួយនៅស្ថានីយភ្នំពេញសម្រាប់អ្នកដំណើរ និងមួយទៀតនៅស្ថានីយសំរោងសម្រាប់លើកដាក់ទំនិញ)។

បន្ទាប់ពីទទួលស្តាប់បទបង្ហាញ ពីតំណាងក្រុមហ៊ុន CRBC រួចលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកជាសំណួរ បញ្ជាក់បន្ថែមឱ្យបានច្បាស់លាស់នូវចំណុចសំខាន់ៗមួយចំនួន ដើម្បីបានជាមូលដ្ឋានសម្រាប់ជំនួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ខាងមុខ។

ជំនួបពិភាក្សានេះដែរ នឹងធ្វើឡើងដើម្បីពិភាក្សាអំពីលទ្ធភាព និងលក្ខខណ្ឌនៃការអនុវត្តគម្រោង ព្រមទាំងស្នើសុំអនុសាសន៍ណែនាំបន្ថែមទៀត ដើម្បីជំរុញឱ្យដំណើរការនៃការសិក្សានេះមានលក្ខណៈលម្អិត និងសព្វជ្រុងជ្រោយ សំដៅឆ្ពោះទៅការអនុវត្តគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះ ក្នុងពេលអនាគតឆាប់ៗ និងឱ្យស្របទៅតាមស្មារតីសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និងដឹកជញ្ជូន សហការគ្នាពន្លឿនការសិក្សាគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿននេះ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច-សង្គមជាតិ ឱ្យកាន់តែរីកចម្រើន ជាពិសេសគឺតាមបណ្តាខេត្ត និងក្រុងនានាដែលស្ថិតនៅតាមបណ្តោយផ្លូវ។

សូមជម្រាបជូនដែរថា យោងតាមសំណើសុំធ្វើការសិក្សាសមិទ្ធិលទ្ធភាពគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចផ្ដល់គោលការណ៍អនុញ្ញាតឱ្យមានការសិក្សាគម្រោងនេះ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២កន្លងទៅ។

គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន គឺជាគម្រោងដែលផ្តោតចម្បងលើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ គម្រោងនេះនឹងក្លាយជាផ្លូវដែកល្បឿនលឿនស្ដង់ដារដំបូងគេបំផុត នៅក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយទៅជាខ្សែផ្លូវដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់ទាំងនៅក្នុងប្រទេស និងភ្ជាប់ទៅក្រៅប្រទេសផងដែរ៕ ផ្តល់សិទ្ធដោយ៖ FRESH NEWS

Share This Post:

ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្ដ ចាត់វិធានការលើរថយន្ដគិលានសង្គ្រោះគ្មានការអនុញ្ញាត ឈរជើងប្រចាំការតាមដងផ្លូវ ចាំដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ យកទៅគ្លីនិកឯកជន

BY
Khmerpress
January 28, 2023
រដ្ឋមន្ដ្រីសុខាភិបាល ស្នើអភិបាលរាជធានី-ខេត្ដ ចាត់វិធានការលើរថយន្ដគិលានសង្គ្រោះគ្មានការអនុញ្ញាត ឈរជើងប្រចាំការតាមដងផ្លូវ ចាំដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ យកទៅគ្លីនិកឯកជន

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានស្នើដល់អភិបាលរាជធានី-ខេត្ដ ចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះ ដែលគ្មានជំនាញបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលកំពុងឈរជើងប្រចាំការនៅតាមដងផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់ រង់ចាំដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍យកទៅមូលដ្ឋានសុខាភិបាលឯកជន។

តាមសេក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា មួយរយៈកាលកន្លងមក ក្រសួងសុខាភិបាលធ្លាប់ធ្វើសេចក្ដីណែនាំច្រើនលើកច្រើនសាររួចមកហើយ ដោយមិនអនុញ្ញាតឱ្យរថយន្ដគិលានសង្គ្រោះខុសច្បាប់ និងរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជន ទៅដឹកអ្នករងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ដោយមូលហេតុរថយន្ដគិលានសង្គ្រោះរបស់មូលដ្ឋាន ពុំមានគ្រូពេទ្យជំនាញ និងពុំមានឧបករណ៍សម្ភារៈបរិក្ខារពេទ្យត្រឹមត្រូវ គ្រប់គ្រាន់ក្នុងការសង្គ្រោះបន្ទាន់នៅទីកន្លែង ទាំងការលើកដាក់ និងការបញ្ជូនជូនរងគ្រោះ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ក្នុងន័យនេះសូមឯកឧត្ដមលោកជំទាវ ធ្វើការណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការចំពោះរថយន្ដគិលានសង្គ្រោះខុសច្បាប់ទាំងនោះ ទៅតាមបទបញ្ញាត្ដិជាធរមាន និងឈានទៅបិទមូលដ្ឋានសុខាភិបាលឯកជនទាំងឡាយណា ដែលនៅតែបន្ដសហការជាមួយម្ចាស់រថយន្ដគិលានសង្គ្រោះខុសច្បាប់ទាំងនោះ»។

លោករដ្ឋមន្ដ្រីក៏បានស្នើឱ្យអភិបាលរាជធានីខេត្ដ ណែនាំក្រើនរំលឹកឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ដ ពង្រឹងបន្ថែមនូវសេវារថយន្ដគិលានសង្គ្រោះបម្រើការក្នុងសេវាសាធារណៈ នៅក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនៗឱ្យបានកាត់តែប្រសើរឡើងថែមទៀត ដើម្បីចាត់វិធានការតាមការណែនាំខាងលើឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post:

ព័ត៌មានជាតិ

វិស័យអេឡិចត្រូនិក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់គោលដៅបង្កើនការនាំចេញឱ្យបាន ១៦០០លានដុល្លារ

BY
Khmerpress
January 28, 2023
វិស័យអេឡិចត្រូនិក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់គោលដៅបង្កើនការនាំចេញឱ្យបាន ១៦០០លានដុល្លារ

(ភ្នំពេញ)៖ តាមរយៈផែនទីបង្ហាញផ្លូវ អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា រាជរដ្ឋាភិបាល បានដាក់គោលដៅបង្កើនទំហំនាំចេញ ក្នុងវិស័យអេឡិចត្រូនិកឲ្យបាន ១៦០០លានដុល្លារអាមេរិក ​និងបង្កើតការងារថ្មីជាង ១ម៉ឺនកន្លែង ត្រឹមឆ្នាំ២០២៧។

ឯកសារផែនទីបង្ហាញផ្លូវនេះ បានលើកឡើងថា ការនាំចេញរបស់វិស័យអេឡិត្រូនិក ១០ឆ្នាំចុងក្រោយ បានកើនឡើង ៦ដងប្រមាណ ៩២៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ខណៈចំនួនគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានកើនឡើងរហូតដល់ ៨៩គម្រោង ក្នុងឆ្នាំ២០១៩។

ជប៉ុន និងចិន ជាប្រភពទុនវិនិយោគសំខាន់ ក្នុងវិស័យអេមឡិចត្រូនិកនៅកម្ពុជា ខណៈដែលទីផ្សារនាំចេញសំខាន់ៗមាន៖ សហរដ្ឋអាមេរិក អាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។ កំណើននៃការវិនិយោគក្នុងវិស័យនេះ បានជំរុញឱ្យកម្លាំងពលកម្មកើនឡើងយ៉ាងឆាប់រហ័ស រហូតដល់៧០ដង ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ បច្ចុប្បន្នកម្លាំងពលកម្មសរុបប្រមាណ ៣ម៉ឺននាក់។

វិស័យអេឡិចត្រូនិកនៅតែមានភាពធន់ និងវិវត្តជាបន្តបន្ទាប់ ស្របជាមួយនឹងការពន្លឿនរេខូបនីយកម្ម (Digitization) គួបផ្សំកំណើនប្រជាជន មានកម្រិតជីវភាពមធ្យម ពិសេសក្នុងបរិការណ៍ជំងឺកូវីដ១៩។ គួបផ្សំនឹងកំណើនប្រជាជន មានកម្រិតជីវភាពមធ្យម តម្រូវការបរិក្ខាអេឡិចត្រូនិក បាន និងកំពុងកើនឡើងយ៉ាងរហ័ស ពិសេសក្នុងទីផ្សារកំពុងរីកលូតលាស់ដូចជាអាស៊ាន។ តាមការព្យាករណ៍របស់ស្ថាប័នស្រាវជ្រាវ ទីផ្សារបរិក្ខារអេឡិចត្រូនិកជាសកលថានឹងឈានដល់ ១.៤ទ្រីលានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ហើយអាស៊ានជាទីផ្សារ ដែលរីកលូតលាស់លឿនបំផុត សម្រាប់ឧបករណ៍អេឡិចត្រូនិក មានកំណើនជាមធ្យមប្រចាំឆ្នាំ ៦.៥% បន្ទាប់ពីប្រទេសប្រេស៊ីល និងឥណ្ឌា។

តាមផែនទីបង្ហាញផ្លូវលើកឡើងថា «ការកើនឡើងនូវតម្រូវការបរិក្ខារអេឡិចត្រូនិកទូទាំងពិភពលោក បាននិងកំពុងផ្តល់កាលានុវត្តភាពកាន់តែច្រើនដល់កម្ពុជា ក្នុងការចាប់យកចំណែកទីផ្សារនៃ ផលិតផលផ្សេងទៀត ដែលមានកំណើនតម្រូវការខ្ពស់»។

ផលិតកម្មគ្រឿងបង្គុំអេឡិចត្រូនិកនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ដោយការនាំចេញមានការកើនឡើង ក្នុងអត្រា២០% ក្នុងមួយឆ្នាំពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ដែលត្រូវបានជំរុញជាចម្បង ដោយការផលិតខ្សែបង្គុំអគ្គិសនី ខ្សែអំពូល ម៉ូទ័រ និងអំពូលអគ្គិសនីអិលអ៊ីឌី ដែលជាកសម្មភាពអតិពលកម្ម។

ទោះជាយ៉ាងនេះក្តីក៏មានសញ្ញាណវិជ្ជមានផងដែរ នៃសក្តានុពលកំណើន ក្នុងផ្នែកផលិតកម្ម គ្រឿងដំឡើងបន្ទាប់បន្សំ ឬគ្រឿងបង្គុំបន្ទះសៀគ្វីបោះពុម្ភរួច ព្រមទាំងការផ្តុំដំឡើងផលិតផលប្រើប្រាស់ផ្សេងទៀត ដូចជាឧបករណ៍បំពងសំលេង និងម៉ាស៊ីនថតរូបជាដើម។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ពេលនេះកម្ពុជាដល់ពេលប្ដូរពីវិស័យកាត់ដេរ វិស័យផលិតម្ហូបអាហារ មកជាវិស័យគ្រឿងអេឡិចត្រូនិកវិញ ត្រង់ចំណុចនេះរាជរដ្ឋាភិបាលកម្ពុជា ត្រូវលើកទឹកចិត្ត និងជំរុញឲ្យបានច្រើន លើកម្លាំងពលកម្ម ដែលមានជំនាញលើវិស័យអេឡិចត្រូនិកនេះ។ ដូច្នេះកម្មករក៏អាចសិក្សាបច្ចេកទេសវិជ្ជាជីវៈក្នុងរយៈពេលខ្លី ដើម្បីឲ្យកម្មករបានចេះពីរបៀបធ្វើការ ក្នុងវិស័យអេឡិចត្រូនិកនេះ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ចំពោះវិស័យអេឡិចត្រូនិក ពិតជាមានមោទនភាពណាស់ ដែលកម្ពុជាបានទាក់ទាញវិនិយោគលើវិស័យនេះ ពិសេសរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដូច្នេះគោដៅនៃការនាំចេញ១៦០០លានដុល្លារ ពិតជាមិនមានផលលំបាកនោះទេ បើតាមស្ថានភាពនាពេលបច្ចុប្បន្ននេះ បន្ទាប់ពីកម្ពុជាបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ធ្វើឲ្យខ្សែចង្វាក់ផលិតកម្មដំណើរការបានល្អប្រសើរ និងមិនមានការរាំងស្ទះ។

លោកឧកញ៉ាបានបញ្ជាក់ថា «អ្វីដែលជាគោលដៅទាក់ទាញវិនិយោគឲ្យកាន់តែរឹងមាំ គឺកម្ពុជាមានច្បាប់វិនិយោគថ្មី ដែលផ្ដល់ការលើកទឹកចិត្តច្រើន ដល់វិនិយោគិនមកកម្ពុជា ដែលធ្វើឲ្យអ្នកវិនិយោគមិនរារែកក្នុងការវិនិយោគនោះទេ ជាក់ស្ដែងមានក្រុមហ៊ុន ចិន ជប៉ុន កូរ៉េ និងបណ្ដាប្រទេសផ្សេងទៀត មកវិនិយោគនៅកម្ពុជា ហើយនេះជាគំរូមួយបង្ហាញដល់អ្នកវិនិយោគដទៃទៀត ចូលមកវិនិយោគនៅកម្ពុជា»៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post:

ព័ត៌មានជាតិ

កម្ពុជាដាក់ទិសដៅ​បង្កើនការនាំចេញក្នុងវិស័យយានយន្តឱ្យបានប្រមាណ ៥០០លានដុល្លារអាមេរិក នៅឆ្នាំ២០២៧

BY
Khmerpress
January 27, 2023
កម្ពុជាដាក់ទិសដៅ​បង្កើនការនាំចេញក្នុងវិស័យយានយន្តឱ្យបានប្រមាណ ៥០០លានដុល្លារអាមេរិក នៅឆ្នាំ២០២៧

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក តាមរយៈផែនទីបង្ហាញផ្លូវនេះ រាជរដ្ឋាភិបាលបានដាក់គោលដៅបង្កើនទំហំនាំចេញក្នុងវិស័យយានយន្តឱ្យបានប្រមាណ ៥០០លានដុល្លារអាមេរិក នៅឆ្នាំ២០២៧ និងបង្កើតការងារថ្មីក្នុងវិស័យនេះឱ្យបាន ១ម៉ឺនកន្លែងបន្ថែមទៀត​។

យោងតាម​ផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា វិស័យយានយន្តនៅកម្ពុជា មានកំណើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការនាំចេញជាមធ្យមប្រចាំឆ្នាំ របស់វិស័យយានយន្តក្នុងអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ មានការកើនឡើងទ្វេដងធៀបនឹងការនាំចេញពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ដោយសារតែទំហំទុនវិនិយោគ ពីបរទេសមានការកើនឡើង។

ចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី លើវិស័យយានយន្តជាមធ្យមចំនួន ៤គម្រោងក្នុងមួយឆ្នាំ ដែលមានទុនវិនិយោគជាមធ្យមចំនួន ២២លានដុល្លារអាមេរិក ខណៈនៅចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ មានទុនវិនិយោគជាមធ្យមត្រឹមតែ ៤លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។ កំណើននៃការវិនិយោគនេះ បានជំរុញឱ្យកម្លាំងពលកម្ម ក្នុងវិស័យយានយន្តកើនឡើងជាមធ្យម ៥០០នាក់ក្នុងមួយឆ្នាំ ដែលមកទល់បច្ចុប្បន្ននេះមានចំនួន សរុបប្រមាណ១ម៉ឺននាក់។

បច្ចុប្បន្នជប៉ុន គឺជាប្រភពទុនវិនិយោគសំខាន់ ក្នុងវិស័យយានយន្តនៅកម្ពុជា ខណៈដែលទីផ្សារនាំចេញសំខាន់ៗ រួមមានប្រទេសថៃ និងប្រទេសជប៉ុន។

តាមរយៈផែនទីបង្ហាញផ្លូវនេះបានឱ្យដឹងផងដែរថា សម្រាប់វិស័យយានយន្ត ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងផ្តោតសំខាន់លើកាលានុវត្តភាព ដែលមានស្រាប់ ដើម្បីពង្រីកការផលិតគ្រឿងបង្គុំយានយន្តសាមញ្ញ បែបអតិពលកម្ម សម្រាប់នាំចេញ ឧទាហរណ៍ដូចជា ខ្សែបង្គុំអគ្គិសនី កៅអី និងគ្រឿងបង្គុំអេឡិចត្រូនិក និងអគ្គិសនីសាមញ្ញ ព្រមជាមួយការបង្កើនការតភ្ជាប់បែបប្រតិគមន៍ សម្រាប់ការដំឡើងទោចក្រយានយន្ត។ ​ចំពោះគោលដៅមធ្យម កម្ពុជានឹងផ្តោតលើការឈានឡើង ក្នុងខ្សែច្រវាក់តម្លៃទៅកាន់ការផលិតគ្រឿងបង្គុំយានយន្ត ដែលមាន​ភាពស្មុគស្មាញ ព្រមទាំងការរចនា និងការដំឡើងគ្រឿងបង្គុំអេឡិចត្រូនិក ដែលមានតម្លៃបន្ថែមខ្ពស់។ ក្នុងរយៈពេលវែង កម្ពុជាមានបំណងប្រែក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំ សកម្មភាពផលិតគ្រឿងបង្គុំយានយន្ត ពីកម្រិតទាបដល់កម្រិតមធ្យម សម្រាប់នាំចេញ។

ជាមួយគ្នានេះ កម្ពុជាក៏មានបំណងទាក់ទាញ ក្រុមហ៊ុនផលិតគ្រឿងបង្គុំយានយន្តឈានមុខគេលើពិភពលោក ក្នុងចំនួនច្រើនជាងមុន ហើយអាចនឹងបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលមានភាពពេញលក្ខណៈជាងមុន សម្រាប់គាំទ្រក្រុមហ៊ុនផលិតទាំងនោះ ដោយរួមបញ្ចូលអ្នកផ្គត់ផ្គង់ក្នុងស្រុក ពីកម្រិតទាបទៅមធ្យម។ ​

កម្ពុជាអាចប្រើប្រាស់ជាអតិបរមា នូវឧត្តមភាពប្រកួតប្រជែងនាពេលបច្ចុប្បន្ន ដូចជាកម្លាំងពលកម្មដែលប៉ិនប្រសប់ និងមានប្រាក់ឈ្នួលប្រកួតប្រជែង ទីតាំងយុទ្ធសាស្រ្តនៅជិតប្រទេសថៃ និងវៀតណាម ដែលជាមជ្ឈមណ្ឌលផលិត និងដំឡើងយានយន្ត និងបរិក្ខាអេឡិចត្រូនិក កំពុងមានការអភិវឌ្ឍឆាប់រហ័ស និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានលក្ខណៈ និងអំណោយផលជាមួយទីផ្សារនាំចេញយានយន្ត ។

ឯកសារផែនទីបង្ហាញផ្លូវនេះបន្ថែមថា «ប្រទេសកម្ពុជាមានទីតាំងស្ថិត នៅត្រង់ចំណុចកណ្តាលនៃតំបន់អាស៊ាន និងមានភាពប្រទាក់ក្រឡាយ៉ាងស៊ីជម្រៅ ទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ តាមរយៈរបៀងសេដ្ឋកិច្ចភាគខាងត្បូង នៃមហាអនុតំបន់មេគង្គ។ ជាពិសេសកម្ពុជាស្ថិតនៅជិតមជ្ឈមណ្ឌលប្រមូលផ្តុំ សកម្មភាពផលិតយានយន្តមានចំងាយតិចជាង ៤០០គីឡូម៉ែត្រ ពីមជ្ឈមណ្ឌលផ្តុំសកម្មភាពផលិតយានយន្ត នៅខេត្តរ៉ាយ៉ង ប្រទេសថៃ និងចម្ងាយតិចជាង ១០០គីឡូម៉ែត្រពីទីក្រុងហូជីមិញប្រទេសវៀតណាម។ ការណ៍នេះនឹងធ្វើឱ្យកម្ពុជាក្លាយជាទីតាំងដ៏ល្អបំផុត សម្រាប់រៀងចក្រផលិតកម្ម ដែលផ្គត់ផ្គង់ដល់រោងចក្រផ្គុំដំឡើង យានយន្តនៅប្រទេសថៃ និងវៀតណាម»។

បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ​បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះថា ការសម្រេចបាននូវនាំចេញតាម​គោលដៅដែលបានកំណត់នេះ អាស្រ័យធនធានមនុស្សរបស់កម្ពុជា និងទីផ្សារនាំចេញ។

លោកពន្យល់ថា ប្រសិនបើការបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា លើកម្លាំងពលកម្មជំនាញបានល្អប្រសើរ និងមានការចូលរួមពីពលរដ្ឋ ក្នុងការទទួលយកការបណ្តុះបណ្តាលបង្កើតការងារ នោះ​នឹងជំរុញឱ្យបង្កើនទំហំនាំចេញតាមការរំពឹងទុក។ ចំពោះទីផ្សារនាំចេញរបស់កម្ពុជាវិញ ​ក៏អាស្រ័យផងដែរ ទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ការប្រកួតប្រជែងជាមួយដៃគូផលិតផ្សេងៗទៀត ឬអាស្រ័យទៅលើក្រុមហ៊ុន ដែលមកវិនិយោគលើឧស្សាហកម្មយានយន្តនៅកម្ពុជា ប្រសិនបើក្រុមហ៊ុននោះជាក្រុមហ៊ុនធំៗ ដូច តូយ៉ូតា និងហ្វត នោះពួកគេនឹងធ្វើការបែងបែកទីផ្សារដោយខ្លួនឯង ហេតុនេះនឹងធ្វើឱ្យកម្ពុជា មិនមានការព្រួយបារម្ភ ចំពោះទីផ្សារនាំចេញឡើយ តែយ៉ាងណាប្រសិនបើក្រុមហ៊ុននោះ ជាក្រុមហ៊ុនតូច នឹងធ្វើឱ្យ​ជួបនូវបញ្ហាទីផ្សារនាំចេញ។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញ ដោយរដ្ឋ និងសហការជាមួយក្រុមហ៊ុន ដើម្បីបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ ដល់ឧស្សាហកម្មអេឡិចត្រូនិក និងយានយន្តនៅកម្ពុជា។ តាមរយៈមូលនិធិនេះ រាជរដ្ឋាភិបាលនឹងផ្តល់ថវិកាមួយចំនួន ក្នុងការបណ្តុះបណ្តាលនេះ។

លោកបន្ថែមថា «កញ្ចប់ថវិកាលើកកិច្ចការពង្រឹងជំនាញបច្ចេកទេសនេះ កើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែយើងមិនចង់កើនតែលុយទេ យើងចង់ប្រសិទ្ធភាព និងគុណភាពជំនាញ ហើយវាឆ្លើយតបទាំងទីផ្សារ និងជំនាញ»។

សូមជម្រាបថា ក្រុមហ៊ុនដំឡើងរថយន្តមួយចំនួន៧ កំពុងធ្វើប្រតិបត្តិការនៅកម្ពុជារួមមាន ១៖ ក្រុមហ៊ុន DAEHAN Auto (Cambodia) Co., Ltd ដំឡើងរថយន្តម៉ាក Ssangyong, Daehan, Sino ជាដើម, ២៖ ក្រុមហ៊ុន Xuzhou XCMG Auto Manufacturing Co., Ltd ដំឡើងរថយន្តម៉ាក SINOTRUK និងម៉ាកផ្សេងៗ, ៣៖ ក្រុមហ៊ុន Camko Motor Company Ltd ដំឡើងរថយន្តម៉ាក Hyundai, ៤៖ ក្រុមហ៊ុន HGB Motors Assembly Co., Ltd ដំឡើងរថយន្តម៉ាក KIA , ៥៖ ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd, ៦៖ ក្រុមហ៊ុន E M Automobile Co., Ltd , ៧៖ ក្រុមហ៊ុន K (CAMBODIA) CO., LTD. (ISUZU) ខណៈក្រុមហ៊ុន Toyota កំពុងដំណើការបើករោងចក្រដំឡើងរថយន្ត នៅកម្ពុជាផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: