ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុយ វណ្ណៈ លើកឡើង៣ចំណុចនេះ ទាក់ទងនឹងរឿងរ៉ាវគ្រូបង្រៀនឈូសសក់សិស្ស នៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន

BY
Naren
January 24, 2023
ឯកឧត្តម ហ៊ុយ វណ្ណៈ លើកឡើង៣ចំណុចនេះ ទាក់ទងនឹងរឿងរ៉ាវគ្រូបង្រៀនឈូសសក់សិស្ស នៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន

រឿងរ៉ាវ គ្រូបង្រៀននៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន ចុះអនុវត្តវិន័យ យក​ម៉ូទ័រ​ឈូសសក់សិស្សប្រុស ធ្វើឱ្យសក់សិស្សខ្លះឡេីងឆក សក់សិស្សខ្លះកែមិនបានត្រូវកោរត្រងោល ត្រូវបានសាធារណជនលើកឡើងយកមកជជែកវែកញែកពេញបណ្តាញសង្គម។

ក្នុងនោះផងដែរ ​ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានលើកឡើងនូវ៣ចំណុច ទាក់ទងនឹងបញ្ហានេះយ៉ាងដូច្នេះថា « រូបភាព គ្រូបង្រៀន ឈូសសក់ សិស្ស! ១/ ស្តង់ដារសក់ខ្លី តើកំណត់ខ្លីត្រឹមណាទៀត? ២/ តើទទួលគោលការណ៍ធ្វើរបៀបនេះ ចេញពីកម្រិតណា? ម៉េចក៏ទៅជាអ៊ីចឹង? ភាពជាគំរូ និងសុភវិនិច្ឆ័យ ទៅណាបាត់អស់? ទង្វើនេះជាការបំបាក់ផ្លូវចិត្តសិស្សធំណាស់ ដែលត្រូវមានការកែលម្អឡើងវិញ! រួមគ្នាគិតគូរបៀបពង្រឹងសីលធម៌សង្គមឡើងវិញ។ ប្រើសិទ្ធិអំណាចបែបនេះ ជ្រុលហើយ! «គិតឱ្យជ្រៅដល់ខួរក្បាល កុំគិតត្រឹមសក់ក្បាល»។ ៣/ អត្ថន័យការអប់រំគឺល្អណាស់ ហើយគប្បីប្រឹងជំរុញលើការអាន ការស្រាវជ្រាវ និងការធ្វើលំហាត់ ជំរុញសិស្សធ្វើការងារស្ម័គ្រចិត្ត ធ្វើការងារសង្គម នោះបានផលជាង»៕

Share This Post: