ព័ត៌មានអន្តរជាតិ

បុគ្គលិកក្រុមហ៊ុនGoogleម្នាក់ ស្មោះស័្មគ្រធ្វើការរហូតដល់ទៅ១៦ឆ្នាំ ចុងក្រោយនៅតែត្រូវគេបញ្ឈប់ពីការងារ

BY
Naren
January 25, 2023
បុគ្គលិកក្រុមហ៊ុនGoogleម្នាក់ ស្មោះស័្មគ្រធ្វើការរហូតដល់ទៅ១៦ឆ្នាំ ចុងក្រោយនៅតែត្រូវគេបញ្ឈប់ពីការងារ

ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google កាលពីថ្ងៃទី២០ ខែមករា បានប្រកាសថា ខ្លួននឹងកាត់បន្ថយបុគ្គលិកចំនួន ១២,០០០នាក់ នាំឱ្យក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាចុងក្រោយបង្អស់នៅក្នុងសហរដ្ឋអាមេរិកដែលមានការកាត់បន្ថយបុគ្គលិកជាទ្រង់ទ្រាយធំ។ ការសម្រេចចិត្តនេះបានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុន Microsoft បានប្រកាសថាខ្លួននឹងបញ្ឈប់បុគ្គលិកចំនួន ១០,០០០នាក់។

ក្នុងចំណោមបុគ្គលិក ១២,០០០នាក់ដែលត្រូវបានបញ្ឈប់ពីការងារ លោក Justin Moore ដែលជាអ្នកគ្រប់គ្រងបច្ចេកទេស ធ្វើការរយៈពេល១៦ឆ្នាំ ក៏ស្ថិតនៅក្នុងបញ្ជីដែលត្រូវ Google បញ្ឈប់ពីការងារ ដោយលោកទទួលអ៉ីម៉ែលពីក្រុមហ៊ុននៅម៉ោង៣ទាបភ្លឺ។ ក្នុងអំឡុងពេលរបស់គាត់នៅ Google លោក Justin Moore បានកាន់តំណែងជាអ្នកគ្រប់គ្រងបច្ចេកទេស ហើយមានការលះបង់ច្រើនជាង១៦ឆ្នាំសម្រាប់ក្រុមហ៊ុន តែមិនអាចជួយគាត់ឱ្យរួចផុតពីបញ្ជីបុគ្គលិកដែលមិនមានសំណាងចំនួន ១២,០០០នាក់ដែរ។

នៅលើគណនី Linkedin បុគ្គលិករូបនេះបានពណ៌នាពេលវេលាដែលគាត់បានចំណាយជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សថា ពេលវេលាដ៏អស្ចារ្យ បានធ្វើអ្វីដែលគាត់ស្រលាញ់ និងជួយអ្នកប្រើប្រាស់ជាច្រើន។ លោកបានបន្តថា «នេះធ្វើឱ្យអ្នកយល់ថាការងារមិនមែនជាអ្វីគ្រប់យ៉ាងនោះទេ សម្រាប់ Google បុគ្គលិកគ្រប់រូបអាចត្រូវបានជំនួស ដោយមិនគិតពីមុខតំណែងអ្វីនោះទេ»។ រូបលោកបានចាប់ផ្តើមជា software engineer ជាន់ខ្ពស់នៅក្រុមហ៊ុនក្នុងឆ្នាំ២០០៦ ហើយបានឡើងមុខតំណែងជាអ្នកគ្រប់គ្រងផ្នែកsoftware-engineering នៅ Google ក្នុងឆ្នាំ ២០១៩ នេះបើយោងតាមប្រវត្តិរូប LinkedIn របស់គាត់។

កាលពីថ្ងៃសុក្រ លោក សាន់ដារ ភីឆៃ (Sundar Pichai) នាយកប្រតិបត្តិ នៅក្រុមហ៊ុនអាល់ហ្វាប៊ែត (Alphabet) ដែលជាម្ចាស់របស់ Google បានផ្ញើអ៉ីមែលទៅបុគ្គលិកដោយនិយាយថា Google កំពុងបញ្ឈប់បុគ្គលិកប្រហែល ១២,០០០នាក់ ប្រហែល ៦% នៃកម្លាំងការងារទូទាំងពិភពលោករបស់ខ្លួន។ ប្រភពបាននិយាយប្រាប់សារព័ត៌មាន businessinsider ថា ការបញ្ឈប់នេះក៏មានបុគ្គលិកខ្លះបានបាត់បង់ការងារដែលទទួលបានប្រាក់ចំណូលពី ៥០០,០០០ដុល្លារ ទៅ ១លានដុល្លារក្នុងមួយឆ្នាំ៕ ប្រភព៖ businessinsider

Share This Post: