ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតកោតសរសើររលោក គង់ វិបុល និងមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបំពេញបេសកកម្មដោយជោគជ័យ ប្រមូលចំណូលពន្ធដារផ្ទៃក្នុង ជូនរដ្ឋបានគ្រប់ និងលើសផែនការ

BY
Khmerpress
February 1, 2023
សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតកោតសរសើររលោក គង់ វិបុល និងមន្ដ្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបំពេញបេសកកម្មដោយជោគជ័យ ប្រមូលចំណូលពន្ធដារផ្ទៃក្នុង ជូនរដ្ឋបានគ្រប់ និងលើសផែនការ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើលិខិតជូនចំពោះ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី្រ និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដា្ឋនពន្ធដារ និងថ្នាក់ដឹកនាំ ព្រមទាំងមន្តី្ររាជការទាំងអស់ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញបេសកកម្មដោយជោគជ័យ ដោយបានប្រមូលចំណូលពន្ធដារផ្ទៃក្នុង ជូនរដ្ឋបានគ្រប់ និងលើសផែនការ។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយស្មោះ និងសូមអបអរសាទរជូន ឯកឧត្តម និងថ្នាក់ដឹកនាំ ព្រមទាំងមន្តី្ររាជការទាំងអស់ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញបេសកកម្មដោយជោគជ័យ ដោយបានប្រមូលចំណូលពន្ធដារផ្ទៃក្នុង ជូនរដ្ឋបានគ្រប់ និងលើសផែនការដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ចំនួន ១២២,៥៤ភាគរយ។

ខ្ញុំពិតជាមានសេចក្តីត្រេកអរ និងសាទរជាខ្លាំងចំពោះលទ្ធផលនៃការប្រមូលចំណូលពន្ធដារផ្ទៃក្នុងនេះ ដែលបាននាំឲ្យកម្ពុជាបញ្ចប់ឆ្នាំ២០២២ ដោយជោគជ័យ និងប្រកបដោយមោទកភាពខ្ពស់ សម្រាប់ប្រទេសជាតិយើង។

ពិតណាស់ នេះគឺជាលទ្ធផលគួរឲ្យស្ញប់ស្ញែង ដែលអគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលលើសផែនការរហូតដល់ ២២,៥៤ ភាគរយ ស្មើនឹង ២៥៧៤,០៧ ប៊ីលានរៀល ប្រមាណជា៦៣៥,៥៧ លានដុល្លារ ដែលជាកំណត់ត្រាចំណូលពន្ធលើសផែនការច្រើនជាងគេរបស់កម្ពុជា និងជាសមិទ្ធផលដ៏ធំធេង សម្រាប់ជាតិ និងប្រជាជនកម្ពុជាក្នុងគ្រាដ៏លំបាក ដែលយើងបានជួបប្រទះកន្លងមកនេះ ជាអាទិ៍ ដោយសារការបន្តរីករាលដាលនៃជំងឺកូវីដ-១៩, ភាពតានតឹងភូមិសាស្ត្រនយោបាយសាកល, ការកើនឡើងសម្ពាធអតិផរណា, និងផលប៉ះពាល់ពីសង្គ្រាម និងគោលនយោបាយបរទេសនានា។

សមិទ្ធផលគួរជាទីមោទនៈនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន ក្នុងអំឡុងពេលដែលសេដ្ឋកិច្ចសកលលោក ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងជួបនឹងវិបត្តិ និងភាពមិនប្រាកដប្រជាច្រើន ហើយលទ្ធផលនេះពិតជានឹងមិនអាចសម្រេចបានទេប្រសិនបើគ្មានការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងការលះបង់ខ្ពស់ របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមការដឹកនាំដោយផ្ទាល់របស់ឯកឧត្តម។

ខ្ញុំសូមធ្វើការ និងសូមធ្វើការវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងប្រសិទ្ធភាពនៃការដឹកនាំនិងការកែទម្រង់របស់កោតសរសើរដោយស្មោះឯកឧត្តម ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ អភិបាលកិច្ចល្អនិងរដ្ឋបាលកិច្ចល្អ និងពោរពេញដោយគំនិតច្នៃប្រឌិតខ្ពស់ រិះរកគ្រប់វិធានការដើម្បីគ្រប់គ្រងប្រមូលចំណូលពន្ធប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសការបន្តធ្វើឌីជីថលូបនីយកម្មប្រព័ន្ធពន្ធដារកម្ពុជា ដែលទំនើបឈានមុខគេ ប្រកបដោយស្មារតីបុរេសកម្ម និងទាន់ពេលវេលា ជាអាទិ៍ ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing) និងប្រព័ន្ធ-កម្មវិធីបច្ចេកវិទ្យាព័ត៌មានទំនើបៗនានាប្រកបដោយ ប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពខ្ពស់ ព្រមទាំងជាគំរូនៃការកែទម្រង់ដ៏មុតស្រួចស៊ីជម្រៅមួយក្នុងចំណោមការកែទម្រង់របស់ស្ថាប័នរដ្ឋនានា។

សូម ឯកឧត្តម និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ដើម្បីសម្រេចបានជោគជ័យក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធដារផ្ទៃក្នុង ជូនប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

សូម ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ទទួលនូវការស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ពីខ្ញុំ»៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: