សម្ដេចក្រឡាហោម ស្នើឱ្យរដ្ឋបាលរាជធានី ចាត់មន្រ្តីជំនាញចុះពិនិត្យយានដ្ឋាន ដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវនិងគាំទ្រឱ្យមានការបិទជាបន្ទាន់នូវយានដ្ឋានដែលគ្មានច្បាប់ទាំងនេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សម្ដេចក្រឡាហោម ស្នើឱ្យរដ្ឋបាលរាជធានី ចាត់មន្រ្តីជំនាញចុះពិនិត្យចំពោះយានដ្ឋានជួសជុលទាំងឡាយ ដែលគ្មានច្បាប់អនុញ្ញាត ត្រឹមត្រូវ ដោយគាំទ្រឱ្យមានការបិទជាបន្ទាន់នូវយានដ្ឋានដែលគ្មានច្បាប់ទាំងនេះ ដើម្បីធានាសុវត្ថិភាពក្នុងការបើកបរ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានថ្លែងថា ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពចរាចរណ៍ ដូច្នេះយានដ្ឋានដែលគ្មានវិជ្ជាជីវៈត្រូវត្រឹម ដែលនៅតែបន្តបើកដំណើរ ការ គឺទាមទារឱ្យមានវិធានការជាបន្ទាន់។
តាមរយៈនេះ សម្តេចក្រឡាហោម ស្នើឱ្យរដ្ឋបាលរាជធានី ចាត់មន្រ្តីជំនាញត្រូវធ្វើការចុះត្រួត ពិនិត្យយានដ្ឋានជួសជុលរថយន្ដខុសច្បាប់ដើម្បីធ្វើយ៉ាងណាឱ្យយានដ្ឋានទាំងនោះមានច្បាប់ត្រឹមត្រូវ និងមានស្ដង់ដារ ។ មិនតែប៉ុណ្ណោះ សម្តេចក្រឡាហោម គាំទ្រឱ្យមានការបិទជាបន្ទាន់នូវយានដ្ឋានដែលគ្មានច្បាប់ទាំងនេះ គឺដោយសារកន្លងមកសម្ដេចឃើញមានរថយន្ដមួយចំនួន ជួបបញ្ហានៅពេលកំពុងធ្វើដំណើរតាមផ្លូវសាធារណៈដូចជាករណីរបូតកង់ជាដើម។
សំឡេង៖ «យានដ្ឋានជួសជុលដោយឥតច្បាប់ ឥឡូវនេះសមត្ថកិច្ចមានអស់ហើយ ដែលមានសិទ្ធិបើកនឹងបិទអ៊ឹចឹងទេសូមឱ្យរដ្ឋបាលរាជធានីភ្នំពេញចាត់ក្រុមពិនិត្យកន្លែងណាដែលយានដ្ឋានជួសជុលអត់មានច្បាប់ អត់មានវិជ្ជាជីវៈ អត់មានសមត្ថភាពជំនាញពិតប្រាកដ ដូច្នេះប្រសិនជាជួសជុលរបូតកង់ មិនមែនធម្មតានោះទេ គឺគ្រោះថ្នាក់ណាស់ អ៊ឹចឹងហើយ គឺសូមបិទជាបន្ទាន់និងគាំទ្រឱ្យបិទតែម្ដង។ ហើយបើគាត់រត់មក រកច្បាប់ យើងអាចពិនិត្យបានដែរ មិនមែនអត់នោះទេ ប៉ុន្តែយើងក៏ត្រូវផ្ដល់លក្ខណៈវិនិច្ឆ័យដែលយើងកំណត់ ឱ្យគាត់ ត្រូវមានជំនាញសមត្ថភាពពិតប្រាកដ ដើម្បីធានាគុណភាព ខ្ញុំឯកភាពត្រូវពិនិត្យឱ្យបានម៉ត់ចត់។»
សម្ដេចក្រឡាហោម ស ខេង ក្នុងករណីរកឃើញទីតាំងកែច្នៃយានយន្តគ្មានអាជ្ញាបណ្ណ គឺត្រូវបិទជាបន្ទាន់ ហើយចាត់វិធានការទៅតាមផ្លូវច្បាប់ និងអនុញ្ញាតឱ្យដំណើរការឡើងវិញ ប្រសិនបើបានរៀបចំត្រឹមត្រូវតាមច្បាប់ និងក្បួនបច្ចេកទេស៕ ប្រភព៖ ក្រសួងព័ត៌មាន
