ព័ត៌មានជាតិ February 8, 2023

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ៖ «ខាងសហព័ន្ធខ្មែរយើងមិនបានទៅពាក់ព័ន្ធលុយរបស់ ប៊ូ ខាវ ទេ»

Naren

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហោះពីសេចក្តីប្រកាសបដិសេធរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម មុឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

នៅក្នុងការបង្ហោះនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម មុឺន បានមានប្រសាសន៍ថា៖ «សូមបងប្អូនថៃដែលបានឆាតមកក្នុងផេករបស់ខ្ញុំបាទ គឺសហព័ន្ធខ្មែរយើងមិនបានទៅពាក់ព័ន្ធលុយរបស់ ប៊ូ ខាវ ទេ សូមអានអ្វីដែលជាការបង្ហាញនឹងបកស្រាយការពិតខាងក្រោមនេះ៖

– ចំពោះការប្រកួត World Fight tourment ឆ្នាំ២០២២ ក្រុមហ៊ុន World Fight បានស្នើមកសហព័ន្ធកីឡាប្រដាល់គុនខ្មែរដើម្បីចូលរួមសហការដោយក្នុងនោះបានរៀបចំការប្រជុំបែងចែកការងារគឺសហព័ន្ធកីឡាប្រដាល់គុនខ្មែរទទួលខុសត្រូវលើការងារបច្ចេកទេសដោយក្នុងនោះគឺ៖ ទី១ មានភារៈកិច្ចក្នុងការស្នើសុំច្បាប់ទៅក្រសួងអប់រំយុវជន និងកីឡាដើម្បីដំណើរការប្រកួត, ទី២ គឺមានភារៈកិច្ចក្នុងការរៀបចំកីឡាករកម្ពុជា ដើម្បីប្រកួតដោយមានគូកម្ពុជានិងបរទេសជាដើម ប៉ុន្តែចំពោះកីឡាករបរទេសគឺក្រុមហ៊ុនជាអ្នករៀបចំ, ទី៣ គឺសហព័ន្ធកីឡាប្រដាល់គុនខ្មែរទទួលខុសត្រូវលើការងារបច្ចេកទេសក្នុងការប្រកួត, ទី៤ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានភារៈកិច្ចលើការធានាការងាររដ្ឋបាលរៀបចំមន្ត្រីបច្ចេសទេសអាជ្ញាកណ្តាលនិងចៅក្រមប្រកួត។

ចំណែកក្រុមហ៊ុន World Fight គឺទទួលការងារលើច្បាប់លិខិតស្នាមក្នុងការប្រកួត រៀបចំការផ្សាយផ្ទាល់ក្នុងទូរទស្សន៍ ក៏ដូចជាការ រៀបចំទីតាំងក្នុងការប្រកួត និងសម្ភារផ្សេងៗ ហើយក៏ដូចជាការនាំយកកីឡាករបរទេស ហើយការចំណាយទាំងអស់គឺក្រុមហ៊ុនWorld Fight ជាអ្នករៀបចំដែលមានលោក Anthony ជាតំណាងក្រុមហ៊ុន។

ហើយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គ្មានសិទ្ធិក្នុងការចាត់ចែងរាល់លុយកាក់និងការចំណាយផ្សេងៗនោះទេ។ ក្នុងនោះដែរបន្ទាប់ពីឃើញមានការបង្ហោះលើបណ្តាញសង្គមពីសំណាក់ កីឡាករ ប៊ូ ខាវ ទាក់ទងនឹងការជំពាក់លុយជាង ២,២លានបាតនោះគឺ ប៊ូខាវ គួរតែពិភាក្សា ជាមួយនឹងAnthony ដែលជាតំណាងក្រុមហ៊ុនក៏ដូចជាភាគីពាក់ព័ន្ធទាក់ទងនឹងការចុះកិច្ចសន្យាក្នុងការប្រកួត។ ហើយក្នុងនោះផងដែរសហព័ន្ធកីឡាប្រដាល់គុនខ្មែរក៏គ្មានភារៈកិច្ចដែលត្រូវឆ្លើយតបនឹងកីឡាករ ប៊ូ ខាវ ទាក់ទិននឹងការជំពាក់លុយជាង ២.២លានបាតទេ ព្រោះសហព័ន្ធកីឡាប្រដាល់គុនខ្មែរមិនមែនជាអ្នកដែលជាប់កិច្ចសន្យាជាមួយ ប៊ូ ខាវ នោះទេ។ សូមទានជ្រាបទាំងអស់គ្នាទាំងបងប្អូនខ្មែរនិងបងប្អូនថៃ»៕

ប្រភព៖ ស្រី ចាន់ថន-Srey Chanthorn