ព័ត៌មានជាតិ February 8, 2023

អគ្គនាយកដ្ឋានពន្ធដារ ចេញលិខិតកោះអញ្ជើញអគ្គនាយក សណ្ឋាគារ ផ្កាឈូកទិព្វ រស្មីផ្កាឈូកទិព្វ និងឡាក់គីស្ដា ចូលមកទូទាត់បំណុលពន្ធរដ្ឋ

Naren

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតអញ្ជើញ លោក តាយ ច័ន្ទតារា អគ្គនាយក សណ្ឋាគារ ផ្កាឈូកទិព្វ រស្មីផ្កាឈូកទិព្វ និងឡាក់គីស្ដា ចូលខ្លួនមកទូទាត់បំណុលពន្ធរដ្ឋ។ នេះបើតាមលិខិត ដែលបណ្ដាញព័ត៌មាន Khmer Press ទទួលបាននៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

យោងតាមលិខិត អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជម្រាបជូនលោកអគ្គនាយក សណ្ឋាគារផ្កាឈូក ទិព្វ រស្មីផ្កាឈូកទិព្វ និងឡាក់គីស្តា (PHKA CHHUOK TEP REAK SMEY PHKA CHHUOK TEP AND LUCKY STAR) លេខអត្តសញ្ញាណកម្មសារពើពន្ធ៖ K005-100107397 ចុះបញ្ជីនៅសាខាពន្ធដារខណ្ឌទួលគោក ឱ្យបានជ្រាបថា ការបង់ ពន្ធអាករគឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប ដើម្បីរួមចំណែកក្នុងថវិកាជាតិ។

កន្លងមក អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញលោកអគ្គនាយកមកដើម្បីដោះស្រាយបំណុលពន្ធ តាមរយៈលិខិតអញ្ជើញលេខ ៧៩៤ អពដ.សខ.ទគ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ប៉ុន្តែលោកអគ្គនាយកមិនបានទូទាត់បំណុលពន្ធតាមនីតិវិធីច្បាប់។ អនុលោមតាមមាត្រា ៩៥ (ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ នៃច្បាប់ស្ដីពីសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារ សូម អញ្ជើញលោកអគ្គនាយក មកសាខាពន្ធដារខណ្ឌទួលគោក ផ្ទះលេខ ២៤ ផ្លូវលេខ ២៨៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនង ០២៣ ៨៨០ ៩៨១ មិនឱ្យលើសពី ១៥ ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុង ទំព័រសារព័ត៌មាននេះ ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។

ក្នុងករណីមិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ លោកអគ្គនាយកត្រូវចាត់ទុកថាបានប្រព្រឹត្ត បទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា ១២៧ ១៣៥ និង ១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ដោយប្ដឹងទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវខ្ពស់របស់ លោកអគ្គនាយក ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានត្រឹមត្រូវ៕