ព័ត៌មានជាតិ February 13, 2023

ក្រោយឈ្នះខ្សែក្រវ៉ាត់លំដាប់ពិភពលោក! អេ ភូថង នាំកីឡាករ ធឿន ធារ៉ា សួរសុខទុក្ខ លោកគ្រូតា យុទ្ធ ភូថង ដល់គេហដ្ឋាន នៅខេត្តកោះកុង

Naren

(កោះកុង)៖ កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា រួមទាំងក្លឹបប្រដាល់គុនខ្មែរ អេ ភូថង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើដំណើរនិងយកខ្សែក្រវ៉ាត់លំដាប់ពិភពលោកចំនួន២ (ខ្សែក្រវ៉ាត់ Thai Fight និងខ្សែក្រវ៉ាត់ IPCC World Champion) ដែលខ្លួនទើបនឹងប្រកួតឈ្នះ មកសួរសុខទុក្ខ ឯកឧត្តម យុទ្ធ ភូថង ដល់គេហដ្ឋាន នៅខេត្តកោះកុង។

យោងតាមការបង្ហោះពីទំព័រហ្វេសប៊ុកឈ្មោះ ក្លិបប្រដាល់គុនខ្មែរ អេ ភូថង បានឱ្យដឹងថា «នៅថ្ងៃទី១៣ ខែកុម្ភៈនេះ ក្រុមគ្រួសារខ្ញុំ អេ ភូថង ក៏ដូចជា ក្លិបប្រដាល់គុនខ្មែរ​ អេ ភូង រួមទាំង ធឿន ធារ៉ា បានធ្វើដំណើរ និងយកខ្សែក្រវ៉ាត់ មកសួរសុខទុក្ខ លោកគ្រូ តា នៅកោះកុងសូម​គោរព​ជូនពរ លោកគ្រូ តា! សូមជួបតែ សុភមង្គល វិបុលសុខ មហាប្រសើរ និងប្រកបដោយពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»។

ក្នុងនោះផងដែរ ឯកឧត្តម យុទ្ធ ភូថង (លោកគ្រូ តា) បានរៀបរាប់នូវអារម្មណ៍យ៉ាងដូច្នេះថា៖«ថ្ងៃនេះកូនសិស្សក្មួយ បាននាំសិស្សចៅៗមកសួរសុខទុក្ខរបស់ពិត និងសម្តែងនូវសេចក្តីស្រទ្បាញ់ ចំថ្ងៃស្អែកជាថ្ងៃនៃក្តីស្រទ្បាញ់តែម្តង គ្រូតាអរគុណណាស់ចំពោះកាយវិការនេះ។ ហើយលោកគ្រូតា ក៏មានសេចក្តីស្រទ្បាញ់ចំពោះសិស្សៗទាំងគ្នាដែរ នេះជាកាយវិការមួយដ៏ល្អណាស់ បើគ្រួសារនីមួយៗ សហគមន៌ៗ និងសង្គមយើងទាំងមូល ចេះស្រទ្បាញ់គ្នា អភ័យឱ្យគ្នា ចេះគោរពសិទ្ធិគ្នាទៅវិញទៅមកនោះយើងមិនព្រួយស្រែករក——ទេវាមកដោយស្វ័យប្រវត្តិ។ ម្យ៉ាងទៀតខ្ញុំបានប្រាប់ទៅសិស្សទាំងអស់ថាគ្រឿងអលង្ការរបស់មនុស្សល្អមិនមែនស្ថិតនៅលើតែមាស ពេជ្រ ទ្រព្យសម្បត្តិ បុណ្យសក្តិទេ អលង្ការបស់មនុស្សល្អពិតប្រាកដវាគឺជាអំពើល្អនិងភាពកតញ្ញូតាធម៌ (ចំពោះជាតិ សាសនា ព្រះមហាក្សត្រ មាតាបិតា គ្រូបាធ្យាយ និងអ្នកទាំងទ្បាយដែលបានជួយយើង)ឯបច្ចេកទេសមិនរៀបរាប់គេដឹងគ្នាគេហើយហាហា»៕