ណាល់ ដារិទ្ធ យុវជនឆ្នើមកម្ពុជាទី១ ដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅសាលារាជបណ្ឌិត្យសភាយោធាអតីតព្រះមហាក្សត្រី Alizabeth ទី២ នៃចក្រភពអង់គ្លេស
(ភ្នំពេញ)៖ បន្ទាប់ពីយុវជនឆ្នើមរបស់កម្ពុជា បានបញ្ចប់ការសិក្សាកំរិតមធ្យមសិក្សានៅសាលាអន្តរជាតិ ICAN បន្ទាប់មកបន្ត ការសិក្សាថ្នាក់មធ្យមសិក្សា និងបានប្រឡងជាប់ថ្នាក់ទុតិយភូមិនៅសាលាអន្តរជាតិ ISPP ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយទទួលបាននិទ្ទេសល្អ។
ដោយមើលឃើញពីទស្សនៈវិស័យវែងឆ្ងាយរបស់យុវជន ដារិទ្ធ រួមទាំងការស្រឡាញ់ចូលចិត្តក្នុងវិស័យកងទ័ព ទីបំផុតយុវជនដារិទ្ធ ត្រូវបានការគាំទ្រពីឪពុកម្ដាយ និងក្រុមគ្រួសារ បានបោះជំហានចូលបំរើក្នុងជួរកងទ័ពលើកដំបូងនៅក្នុង អង្គភាពប្រឆាំងភេវកម្មនៃក្រសួងការពារជាតិ ក្រោមការគ្រប់គ្រង និងដឹកនាំដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឋានៈ «នាយចំណង់»។
រហូតដល់ឆ្នាំ២០២១ យុវជនឆ្នើមកម្ពុជារូបនេះក៏មានឱកាសទទួលបានអាហារូបករណ៍ពីអតីត ព្រះមហាក្សត្រី Alizabeth ទី២ ទៅសិក្សាក្នុងសាលារាជបណ្ឌិត្យសភាយោធា ចក្រភពអង់គ្លេស។
សូមបញ្ជាក់ថា៖ យុវជនឆ្នើមកម្ពុជារូបនេះ មុននឹងទទួលបានអាហារូបករណ៍ទៅសិក្សានៅសាលាបណ្ឌិត្យយោធា ចក្រភពអង់គ្លេស ដ៏ល្បីមួយនេះបានគឺ យុវជន ណាល់ ដារិទ្ធ ត្រូវធ្វើការឆ្លងកាត់កិច្ចសម្ភាស និងប្រឡងជាមួយវិញ្ញាសារ ដ៏ស្វិតស្វាញពីសំណាក់មន្រ្តីជំនាញយោធា ដែលជាសេនានុព័ន្ធយោធារបស់ចក្រភពអង់គ្លេសប្រចាំនៅប្រទេសសិង្ហបុរី និងឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងរឹងពីស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ជាពិសេស បានការគាំទ្រពីអតីតអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា រួមជាមួយមន្រ្តីទូតជំនាញជាច្រើនរូបទៀត។ ទីបំផុតយុវជន ណាល់ ដារិទ្ធ បានឆ្លងផុតវិញ្ញាសារដ៏លំបាក និងតឹងរឹងដែលមិននឹកស្មានដល់ថា ទទួលបានជោគជ័យគួរជាទីមោទនភាពយ៉ាងក្រៃលែង និងជាកិត្តិយស ធំធេងសម្រាប់ក្រុមគ្រួសាររួមទាំងបងប្អូនមិត្តភក្តិសាច់ញាតិនៅកម្ពុជា។
មុនយុវជនឆ្នើមកម្ពុជា ណាល់ ដារិទ្ធ ចូលសិក្សានៅសាលារាជ្យបណ្ឌិតសភាយោធាចក្រភពអង់គ្លេស ២០២២-២០២៣ ទោះបីយុវជនដ៏ឆ្នើម ណាល់ ដារិទ្ធ បានប្រឡងជាប់ជាស្ថាពរយ៉ាងណាក្ដី ក៏យុវជនរូបនេះត្រូវធ្វើការឆ្លងកាត់ ការសិក្សាថ្នាក់ត្រៀមក្នុងរយៈពេល៤ខែបន្តទៀត មុននឹងចូលសិក្សាហ្វឹកហាត់លូនក្រាបពេញសិទ្ធិនៅសាលារាជបណ្ឌិត្យសភា យោធាដ៏ល្បីល្បាញនេះបាន គឺត្រូវរៀនត្រៀមតាមលក្ខន្តិកៈរបស់សាលាជាមុនសិន។
ដោយឆ្លងកាត់ការសិក្សារយៈពេល៤ខែ ដើម្បីត្រៀមចូលជានិសិ្សតយោធាពេញសិទ្ធិ នៅសាលាដ៏ល្បីល្បាញនេះ យុវជន ណាល់ ដារិទ្ធ ក៏បានសិក្សាបញ្ចប់ និងទទួលបានសញ្ញាបត្រជានិស្សិតពេញសិទ្ធចូលសិក្សានៅក្នុងសាលារាជបណ្ឌិត្យ សភាយោធាអង់គ្លេស ដោយជោគជ័យ និងមោទនភាពបំផុត រហូតដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ត្រូវបានសាលាកងទ័ព នៃក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បញ្ជូនយុវសិស្សឆ្នើមកម្ពុជា ណាល់ ដារិទ្ធ ទៅសិក្សានៅសាលារាជបណ្ឌិត្យយោធាក្នុងរយៈ ពេល១២ខែ នៃវគ្គបណ្តុះបណ្តាលលើជំនាញកងទ័ពជាមួយបណ្តាយុវជនឆ្នើមៗ មកពីប្រទេសជាច្រើនទៀត លើពិភពលោក។
ជាមោទនភាពសំរាប់ក្រុមគ្រួសារញាតិមិត្តបងប្អូន ដែលទទួលបានដ៏ឧត្តុង្គឧត្តមដែល ឪពុកម្តាយនាំកូនត្រកូលកសិករ មានស្រុកកំណើត នៅស្រុកត្រាំកក់ ខេត្តតាកែវ មិននឹកស្មានថាមានកូនប្រុសដ៏ឆ្នើម ណាល់ ដារិទ្ធ និងកូនស្រីដ៏ឆ្លាតវៃ ជាកំណប់ទ្រព្យមិនអាចកាត់ថ្លៃបានក្នុងជីវិតរហូតមិនដែលគិតថា កូនប្រុស ណាល់ ដារិទ្ធ អាចបំពេញបំណងរបស់ឪពុកម្តាយ ដោយក្លាយជាយុវជនឈានមុខដ៏ឆ្នើម ដំបូងគេបង្អស់ទទួលបានអាហារូបករណ៍ទៅសិក្សា នៅសាលារាជបណ្ឌិត្យយោធា ល្បីក្នុងចក្រភពអង់គ្លេសបែបនេះសោះ ។ ជាពិសេសគឺមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃថ្លារបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ្យ ចន្ទមុន្នី បានគាំទ្រ និងជំរុញលើកទឹកចិត្តដល់យុវជន ណាល់ ដារិទ្ធ ឱ្យបន្តការសិក្សាលើជំនាញយោធានៅចក្រភពអង់គ្លេស ក៏ដូចជាការថ្លែងអំណរគុណចំពោះអតីតអគ្គរាជទូត អង់គ្លេសប្រចាំនៅកម្ពុជា និងសេនានុព័ន្ធយោធាប្រចាំនៅប្រទេសសិង្ហបុរី រួមទាំងត្រូវបានចូលរួមពី លោកឧត្តមសេនីយ៍ឯក ផាត សុភ័ក្រ ជាពិសេសសូមគោពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានគាំទ្រ និងអនុញ្ញាតឱ្យយុវជនឆ្នើមកម្ពុជាទី១ បានចេញទៅបន្តការសិក្សានៅសាលារាជបណ្ឌិត្យយោធានៅចក្រភពអង់គ្លេសដោយជោគជ័យ និងជាទីមោទនភាពបំផុត។
ដោយលើគុណបំណាច់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យុវជន ណាល់ ដារិទ្ធ បានគូសបញ្ជាក់ថា៖ ដោយសារតែសន្តិភាព ចេរភាពនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សកម្ពុជា ដែលមានសម្តេចតេជោជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ព្រមទាំង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន រួមទាំងថ្នាក់ដឹកនាំកម្ពុជា គឺរក្សាបានសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិដ៏ត្រចះត្រចង់ និងជាទីមោទនភាពរបស់ប្រជាពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេស។
បន្ទាប់ពីបញ្ចប់ការសិក្សា និងទទួលបានជោគជ័យ យុវជន ណាល់ ដារិទ្ធ បានប្តេជ្ញាចិត្ត និងសន្យាថា យកលទ្ធផលពីការសិក្សារៀនសូត្រពីសាលា មកបម្រើលើវិស័យកងទ័ពនៅកម្ពុជា និងចូលរួមអភិវឌ្ឍជាតិដោយការពារសន្តិភាពជូនជាតិ មាតុភូមិ និងរាជរដ្ឋាភិបាល៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS






