Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌ ចេញសេចក្តីអំពាវនាវយុវជន ប្រើប្រាស់ទិវានៃក្តីស្រឡាញ់ ឱ្យស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរ

    BY Khmerpress February 14, 2023
    ក្រសួងវប្បធម៌ ចេញសេចក្តីអំពាវនាវយុវជន ប្រើប្រាស់ទិវានៃក្តីស្រឡាញ់ ឱ្យស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរ

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីអំពាវនាវដល់យុវជនឲ្យប្រើប្រាស់ «ថ្ងៃទី១៤ កុម្ភៈ ឬទិវានៃក្តីស្រឡាញ់» ឱ្យស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរ។ នេះបើយោងតាម សេចក្តីអំពាវនាវ ដែលបណ្តាញ Fresh News ទទួលបាន។

    ក្រសួងវប្បធម៌ បានថ្លែងថា ថ្ងៃទី១៤ កុម្ភៈ ដែលមនុស្សមួយចំនួន ជាពិសេសគ្រិស្តសាសនិកជនបានកំណត់ថាជាទិវានៃក្តីស្រឡាញ់ ឈានចូលមកដល់ហើយ។ បច្ចុប្បន្នទិវានេះ បាននិងកំពុងជ្រៀតចូលមកក្នុងសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន បណ្តាលឱ្យមនុស្សមួយចំនួនបានទទួលយក និងប្រើប្រាស់ដោយភាពភ័ន្តច្រឡំ នាំឱ្យមានផលប៉ះពាល់ដល់វប្បធម៌ទំនៀមទម្លាប់ប្រពៃណ៌ជាតិទៀតផង។

    បើតាមក្រសួងវប្បធម៌ ក្នុងបរិការណ៍នេះ ប្រជាជន ជាពិសេសយុវជនកម្ពុជា ត្រូវសិក្សាឈ្វេងយល់ឱ្យស៉ីជម្រៅចំពោះវប្បធម៌ ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាយើង ព្រមទាំងត្រូវសិក្សាឱ្យគ្រប់ជ្រុងជ្រោយពីខ្លឹមសារ និងឥទ្ធិពលនៃវប្បធម៌ ទំនៀមទម្លាប់ ពីខាងក្រៅ ដើម្បីបន្សំចូលទៅក្នុងឥរិយាបថ និងបរិបទនៃសង្គមរបស់ខ្លួនក្នុងគោលដៅរក្សាឱ្យបាននូវអត្ថិភាពជាប្រជាជាតិថ្លៃថ្នូរមួយ ដែលមានវ័យចំណាស់រាប់ពាន់ឆ្នាំមកហើយនៅទ្វីបអាស៉ីនេះ។

    ក្រសួងវប្បធម៌ បានថ្លែងទៀតថា ទិវានៃក្តីស្រឡាញ់នៅកម្ពុជា គួរជាឱកាសក្នុងការចែកចាយ និងធានានូវក្តីស្រឡាញ់ប្រកបដោយភាពទូលំទូលាយ និងសន្តានចិត្តស្មោះសរចំពោះមនុស្សដែលនៅជុំវិញខ្លួនមានជាអាទិ៍៖ ក្រុមគ្រួសារ, ឪពុកម្តាយ, ប្ដី/ប្រពន្ធ, កូន, ចៅ និងចំពោះអ្នកដែលនៅក្នុងសង្គមជាមួយគ្នា ដូចជា៖ ជនពិការ, កុមារកំព្រា, និងអ្នកដែលខ្សត់ខ្សោយជាងខ្លួន…ជាដើម ក្រោមរូបភាព ការជួបជុំពិភាក្សាគ្នា ឬទទួលទានអាហាររួមគ្នាដោយក្តីសោមនស្សរីករាយ, ការសរសេរលិខិតជូនពរ, ការជូនអំណោយផ្សេងៗ… ដើម្បីបញ្ជាក់ពីភាពកត្តញ្ញូតាធម៌ ពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់ខ្លួនចំពោះអ្នកមានគុណ បុព្វការីជន ចំពោះមនុស្សដែលខ្លួនស្រឡាញ់ និងចំពោះសង្គមជាតិ។

    «ក្នុងឱកាសនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមអំពាវនាវដល់មាតា បិតា អាណាព្យាបាលសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ , អប់រំ, ពន្យល់ណែនាំ, ក្រើនរំលឹកដល់បងប្អូន, កូន, ចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះ ឱ្យស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយសនិងភាពថ្លៃថ្នូររបស់ខ្លួន របស់ក្រុមគ្រួសារ ពិសេសដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពនៃសង្គមជាតិ»។ នេះបើតាមសេចក្តីអំពាវនាវដដែល៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: