អភិបាលខេត្តកំពងធំ៖ មួយឆ្នាំៗ ខេត្តនាំស្រូវទៅកាន់ទីផ្សារខាងក្រៅបាន ប្រមាណ៥០ម៉ឺនតោន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ធំ បានថ្លែងថា ក្នុងមួយឆ្នាំៗ ខេត្តកំពង់ធំមានសមត្ថភាពអាចផលិតស្រូវវស្សា និងស្រូវប្រាំងបានពី ៦០ ទៅ ៧០ម៉ឺនតោន ហើយអាចនាំចេញទៅទីផ្សារខាងក្រៅបានប្រមាណ ៥០ម៉ឺនតោន។
ឯកឧត្តម ងួន រតនៈ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី លទ្ធផលសម្រេច បានជោគជ័យរយៈពេល ៥ឆ្នាំ របស់ខេត្តកំពង់ធំ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅ ទីស្តីការគណៈរដ្ឋមន្ត្រីថា ខេត្តកំពង់ធំ មានផ្ទៃដីដាំស្រូវចំនួនជាង១៥ម៉ឺនហិកតា ទិន្នផល ជាមធ្យមទទួលបាន ៤តោន ក្នុងមួយហិកតា ដោយការផលិតស្រូវ អាចបំពេញតាមតម្រូវ ការស្បៀងបានគ្រប់គ្រាន់ ពុំមានការព្រួយបារម្ភនោះទេ សម្រាប់សន្តិសុខស្បៀង។
ឯកឧត្តមបានលើកឡើងថា ទោះបី កាលពីឆ្នាំ២០២២ ខេត្តកំពង់ធំ រងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់ គឺមានពលរដ្ឋជាង១ម៉ឺនគ្រួសារបានរងគ្រោះ ប៉ុន្តែពួកគាត់ទទួលបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្ដល់ស្រូវពូជ ដើម្បីស្ដារការដាំដុះ ដោយពូជមានគុណភាពដុះល្អ ដែលឆ្នាំនេះ ស្រូវទទួលផលលើពីឆ្នាំកន្លងទៅគួរឱ្យកត់សម្គាល់ គឺមួយហិកតា បានដល់ ៧តោន ហើយតម្លៃស្រូវក៏ល្អ។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ទន្ទឹមនឹងការកើនឡើងនៃការផលិតស្រូវនេះ ខេត្តក៏មានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រដល់គុណភាពស្រូវ ក្នុងនោះមានការរៀបចំនូវឡសម្ងួត និងពង្រឹងសមត្ថភាពនៃការសម្ងួតស្រូវ។
ឯកឧត្តមបានអះអាងថា ខេត្តកំពង់ធំ ជាមួយនឹងការរីកកចម្រើន នៃវិស័យកសិកម្ម ខេត្តបានសាងសង់ និងជួសជុលប្រព័ន្ធធារាស្ត្រចំនួន ២៦១កន្លែង ក្នុងនោះ ប្រព័ន្ធធារាសាស្ត្រ ធំៗចំនួន ៣កន្លែង ដែលអាចស្រោចស្របស្រូវវស្សាជាង ១៣ម៉ឺនហិកតា ស្មើនឹង ៦២ភាគរយ និងស្រូវប្រាំងជាង ២៥ ០០០ហិកតា ស្មើនឹង៦៣ភាគរយ។ លើសពីនេះ ខេត្តមានប្រភពទឹក សំខាន់ៗ ដូចជាស្ទឹងសែន ស្ទឹងស្ទោង ស្ទឹងតាំងក្រសាំង និងស្ទឹងជីនិត ដែលសរុបផ្ទៃដីរង ទឹកភ្លៀង ទំហំចំនួនជាង ២លាន ៨៩ម៉ឺនហិកតា ៕

ប្រភព៖ ក្រសួងព័ត៌មាន