ខេត្តកំពង់ចាម ត្រូវបានប្រកាស «ជាខេត្តអស់មីន »
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ខេត្តកំពង់ចាម ត្រូវបានប្រកាស ជាខេត្តអស់មីន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១នៃអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាព កម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត រួមទាំងតំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិនានា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានិត បាន ពាំនាំការសាកសួរសុខទុក្ខ និងការនឹករលឹកពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់មន្ត្រីរាជការ យើងទាំងអស់ក៏ដូចជាប្រតិបត្តិករលើវិស័យដោះមីន ដែលបានពុះពារ ព្យាយាមជួយធ្វើយ៉ាងណា ដើម្បីដោះមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទះនៅក្នុងទូទាំង ប្រទេសកម្ពុជា ជាពិសេសថ្ងៃនេះគឺការដោះមីនត្រូវបានប្រកាស ខេត្តកំពង់ចាម ជាខេត្តអស់មីន។
ឯកឧត្ដម ហ៊ុន ម៉ានិត បានលើកឡើងថា បើគ្មានការចូលរួមពីក្រុមប្រតិបត្តិករ នៃការដោះមីនដែលខិតខំពុះពារគ្រប់ឧបសគ្គ ការលះបង់គ្រប់បែបយ៉ាង ទោះយើងមាន គោលនយោបាយល្អយ៉ាងណាក៏ដោយក៏មិនអាចទៅរួចដែរ។ ដូច សម្ដេចតេជោ លោកតែង មានប្រសាសន៍ បើទោះជាមានគោល នយោបាយល្អ យ៉ាងណាក៏ដោយបើគ្មាន ប្រតិបត្តិករដ៏ស្មោះត្រង់ និងពុះពារនោះទេការអនុវត្តគោលនយោបាយក៏គ្មានប្រសិទ្ធភាពដែរ។
ឯកឧត្ដម ក៏បានលើកឡើងថា ថ្ងៃនេះគឺជាជោគជ័យមួយរបស់ប្រទេស យើងហើយនិងមិនត្រូវភ្លេចថា តើមានបញ្ហាអ្វី ដែលនាំឱ្យយើងមានបញ្ហាមកដល់ថ្ងៃនេះដែរ គឺដោយសារការដឹកនាំខុស នាំឱ្យ ប្រទេសជាតិមានសង្គ្រាមបន្សល់នូវគ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះធ្វើឱ្យ ប្រជាជនយើងមានគ្រោះថ្នាក់នោះ។
ឯកឧត្ដម ហ៊ុន ម៉ានិត បានបន្ថែមថា ថ្ងៃនេះគឺជាការប្រកាសជោគជ័យ របស់យើងដែលខេត្តកំពង់ចាមជាខេត្តអស់មីន ប៉ុន្តែយើងត្រូវរំលឹកបន្ថែមទៀតនោះជាយើង ប្រកាសថ្ងៃនេះអស់មីនក៏ដោយ ប៉ុន្តែនៅតំបន់មួយចំនួនគឺជាតំបន់សង្ស័យដែលយើង ទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ហើយមិនត្រូវធ្វេសប្រហែសឡើយ ព្រោះយុទ្ធភណ្ឌមិន ទាន់ផ្ទះគឺនៅសល់នៅឡើយ ដែលអាចបង្ករគ្រោះថ្នាក់ដល់មនុស្សទៀតផង។
ឯកឧត្ដមបានបន្តទៀតថា ថ្វីត្បិតតែយើងបានប្រកាសថាជាខេត្តអស់មីន ប៉ុន្តែប្រជា ពលរដ្ឋត្រូវបន្តយកចិត្តទុកដាក់ និងធ្វើការប្រុងប្រយ័ត្នបន្តទៀត ប្រសិនបើក្នុងករណីឃើញមីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះ ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរ មីនកុំយកមកប្រើប្រាស់ ជាមុំដាំបាយ ឬដំលេងនាំឱ្យគ្រោះថ្នាក់ជាយថាហេតុ។
ឯកឧត្ដម ហ៊ុន ម៉ានិត បានសង្កាត់ធ្ងន់ថា អ្វីដែលយើងទទួលបាននៅថ្ងៃនេះគឺ ជាកត្តាសុខសន្តិភាព បើគ្មានសុខសន្តិភាពការអនុវត្តចុះដោះមីនជាបន្តបន្ទាប់ ក៏មិនអាចធ្វើ ទៅបានដែរ។ ការបញ្ចប់សង្គ្រាម និងទទួលបានសន្តិភាព មានន័យថា ខ្មែរឈប់ប្រើអាវុធ យុទ្ធភណ្ឌដើម្បីបំផ្លិចបំផ្លាញគ្នា ហើយសន្តិភាពបានផ្តល់ឱកាស និងលទ្ធភាពឱ្យខ្មែរបែរ មករួបរួមគ្នាដើម្បីបោសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាកាកសំណល់សង្គ្រាម ពីអតីតកាល។ ស្នាមញញឹមកើតមាននៅពេលដែលគ្រួសារបានរស់នៅជួបជុំគ្នា និងអាច ប្រកបរបរទ្រទ្រង់ជីវភាពដោយក្តីសុខសាន្ត ហើយបើមានការបែកបាក់ព្រាត់ប្រាសគ្នា គឺមានតែទុក្ខសោកប៉ុណ្ណោះ៕ ប្រភព៖ ក្រសួងព័ត៌មាន


