កញ្ញាឯកកម្ពុជា ប៊ី សុធារី ឈ្នះឈុតតំណាងជាតិ ក្នុងព្រឹត្តិការណ៍ «Miss Charm International 2023» នៅប្រទេសវៀតណាម
(វៀតណាម)៖ បន្ទាប់ពីបានគ្រងឈុត «រាជនីមយូរ៉ា» ដែលបង្ហាញពីសត្វក្ងោកតំណាងឲ្យភាពបរិសុទ្ធ នឹងជាប្រភេទសត្វបក្សី មានរោមខ្លួនស្អាតលើសអស់សត្វបក្សីនានា ដើម្បីចូលរួមប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេលជាច្រើនថ្ងៃរួចមក កញ្ញាឯកតំណាងឲ្យប្រទេសកម្ពុជា កញ្ញា ប៊ី សុធារី «Miss Charm Cambodia 2023» បានយកឈ្នះឈុតតំណាងជាតិ ក្នុងព្រឹត្តិការណ៍ «Miss Charm International 2023» ដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ នារាត្រីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅក្នុងប្រទេសវៀតណាម។
តាមរយៈផេកផ្លូវការ របស់កម្មវិធីប្រឡងបវរកញ្ញាអន្ដរជាតិមួយនេះ និងតាមគណនីហ្វេសប៊ុករបស់ផលិតករភាពយន្ត គឺលោក កៅ សីហា និង បានឲ្យដឹងថា កញ្ញា ប៊ី សុធារី កញ្ញាឯកតំណាងឲ្យប្រទេសកម្ពុជា បានឈ្នះឈុតតំណាងជាតិ ដែលបេក្ខនារីរូបនេះបានគ្រង គឺឈុត «រាជនីមយូរ៉ា» ក្នុងចំណោមបវរកញ្ញាមកពីពីរប្រទេសផ្សេងទៀត គឺកញ្ញាឯកមកពីប្រទេសវៀតណាម និងមីយ៉ាន់ម៉ា។
ដោយសារតែកញ្ញាឯក ប៊ី សុធារី បានក្លាយជាតួអង្គដ៏សំខាន់មួយក្នុងភាពយន្តរឿង «ម្ចាស់កីតម្បាញ» ទើបផលិតករលោក កៅ សីហា បានសម្ដែងក្ដីត្រេកអរ ដោយបានបញ្ជាក់ថា «អបអរសាទរសេដ្ឋីនី យ៉ាន ក្នុងរឿង ម្ចាស់កីតម្បាញ បានឈ្នះឈុតតំណាងជាតិក្នុងការប្រឡង Miss Charm ហើយ»។
យ៉ាងណាមិញ បើទោះជាបវរកញ្ញាឯកតំណាងកម្ពុជា ប៊ី សុធារី មិនបានទទួលជយលាភីគ្រងមកុដ ឬឈ្នះចូលក្នុងលំដាប់រងក្ដី ក៏រូបនាងបានខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព និងបាននាំយកឈុតផ្សេងៗ បង្ហាញដល់គណៈកម្មកាគ្រប់វគ្គបានយ៉ាងល្អ ក្នុងនោះមានអ្នកគាំទ្ររូបនាងទាំងជាតិ និងអន្តរជាតិទទួលស្គាល់ សមត្ថភាពបវរកញ្ញាកម្ពុជារូបនេះយ៉ាងច្រើនកុះករ។ ចំណែកឯម្ចាស់មកុដបវរកញ្ញា «Miss Charm International 2023» គឺបានទៅលើបវរកញ្ញាឯកតំណាងឲ្យប្រទេសប្រេស៊ីល។
សូមបញ្ជាក់ថា កម្មវិធីប្រកួតបវរកញ្ញាឯក នៅរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្រាប់ប្រទេសកម្ពុជាបានបញ្ជូនបេក្ខភាពរបស់ខ្លួន ទៅចូលរួមការប្រកួតនៅលើឆាកអន្តរជាតិនានា ដោយបានយកឈ្នះក្នុងឈុតតំណាងជាតិ និងឈុតផ្សេងៗជាបន្តបន្ទាប់ ដែលធ្វើឲ្យអន្តរជាតិបានស្គាល់ បានដឹងពីវប្បធម៌-អរីយធម៌របស់ខ្មែរ និងស្គាល់ប្រទេសកម្ពុជាកាន់តែច្រើន ក្នុងនោះរាល់ការប្រកួតថ្នាក់អន្តរជាតិនីមួយៗ គឺទទួលបានការគាំទ្រលើកទឹកចិត្តយ៉ាងខ្លាំងក្លា ពីសំណាក់មហាជនក្នុងប្រទេស៕ ផ្តល់សិទ្ធិដោយ៖ freshnews











