Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារអះអាងថា តម្លៃដំឡូងមីនៅខេត្តព្រះវិហារកំពុងតែល្អ

    BY Khmerpress February 18, 2023
    ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារអះអាងថា តម្លៃដំឡូងមីនៅខេត្តព្រះវិហារកំពុងតែល្អ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារ បានមានប្រសាសន៍ថា តម្លៃដំឡូងមីនៅក្នុងខេត្តកំពុងតែល្អមែនទែនមកដល់ខែ កុម្ភៈនេះ។

    លោកបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ថា “ មកដល់ពេលនេះ តម្លៃដំឡូងស្ងួត ប្រភេទចំណិតគឺឡើងដល់ជាង៩០០ រៀលនៅក្នុងមូយគីឡូក្រាម ដោយឡែកដំឡូង ស្រស់គឺចន្លោះពី ៣៧០ ទៅ៤២០ រៀលនៅក្នុងមួយគីឡូក្រាម ”

    លោកបានឲ្យដឹងថា តម្លៃដំឡូងមីននេះនៅកន្លែងខ្លះប្រជាពលរដ្ឋអាចលក់បាន ៩៣០ រៀល នៅក្នុងមួយគីឡូក្រាម កន្លែងខ្លះ ៩៥០ រៀល ហើយបើវាស្ងួតល្អ គឺកសិករយើងអាចលក់បានរហូតដល់ទៅ ៩៦០ រៀលនៅក្នុងមួយគីឡូក្រាម ។ លោកបានបន្តទៀតថា តម្លៃនេះគឺល្អមែនទែន ហើយកសិករមិនដែលទទួលបានទេនៅក្នុង រយៈពេលប្រមាណជា ១០ ឆ្នាំមកនេះ ។

    លោក ពឹង ទ្រីដា បានបន្តទៀតថា ជាមួយនឹងតម្លៃនេះបងប្អូនប្រជាកសិករនៅក្នុងខេត្តដែលបានដាំដំឡូង គឺកំពុងតែសប្បាយចិត្តមែនទែន ពីព្រោះថា ដំឡូងដែលដាំនៅក្នុងខេត្តព្រះវិហារ នេះកន្លែងខ្លះបានទិន្នផលពី ១០ ឮតោនទៅដល់ ៥០ តោនក៏មាននៅក្នុងផ្ទៃដីមួយហិចតា។

    លោកបានបន្តទៀតថា នៅពេលនេះបងប្អូនប្រជាកសិករសប្បាយចិត្តមែនទែន ហើយឈ្មួញថៃ ក៏ដូចជាឈ្មួញវៀតណាមបានចុះមកប្រមូលទិញអស់ៗតែម្តង។ តាមប្រសាសន៍របស់លោកប្រធានមន្ទីរ កន្លងមកតម្លៃដំឡូងមី ដែលវាចុះមែនទែន គឺប្រភេទដំឡូងស្រស់បានចុះដល់ ១០០ រៀលនៅក្នុងមួយគីឡូក្រាម តែឆ្នាំនេះតម្លៃដំឡូងវាបានកើនឡើងប្រមាណជាង៣ ដង ។

    លោកបានបន្តថា សម្រាប់ដំឡូងកាលណាឡើងឫចុះតែបន្តិចគឺប្រាក់ចំណូលរបស់ប្រជាកសិករខុសគ្នាមែនទែន ដោយសារតែវាគឺជាប្រភេទដំណាំដែលផ្តល់ផលខ្ពស់។ ពាក់ព័ន្ធនឹងប្រភេទដំណាំដំឡូងមីនេះ លោកប្រធានមន្ទីរបានព្យាករណ៍ថា សម្រាប់ឆ្នាំក្រោយតម្លៃនៃដំឡូងមីនឹងបន្តកើនឡើងបន្ថែមទៀត ជាពិសេសនៅក្នុងអំឡុងពេលដែលប្រេងបន្តឡើងថ្លៃ ពីព្រោះដំឡូងមី ក៏អាចត្រូវបានគេកែច្នៃជាអេតាណុល ដែលជាប្រភេទប្រេងជីវឥន្ធនៈម្យ៉ាង ហើយវាក៏ជាធនធានដ៏សំខាន់សម្រាប់ស្បៀង ជាពិសេសគឺម្សៅមី ។

    មកដល់ពេលនេះ ដំឡូងមី គឺជាប្រភេទដំណាំកសិ-ឧស្សាហកម្មមួយប្រភេទដែលកំពុងតែបង្កបង្កើនផលដោយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារនៅលើផ្ទៃដីប្រមាណជា ៣២.០០០ ហិចតា ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: