សហព័ន្ធកីឡាកាយវប្បកម្ម សម្រេចពិន័យកីឡាករ ២រូប ដែលជាប់ពាក់ព័ន្ធសារធាតុហាមឃាត់
(ភ្នំពេញ)៖ ទីបំផុតសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានសម្រេចពិន័យកីឡាករ ២រូប គឺកីឡាករ ផាន់ ណារិទ្ធ និងកីឡាករ ស៊ាង ម៉េងសាង ហើយ ក្រោយអ្នកទាំងពីរ បានសារភាពពីកំហុសពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុហាមឃាត់ កំឡុងការប្រកួតកីឡាជាតិ លើកទី៣ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ។
ការអនុវត្តវិធានការច្បាប់របស់សហព័ន្ធនេះ ត្រូវបានប្រកាសក្នុងសន្និសីទសារព័ត៌មាន កាលពីចុងសប្ដាហ៍កន្លងទៅ ដោយលោក តឹក ប៊ុនវី ប្រធានសហព័ន្ធ ហើយក៏មានការចូលរួមពីសាមីកីឡាករទាំង ២រូប ព្រមទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនីជាច្រើនផងដែរ ខណៈកីឡាករ ផាន់ ណារិទ្ធ ដែលជាម្ចាស់មេដាយមាសកីឡាជាតិ បានទទួលស្គាល់ថា ខ្លួនពិតជាបានប្រើប្រាស់សារធាតុហាមឃាត់ ដោយមិនជាប់ពាក់ព័ន្ធលោក សំបូរ សុភ័ណ្ឌ ឬអ្នកណាឡើយ ។
ជុំវិញរឿងរ៉ាងដ៏រសើបនេះដែរ លោក តឹក ប៊ុនវី បានសម្ដែងការសោកស្ដាយជាខ្លាំង បន្ទាប់ពីកីឡាករទាំងពីរ បានទទួលស្គាល់កំហុស ផ្ទុយពីការរាយការណ៍ដំបូងមកសហព័ន្ធ ។ ការណ៍នេះ នាំឲ្យសហព័ន្ធត្រូវអនុវត្តវិធានការច្បាប់ ដោយគ្មានការលើកលែង ដោយសហព័ន្ធបានសម្រេចពិន័យតាមកិច្ចសន្យា គឺបញ្ឈប់ពួកគេពីកីឡាករ និងហាមមិនឲ្យចូលរួមការប្រកួតនានា ទាំងក្នុង និងក្រៅស្រុក រហូតផុតបំរាមរបស់ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក(WADA) ។
លើសពីនេះ សហព័ន្ធបានដកហូតមេដាយកីឡាជាតិ លើកទី៣ ក្នុងនោះកីឡាករ ផាន់ ណារិទ្ធ ឈ្នះមេដាយមាស លើវិញ្ញាសា Bodybuilding 60kg និងកីឡាករ ស៊ាង ម៉េងសាង ឈ្នះមេដាយប្រាក់លើវិញ្ញាសា Bodybuilding over 80kg មកតម្កល់នៅសហព័ន្ធ ព្រមទាំងពិន័យពួកគេ ក្នុងម្នាក់ ២,៥០០ដុល្លារ ស្របតាមកិច្ចសន្យា រវាងសហព័ន្ធ និងកីឡាករជម្រើសជាតិទៀតផង ។ ចំពោះថវិកាពិន័យនេះ នឹងត្រូវបរិច្ចាគទៅមន្ទីរពេទ្យកុមារ ឬធ្វើកិច្ចការសប្បុរសធម៌ តាមរយៈគ្រូ ឬកីឡាករផ្សេងទៀត ។
បើតាមការបញ្ជាក់របស់ប្រធានសហព័ន្ធដដែល ធម្មតាពិន័យរបស់ WADA គឺមានរយៈពេល ៤ឆ្នាំ តែក៏អាស្រ័យលើការផ្ដល់សក្ខីកម្មជាក់ស្ដែងរបស់កីឡាករ ដល់ភ្នាក់ងារប្រយុទ្ធប្រឆាំងសារធាតុហាមឃាត់(ដូភីង)នៅកម្ពុជាដែរ ។ លោក តឹក ប៊ុនវី បានលើកឡើងទាំងសោកស្ដាយថា «ក្នុងនាមសហព័ន្ធមួយ បើយើងអត់មានច្បាប់ទម្លាប់ច្បាស់លាស់ ពេលអ្នកមកក្រោយ គេយកគំរូ ឬធ្វើតាមគ្រប់គ្នា ធ្វើឲ្យសហព័ន្ធអត់តម្លៃ។ អ៊ីចឹងបានបងប្អូនកីឡាករទាំងអស់ ហាមដាច់ខាត ត្រូវចៀសឲ្យផុតពីសារធាតុហាមឃាត់…»។
គួរដឹងថា កីឡាកាយវប្បកម្ម ត្រូវបានដកចេញពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បន្ទាប់ពីរកឃើញកីឡាករ ២រូបខាងលើ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុមហាមឃាត់ ក្នុងការប្រកួតកីឡាជាតិ លើកទី៣ ។ ការដកសិទ្ធនេះ បានធ្វើឲ្យថ្នាក់ដឹកនាំសហព័ន្ធ ពិសេសកីឡាករ-កីឡាការិនីជម្រើសជាតិផ្សេងទៀត មានការសោកស្ដាយជាខ្លាំង ដ្បិតពួកគេបានខិតខំហ្វឹកហាត់ជាច្រើនឆ្នាំមកហើយ ដើម្បីត្រៀមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS



