Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមហាផ្ទៃណែនាំឱ្យអភិបាលរាជធានី ខេត្ដ ផ្អាកការផ្ដល់សិទ្ធិផ្ដាច់មុខដល់ក្រុមហ៊ុនឯកជនក្នុងការគ្រប់គ្រង និងប្រមូលចំណូលលើទីតាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ

    BY Khmerpress February 21, 2023
    ក្រសួងមហាផ្ទៃណែនាំឱ្យអភិបាលរាជធានី ខេត្ដ ផ្អាកការផ្ដល់សិទ្ធិផ្ដាច់មុខដល់ក្រុមហ៊ុនឯកជនក្នុងការគ្រប់គ្រង និងប្រមូលចំណូលលើទីតាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ដើម្បីធានាដល់ការអនុវត្ដនូវគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព ស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មតាមមធ្យោបាយគ្រប់ប្រភេទ ដែលស្ថិតក្រោម សមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក និងខណ្ឌ នោះ ក្រសួងមហាផ្ទៃបានធ្វើការណែនាំដល់អភិបាល នៃគណៈអភិបាលរាជធានី ខេត្ដ ត្រូវចាត់ចែងអនុវត្ដន៍ ដោយផ្អាកការអនុញ្ញាតផ្ដល់សិទ្ធិផ្ដាច់មុខដល់ក្រុមហ៊ុនឯកជនក្នុងការគ្រប់គ្រង និងប្រមូលចំណូលលើទីតាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទរហូតដល់មានការសម្រេចជាថ្មី។

    នេះបើយោងលិខិតរបស់ក្រសួងមហាផ្ទៃ លេខ៣៨៤ សជណ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ជម្រាបមកឯកឧត្ដម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ដ ស្ដីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មតាមមធ្យោបាយគ្រប់ប្រភេទ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក និងខណ្ឌ ដែលចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ។

    ក្នុងលិខិតនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានជម្រាបជូនឯកឧត្ដម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ដជ្រាបថា រាជរដ្ឋាភិបាលបានឯកភាពជាគោលការណ៍លើរបាយការណ៍លទ្ធផលនៃកិច្ចប្រជុំលើកទី១ របស់ក្រុមការងារអន្ដរក្រសួង ដើម្បីសិក្សាស្រាវជ្រាវ និងកំណត់នីតិវិធីនៃការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មតាមមធ្យោបាយគ្រប់ប្រភេទ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក និងខណ្ឌ។ សម្ដេចក្រឡាហោមបានបញ្ជាក់ថា ដោយឈរលើមូលដ្ឋាននេះ រដ្ឋបាលរាជធានី ខេត្ដ ត្រូវរៀបចំរបាយការណ៍លម្អិតអំពីការផ្ដល់ការអនុញ្ញាត និងការគ្រប់គ្រង ការប្រមូលចំណូលពីការធ្វើអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាំងពីដើមរហូតដល់បច្ចុប្បន្ន ដោយភ្ជាប់មកជាមួយនូវសេចក្ដីចម្លងនៃកិច្ចសន្យាពាក់ព័ន្ធ និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មលើសេវាផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ជូនមកក្រសួងមហាផ្ទៃឱ្យបានមុនថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត ដើម្បីក្រុមការងារអន្ដរក្រសួងធ្វើការសិក្សា និងពិភាក្សារកដំណោះស្រាយឱ្យបានសមស្រប។

    ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិធ្វើការរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងឡាយណាដែលស្ថិតនៅលើជាប់ជញ្ជាំងអគារ និងនៅលើដីចំណីផ្លូវសាធារណៈ ដែលអស់សុពលភាព ឬគ្មានច្បាប់អនុញ្ញាត ឬចាស់ពុកផុយទ្រុឌទ្រោម សំដៅធានាសុវត្ថិភាព សោភ័ណភាព និងសណ្ដាប់ធ្នាប់សាធារណៈ និងត្រូវហាមឃាត់រាល់ការបំពានផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗដែលមិនមានការត្រួតពិនិត្យទាំងរូបភាព និងខ្លឹមសារអក្សរឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ក្នុងភូមិសាស្រ្ដរាជធានី ខេត្ដ។

    សម្ដេចក្រឡាហោម ស ខេង ក៏បានស្នើឱ្យឯកឧត្ដម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ដ ចាត់ចែងអនុវត្ដន៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: