Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្មកម្ពុជា នឹងចុះប្រមូល-ទទួលទិញបន្លែ និងកសិផលកសិកម្មផ្សេងៗជាង៥០០តោន ក្នុងមួយថ្ងៃពីកសិករ នៅសហគមន៍មូលដ្ឋាន

    BY Khmerpress February 22, 2023
    មជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្មកម្ពុជា នឹងចុះប្រមូល-ទទួលទិញបន្លែ និងកសិផលកសិកម្មផ្សេងៗជាង៥០០តោន ក្នុងមួយថ្ងៃពីកសិករ នៅសហគមន៍មូលដ្ឋាន

    (ភ្នំពេញ)៖ មជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្មកម្ពុជា និងអង្គការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្ដីពី ការប្រមូល-ទទួលទិញបន្លែ ផ្លែឈើ និងកសិផលផ្សេងៗ ពីបណ្តាសហគមន៍កសិកម្ម នៅក្នុងខេត្តគោលដៅ ជុំវិញរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

    សេចក្ដីជូនដំណឹង បានឲ្យដឹងថា នៅពេលឆាប់ៗនេះ មជ្ឈមណ្ឌលមាន «ផ្សារសុភ័ក្ត្រមិត្ត» ជាផ្សារបណ្តាញបុត្រសម្ព័ន្ធច្រើន ទីតាំងនៅរាជធានីភ្នំពេញ មានផែនការចុះប្រមូល-ទទួលទិញបន្លែ និងកសិផលកសិកម្មផ្សេងៗទៀត ប្រមាណជា៥០០តោន ក្នុងមួយថ្ងៃពីកសិករ នៅសហគមន៍មូលដ្ឋាន ដែលកន្លងមក និងបច្ចុប្បន្នប្រជាកសិករតែងតែត្អូញត្អែ អំពីបញ្ហាទីផ្សារកសិកម្ម ជួបការលំបាក ក្នុងការលក់ភោគផលកសិកម្ម ដែលកសិករផលិតបាន។

    ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើ មជ្ឈមណ្ឌលប្ដេជ្ញាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្នុងបំណងដើម្បីលើកកម្ពស់តម្លៃផលិតផលក្នុងស្រុក ពង្រីកទីផ្សារកសិកម្មជូនប្រជាកសិករ និងពង្រឹងយន្តការគ្រប់គ្រងបណ្តាញខ្សែសង្វាក់ផលិតកម្មកសិកម្ម នៅសហគមន៍ជនបទ។

    ស្របពេលនេះផងដែរ មជ្ឈមណ្ឌល សូមអំពាវនាវដល់បងប្អូនអាជីវករកំពុងលក់ដូរលើដីចិញ្ចើមផ្លូវម៉ៅសេទុង និងផ្លូវមុនីរ៉េត គួមានស្មារតីភ្ញាក់រលឹក ចូលរួមគាំទ្រមកលក់-ដូរ នៅមជ្ឈមណ្ឌល ដើម្បីលើកកម្ពស់កិត្យានុភាពជាតិទាំងអស់គ្នា។

    បេសកកម្មរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មកសិកម្មកម្ពុជា និងអង្គការ មានទិសដៅសំខាន់ៗ ៥ ដូចខាងក្រោម ៖

    ១៖ គ្រប់អាជីករគោលដៅត្រូវបានពង្រឹងសមត្ថភាពឲ្យយល់ដឹង អំពីប្រព័ន្ធគ្រប់គ្រងអាជីវកម្មឌីជីថល ។
    ២៖ បញ្ជ្រាប និងលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការផ្តល់ចំណេះដឹងអភិវឌ្ឍន៍អាជីវកម្ម ។
    ៣៖ គំនិតផ្តួចផ្តើមបង្ករបង្កើតសហគមន៍បៃតង តាមរយៈចលនាសកម្មភាពអនុវត្តន៍កសិកម្មចម្រុះ ឲ្យឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ។
    ៤៖ កសិករជាដៃគូភាគច្រើនក្លាយជាសហគ្រិនភាពឆ្នើម ប្រកបដោយទេពកោសល្យខាងអាជីវកម្មកសិកម្ម។
    ៥៖ ទីក្រុងមានរបៀបរៀបរយល្អ ដោយធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយសាលារាជធានីភ្នំពេញ តាមរយៈការរៀបចំសណ្តាប់ធ្នាប់ក្រុមអាជីវករ និងកែលម្អរការលក់ដូរនៅតាមចិញ្ចើមផ្លូវសាធារណៈជាបណ្ដើរៗ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សាធារ និងកាត់បន្ថយការស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញពេលបច្ចុប្បន្ននិងថ្ងៃអនាគត ។

    តាមរយៈខ្លឹមសារ នៃសេចក្ដីជូនដំណឹងនេះ ជាព័ត៌មានផ្តល់ជូនបងប្អូនប្រជាកសិករ និងតួអង្គពាក់ព័ន្ធនានា ត្រៀមរៀបចំផែនការអាជីវកម្ម ដើម្បីចូលរួមអនុវត្តន៍គម្រោងមជ្ឈមណ្ឌល ដែលសមស្របសម្រាប់បរិបទបច្ចុប្បន្ន។

    ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនង មករដ្ឋបាលមជ្ឈមណ្ឌល ស្ថិតនៅភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឬតាមទំព័រហ្វេសប៊ុកផ្លូវការ របស់មជ្ឈមណ្ឌល ឬតាមលេខទូរស័ព្ទ០១២ ៨០០០ ១២/ ០៧១ ៧៧៧៧ ២១២/ ០៨៦ ២៧ ៩០ ៤៥។ អាសយដ្ឋានមជ្ឈមណ្ឌល ទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: