BREAKING: រកឃើញអ្នកប៉ះពាល់កុមារីកើតជំងឺផ្តាសាយបក្សី១២នាក់ ៤នាក់ ចេញរោគសញ្ញា, មន្ត្រីជាន់ខ្ពស់ក្រសួង អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន
(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ Fresh News ឱ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ក្រុមការឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល បានរកឃើញមនុស្ស ១២នាក់ ដែលបានប៉ះពាល់ជាមួយកុមារីកើតជំងឺផ្តាសាយបក្សី H5N1 នៅក្នុងខេត្តព្រៃវែង។ ក្នុងនោះអ្នកប៉ះពាល់ ៤នាក់ បានចាប់ផ្តើមចេញរោគសញ្ញា។
លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា ក្រុមការងារឆ្លើយតបបន្ទាន់ បានយកសំណាកពួកគេមកវិភាគរោគនៅមន្ទីរពិសោធន៍ក្នុងរាជធានីភ្នំពេញ ហើយលទ្ធផលនឹងបង្ហាញនៅថ្ងៃស្អែក។
លោកស្រី យក់ សម្បត្តិ បានឱ្យដឹផងដែរថា ក្រុមការងារឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល នឹងបន្តស្វែងរកអ្នកប៉ះពាល់កុមារីកើតជំងឺផ្តាសាយបក្សីបន្តទៀតនៅតាមសាលានាថ្ងៃស្អែកនេះ។
ជាមួយនឹងរកឃើញអ្នកប៉ះពាល់នេះ លោកស្រី យក់ សម្បត្តិ អំពាវនាវដល់ប្រជាពលរដ្ឋក្នុងភូមិកើតហេតុ ឱ្យបង្កើនការប្រុងប្រយ័ត្នថែទាំងសុខភាព និងអនុវត្តន៍តាមការណែនាំទាំងឡាយរបស់មន្ត្រីជំនាញ៕ ផ្តល់សិទ្ធិដោយ៖ FRESH NEWS



