កម្ពុជាចំណាយលើការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម តិចជាងប្រទេសមួយចំនួនលើសពី ១០០%
(ភ្នំពេញ)៖ កម្ពុជាគ្រោងចំណាយថវិកាប្រមាណ ១២៤លានដុល្លារ សម្រាប់ដំណើរការរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គ្រាដែលខ្ទង់ចំណាយនេះ តិចជាងការចំណាយរបស់ប្រទេសមួយចំនួន ដែលធ្លាប់រៀបចំព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ រហូតដល់លើសពី ១០០% ឯណោះ ។
នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពនៃការត្រៀមរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា សហការជាមួយ NOCC កាលពីថ្ងៃទី២៣ ខែកុម្ភៈម្សិលមិញ ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ។
លោក វ៉ាត់ ចំរើន បានឲ្យដឹងថា កន្លងមកថ្នាក់ដឹកនាំ ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានបង្ហើបអំពីគម្រោងប្រហាក់ប្រហែលលើខ្ទង់ចំណាយ នៃការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រក្នុងរយៈពេល ៦៤ឆ្នាំនេះ ក្រោមគោលការណ៍ “សន្សំសំចៃ តែធ្វើឲ្យមានភាពអស្ចារ្យ” មានន័យថា ការចំណាយរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជានេះ ត្រូវទាបជាងការរៀបចំនៅប្រទេសផ្សេងៗ ។
លោកថា «អ៊ីចឹងជាគម្រោង និងការសម្រេចរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ជាលេខមូលគិតជាលុយរៀល គឺ ៥០៥ប៊ីលានរៀល ឬគិតជាដុល្លារប្រមាណ ១២៤លានដុល្លារ ។ ខ្ទង់ចំណាយនេះ បើធៀបនឹងការរៀបចំស៊ីហ្គេមនៅប្រទេសផ្សេងៗ យើងក្រោមគេទាំងអស់ ។ ប្រទេសខ្លះយើងចាយក្រោមគេលើសពី ១០០% ទៅទៀត ជាក់ស្ដែងកាលស៊ីហ្គេម ឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា និងស៊ីហ្គេម ឆ្នាំ២០១៥ នៅសិង្ហបុរី គេចាយសុទ្ធតែជាង ៣០០លានដុល្លារឯណោះ» ។
បន្ថែមលើនេះ លោកក៏ភ្ញាក់ផ្អើល ចំពោះព័ត៌មានមួយចំនួន ដែលចុះផ្សាយថា វៀតណាម ចំណាយត្រឹម ៤០លានដុល្លារ ក្នុងស៊ីហ្គេម ឆ្នាំ២០២២ កន្លងទៅផងដែរ ។ លោកថា «នេះគឺជាការយល់ខុស មិនដឹងគាត់យកប្រភពមកពីណា អត់មានប្រភពត្រឹមត្រូវថា ស៊ីហ្គេមនៅវៀតណាម ចាយអស់តែ ៤០លានដុល្លារ ។ តែវៀតណាម បានបង្ហាញតួរលេខច្បាស់ណាស់ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅរាជធានីភ្នំពេញ បើគិតជាដុល្លារ គេចាយអស់ជាង ១៤០លានដុល្លារឯណោះ» ។
ជារួមរាល់ការរៀបចំស៊ីហ្គេមម្ដងៗ គឺចំណាយមិនតិចជាង ១០០លានដុល្លារនោះទេ ដោយមិនទាន់បូកការចំណាយលើការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលត្រូវចំណាយពី ៣០ ទៅ ៤០លានដុល្លារផង ។ ជាក់ស្ដែងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី កាលពីចុងឆ្នាំ២០២២ បន្ទាប់ពីវៀតណាមបោះបង់សិទ្ធធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជនពិការនេះ តាមតូរលេខក្រៅផ្លូវការ ម្ចាស់ផ្ទះឥណ្ឌូនេស៊ី បានចំណាយថវិកាជាង ៣៥លានដុល្លារ ។
ក្រឡេកមកកម្ពុជាវិញ សម្រាប់ខ្ទង់ចំណាយខាងលើ មិនត្រឹមតែផ្ដោតលើការរៀបចំស៊ីហ្គេម និងអាស៊ាប៉ារ៉ាហ្គេមនោះទេ ថែមទាំងចំណាយលើការងារជាច្រើន សូម្បីការងារអភិវឌ្ឍន៍កីឡាកម្រិតខ្ពស់ ដោយរយៈពេល ២ឆ្នាំចុងក្រោយ គណៈកម្មាធិការជាតិ CAMSOC គឺបានរ៉ាប់រង រាល់ការចេញទៅហ្វឹកហាត់ និងការប្រកួតក្រៅប្រទេសរបស់កីឡាករ-កីឡាការិនីជម្រើសជាតិ ផ្ទុយពីប្រទេសផ្សេងៗ ដែលចំណាយជាង ១០០លានដុល្លារ ឬ ៣០០លានុដល្លារ គឺសម្រាប់តែរៀបចំស៊ីហ្គេមមួយប៉ុណ្ណោះ ។
ប្រតិបត្តិករកីឡាឆ្នើមកម្ពុជាដដែលបញ្ជាក់ថា «កម្រិតលុយប៉ុណ្ណឹង យើងចាយតាំងពីឆ្នាំ២០១៩ មិនមែនទើបចាយឥលូវទេ…។ បើយើងគិតពីការចំណាយលើស៊ីហ្គេម គឺអាចក្រោម ឬប្រហាក់ប្រហែល ១០០លានដុល្លារប៉ុណ្ណោះ ហើយទុកប្រមាណជាង ២០លានដុល្លារទៀត សម្រាប់រៀបចំអាស៊ានប៉ារ៉ាហ្គេម ។ អ៊ីចឹងយើងគួរតែមានមោទនភាពទាំងអស់គ្នាថា យើងបានឈានដល់កម្រិត Saving Games តាមរយៈបច្ចេកទេស តែយើងនឹងធ្វើឲ្យមានភាពអស្ចារ្យ ឬអាចលើសពីបណ្ដាប្រទេសផ្សេងៗ ដែលធ្លាប់រៀបចំ» ។
ជារួមការចំណាយរបស់កម្ពុជា បើធៀបនឹងការចំណាយរបស់ប្រទេសផ្សេងៗ គឺមានភាពសន្សំសំចៃខ្ពស់ តែកម្ពុជាមានម្ចាស់ការលើខ្លួនឯងក៏ខ្ពស់ផងដែរ ពិសេសដោយគោរពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ទោះបីអនុវត្តគោលការណ៍សន្សំសំចៃក្ដី តែនឹងរៀបចំការទទួលបដិសណ្ឋារកិច្ច ដល់ប្រតិភូ អត្តពលិក និងភ្ញៀវជាតិ-អន្ដរជាតិទាំងអស់ ក្នុងនាមម្ចាស់ផ្ទះ ប្រកបដោយកិត្ដិយស និងសេចក្ដីថ្លៃថ្នូរបំផុត ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន ៕ ផ្តល់សិទ្ធិដោយ៖ freshnews












