កម្ពុជា កែប្រែទម្លាប់ចាស់កីឡាស៊ីហ្គេម ដោយបានផ្ដួចផ្ដើមឱ្យមានការលក់សិទ្ធិផ្សាយ តាមទូរទស្សន៍
(ភ្នំពេញ)៖ កម្ពុជា តាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកែប្រែទម្លាប់ចាស់នៃការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាមួយការផ្ដួចផ្ដើមឱ្យមានការលក់សិទ្ធិផ្សាយតាមទូរទស្សន៍។ នេះបើតាមឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពការងាររបស់កម្ពុជា សម្រាប់ការរៀបចំ កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម កាលពីថ្ងៃទី២៣ ខែកុម្ភៈ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ចំនួន៣១លើកកន្លងមក ត្រូវបានឱ្យដឹងថា តែងតែអនុញ្ញាតឱ្យមានការផ្សាយបន្តផ្ទាល់ពីប្រទេសជាម្ចាស់ផ្ទះ ដោយឥតគិតថ្លៃ។ យ៉ាងណាមិញ ស៊ីហ្គេម លើកទី៣២ ដែលចំពេលកម្ពុជា ធ្វើម្ចាស់ផ្ទះ គឺជាការចាប់ផ្ដើមទំព័រថ្មី ដែលមានការលក់សិទ្ធិផ្សាយ បន្ទាប់ពីត្រូវបានព្រមព្រៀងរួមគ្នា ដោយសមាជិកសហព័ន្ធកីឡាស៊ីហ្គេម នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council Meeting) ដែលបានធ្វើឡើងកាលពីខែកក្កដា កន្លងទៅ នារាជធានីភ្នំពេញ។
អគ្គលេខាធិការ CAMSOC ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ដូច្នេះថា៖ «យើងបានទទួលជោគជ័យមួយទៀត យើងបានកែប្រែទម្លាប់ចាស់កីឡាស៊ីហ្គេម គឺជាទូទៅលើកមុនម្ចាស់ផ្ទះ ក៏ដូចជាការប្រកួតកីឡាស៊ីហ្គេម អត់ដែលមានលក់សិទ្ធិផ្សាយតាមទូរទស្សន៍ទេ ប៉ុន្តែឥឡូវនេះដោយការឈ្លៀសវៃ ក៏ដូចជាគតិបណ្ឌិត ការចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ថោង ខុន ដែលជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ផង ប្រធានអូឡាំពិកផង ហើយយើងត្រូវពុះពារស្វែងរកការលក់សិទ្ធិនេះឱ្យបាន ដើម្បីជាការបើកទ្វារមួយ បើកផ្លូវមួយឱ្យស៊ីហ្គេមលើកក្រោយៗទៀតគេធ្វើដែរ»។
ឯកឧត្តមបានបន្តថា បណ្ដាប្រទេសទាំងអស់ បានទទូចឱ្យកម្ពុជាផ្ដើមធ្វើរឿងនេះ ដ្បិតការលក់សិទ្ធិ គឺទទួលបានចំណូល ខណៈកន្លងមក គឺតែងតែផ្សាយដោយឥតគិតថ្លៃ ដែលនាំឱ្យបាត់គុណតម្លៃ គុណប្រយោជន៍។ ឯកឧត្តមសង្កត់ធ្ងន់ថា ដើម្បីឱ្យមានប្រយោជន៍ គឺទាល់តែមានតម្លៃ ពីការលក់សិទ្ធិផ្សាយនេះ ដូច្នេះក្នុងជំហរ និងបរិបទបែបនេះ កម្ពុជាបានផ្ដួចផ្ដើមការលក់សិទ្ធិផ្សាយ ហើយទទួលបានសិទ្ធិពេញលេញ ក្នុងការលក់សិទ្ធិផ្សាយ តាមទូរទស្សន៍ដោយជោគជ័យ។
គិតមកទល់ពេលនេះ មានប្រទេសចំនួន ២ហើយ ដែលបានទិញសិទ្ធិផ្សាយបន្តផ្ទាល់ពីកម្ពុជា នោះ គឺវៀតណាម និងម៉ាឡេស៊ី។ VTVcab គឺជាបណ្ដាញផ្សព្វផ្សាយដំបូងគេ ដែលទទួលបានសិទ្ធិផ្សាយនៅទូទាំងប្រទេសវៀតណាម បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចសន្យារវាងតំណាង VTVcab និងក្រុមហ៊ុន Viet Nam Future Media Joint Stock Company (On Media) ដែលត្រូវបានអនុញ្ញាតឱ្យចែកចាយសិទ្ធិ ដោយគណៈកម្មាធិការជាតិ CAMCOC។ ដៃគូមួយទៀត គឺក្រុមប្រឹក្សាប៉ារ៉ាឡាំពិកនៃប្រទេសម៉ាឡេស៊ី ក៏បានទិញសិទ្ធិផ្សាយទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ពីកម្ពុជាផងដែរ៕ ប្រភព៖ CAMBODIA2023


