លែងមានការកកស្ទះចរាចរណ៍ទៀតហើយ! ស្ពានអាកាសឫស្សីកែវ នឹងដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០១ ខែមីនាខាងមុខនេះ
(ភ្នំពេញ)៖ យោងតាមសេចក្ដីជូនដំណឹង ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ស្ពានអាកាសឫស្សីកែវ នឹងដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានអាកាសឫស្សីកែវ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។
បច្ចុប្បន្នស្ពានអាកាស ដែលមានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ និងមានទទឹង ១៥.៨ម៉ែត្រ ដែលក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ទទួលបានគោលការណ៍សាងសង់ពីរាជរដ្ឋាភិបាល សម្រេចការសាងសង់បានស្ទើរ១០០ភាគរយហើយ នៅសល់តែការងារក្រាលកៅស៊ូ និងអ៊ុតគំនូសចរាចរ ដែលគ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់ទាំងស្រុង នាប៉ុន្មានថ្ងៃខាងមុខនេះ។
ស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២៕




