សម្តេចតេជោ ហ៊ុន សែន៖ រយៈពេលពីរថ្ងៃមកនេះអ្នកជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ កើនលើសពីសមត្ថភាពមន្ទីរពេទ្យហ្លួងម៉ែ និងមន្ទីរពេទ្យ Great Duck
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្រាប់រយៈពេលពីរថ្ងៃនេះ ពោលគឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ អ្នកជំងកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ បានកើនលើសពីសមត្ថភាពមន្ទីរពេទ្យហ្លូងម៉ែ និងមន្ទីរពេទ្យ Great Duck ព្រមទាំងមន្ទីរពេទ្យនានាផ្សេងទៀត។ ការកើនឡើងបន្ថែមនៃចំនួននេះ ធ្វើឱ្យអ្នកជំងឺកូវីដ១៩ សរុបនៅកម្ពុជា កើនឡើងដល់ជាង៤ពាន់នាក់ គិតត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ។
ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលជាង១ឆ្នាំយើង មានអ្នកជំងឺកូវីដ១៩ ត្រឹមតែ៥០០នាក់ទេ ក៏ប៉ុន្តែមកដល់ថ្ងៃនេះ ចំនួនអ្នកជំងឺរបស់យើង មានរហូតដល់៤០៨០នាក់ ពីម្សិលមិញ អ្នកជំងឺរបស់យើង បានឆ្លងចំនួន៥៧៦នាក់ ថ្ងៃនេះទៀតឆ្លង៤៨៣នាក់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពេទ្យយើងទ្រទ្រង់លែងជាប់ហើយ ពេទ្យយើងទ្រទ្រង់លែងបានហើយ គ្រាន់តែពីរថ្ងៃនេះ មានអ្នកជំងឺជាង១០០០នាក់ វាលើសពីសមត្ថភាពមន្ទីរពេទ្យហ្លូងម៉ែ វាលើសពីមន្ទីរពេទ្យ អាំងទែកង់ទីណង់តាល់ (បច្ចុប្បន្នសណ្ឋាគារ Great Duck) និងមន្ទីរពេទ្យនានា ដែលពោលពេញទៅដោយអ្នកជំងឺហើយ»។
ជុំវិញការកក់ណែនអ្នកជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យ ពេទ្យហ្លូងម៉ែ និងមន្ទីរពេទ្យ Great Duck ព្រមទាំងមន្ទីរពេទ្យមួយចំនួននោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដូច្នេះហើយ បានជារាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានរៀបចំវិធានការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ប៉ុន្តែសម្រាប់ការព្យាបាលអ្នកជំងឺនៅតាមផ្ទះ ត្រូវតែធ្វើឱ្យបានម៉តចត់បំផុត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ដោយឡែកសម្រាប់ការព្យាបាលនៅតាមផ្ទះ មានលក្ខខណ្ឌចំនួនពីរ គឺទី១៖ មិនត្រូវអនុញ្ញាតឱ្យអ្នកមានជំងឺធ្ងន់ធ្ងរ ដាច់ខាតមិនត្រូវអនុញ្ញាតឱ្យអ្នកជំងឺព្យាបាលនៅផ្ទះនោះទេ ត្រូវតែបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យ សម្រាប់លក្ខខណ្ឌទី២៖ ប្រសិនបើផ្ទះអ្នកជំងឺមានទំហំតូចពេក ក៏មិនត្រូវអនុញ្ញាតឱ្យព្យាបាលនៅផ្ទះដែល ព្រោះអាចបង្កឱ្យឆ្លងរាលដាលដល់អ្នកនៅក្នុងផ្ទះ ដូច្នេះ គឺតម្រូវបញ្ជូនអ្នកជំងឺមកព្យាបាលនៅមន្ទីរពេទ្យដែលអាជ្ញាធរបានរៀបចំសម្រាប់ព្យាបាលអ្នកជំងឺឱ្យបានលឿនបំផុត។
ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា បច្ចុប្បន្ននេះ ដោយសារមន្ទីរពេទ្យហ្លូងម៉ែ មន្ទីរពេទ្យ Great Duck និងមន្ទីរពេទ្យនានា ពោលពេញដោយមនុស្សរាជរដ្ឋាភិបាល បានរៀបចំវិទ្យាល័យចំនួនពីរ និងទីតាំងមួយកន្លែងទៀតមានសណ្ឋានជារោងចក្រ មានចំនួនជាង ៨០០គ្រែ ព្រមទាំងបូកសរុបវិទ្យាល័យចំនួន២កន្លែងទៀត បានជិត ២០០០គ្រែផងដែរ។
ជុំវិញការខ្វះខាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាល ដែលគិតគូរសុខទុក្ខប្រជាពលរដ្ឋជាធំនោះ បានបញ្ជាក់យ៉ាងយ៉ាងដូច្នេះថា៖ «យប់មិញនេះ ខ្ញុំបានសុំទៅអ្នកឧកញ៉ា ពង់ ឃាងសែ ដោយសុំគាត់យកសាលតាំងពិព័រណ៌កោះពេជ្រ ធ្វើជាទីកន្លែងសម្រាប់ទទួលអ្នកជំងឺកូវីដ-១៩ ស្រាល គាត់មិនត្រឹមតែឱ្យសាលតាំងពិព័រណ៌ទេ គឺគាត់បានឱ្យអគាររៀបការទាំងប៉ុន្មាន នៅក្នុងលើកោះពេជ្រ ដើម្បីរៀបចំ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យកូនប្រុសច្បង និងកូនប្រសារប្រញាប់ចុះជួយរៀបចំ ដោយឱ្យកងទ័ពចេញជួយរៀបចំអគារនៅកោះពេជ្រ សម្រាប់ព្យាបាលអ្នកជំងឺ។ ខណៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរៀបចំវិទ្យាល័យចំនួនពីរ ហើយក្រសួងសុខាភិបាលចាត់ចែងរៀបចំគ្រែ។ សាលពិព័រណ៍ និងអគាររៀបការនៅទីក្រុងកោះពេជ្រ នឹងក្លាយជាទីតាំងមួយបន្ថែមទៀត ដើម្បីដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។ ការប្រកាសនេះ ស្របពេលដែលរដ្ឋាភិបាល បានរៀបចំទីតាំងព្យាបាលបន្ថែមជាបន្តបន្ទាប់សាលារៀន និងទីតាំងឯកជនផ្សេងទៀត សម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ រួមទាំងការព្យាលបានៅតាមផងដែរនោះ។
ក្រៅពីរាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន ក៏បញ្ជាឱ្យខេត្តនីមួយៗ ត្រូវរៀបចំកន្លែងដាក់អ្នកជំងឺកូវីដ-១៩ យ៉ាងតិច ៥០គ្រែឡើងទៅផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews