សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ៖ សាច់កកលើទីផ្សារកម្ពុជា បច្ចុប្បន្ននេះមានការនាំចូលខុសច្បាប់ច្រើនតាមប្រទេសវៀតណាម
(ភ្នំពេញ)៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងអំពីសាច់កក និងគុណវិបត្តិរបស់វា សាច់កកជ្រូកមាន់ ទា អាចនាំចូលពីប្រទេសប្រេស៊ីល និងសាច់គោ ក្របីមកពីប្រទេសឥណ្ឌាត្រូវបានដឹកតាមកប៉ាល់តាមប្រទេសវៀតណាម។ប្រភពដដែលបានឱ្យដឹងថា បច្ចុប្បន្ននេះ សាច់កកមានវត្តមាននៅលើទីផ្សារស្ទើរគ្រប់ទីកន្លែង ទោះបីមានការទប់ស្តាត់ជាបន្តបន្ទាប់ពីស្ថាប័នជំនាញក៏ដោយសាច់កកនៅហូរចូលប្រទេសកម្ពុជារាល់ថ្ងៃដោយតាមប្រទេសវៀតណាម។
ស្ថានភាពសាច់កកលើទីផ្សារប្រទេសកម្ពុជា បច្ចុប្បន្ននេះមានការនាំចូលខុសច្បាប់ច្រើនតាមប្រទេសវៀតណាម ហើយបានចែកចាយលើទីផ្សារគ្រប់រូបភាព អ្នកលក់សាច់ និងអ្នកចែកចាយសាច់បានយកសាច់មកបន្ទន់ រួចដាក់លាយជាមួយសាច់ក្នុងស្រុកដើម្បីបន្លំភែ្នកអ្នកទិញពេលនោះអ្នកទិញមិនដឹងថាសាច់នោះជាសាច់កកទេ ពេលមកដល់ផ្ទះពួកគាត់ចាប់ផ្តើមលាងទឹក នឹងដាក់ចូលទូកកឡើងវិញ ពេលនោះសាច់ខូចគុណភាពភាគច្រើន ប៉ុន្តែអ្នកទទួលទានមិនសូវបានដឹងរឿងនេះទេ។
គុណវិបត្តិរបស់សាច់កក ពេលវាទន់ហើយមិនអាចយកទៅបង្កកឡើងវិញទេដោយវាបាត់គុណភាព សម្រាប់សាច់កកអាចរក្សាទុកបានប្រហែល១ឆ្នាំ និង៦ខែ ដោយគេដាក់សាធាតុមួយចំនួនដើម្បីរក្សាគុណភាព និងពណ៌របស់សាច់ នៅពេលសាច់កកជិតផុតថ្ងៃកំណត់ត្រូវបានគេលក់ធូរៗថ្លៃមកប្រទេសក្រីក្រ។
តាមពិតប្រជាជនយើងមិនចូលចិត្តសាច់កកទេ ប៉ុន្តែមិនមានព័ត៌មានគ្រប់គ្រាន់ សព្វថ្ងៃអ្នករស់នៅទីក្រុងភ្នំពេញទទួលទានសាច់កកច្រើនជាងគេ ប្រសិនបើបងប្អូនប្រើសាច់កក គួរកុំយកវាទៅកកឡើងវិញ។ ទោះជាយ៉ាងណាសាច់ទាំងនោះមានទាំងគុណភាពល្អ និងសាច់ខូចគុណភាព ដូច្នេះសូមបងប្អូនពេលទៅទិញសាច់មកធ្វើម្ហូប ត្រូវពិនិត្យគុណភាពឲ្យបានត្រឹមត្រូវ ហើយអាចសួរអ្នកលក់អំពីប្រភពនៃសាច់។
សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃទី២២ ខែកុម្ភៈ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ បានធ្វើការកម្ទេចចោលសាច់បង្កកខូចគុណភាពប្រមាណជាង ៨តោន។ សាច់បង្កកដែលមន្រ្តីជំនាញដុតកម្ទេចចោលនាថ្ងៃនោះគឺមានដូចជា បេះដូងជ្រូក អណ្ដាតជ្រូក ជង្គង់មាន់ ត្រីបង្កក ទាបង្កក និងសាច់ផ្សេងៗទៀត៕ ប្រភព៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា




