បើករថយន្ដបញ្ច្រាសទិសលើផ្លូវល្បឿនលឿន ត្រូវនគរបាលឃាត់ធ្វើកិច្ចសន្យាអប់រំ, សាមីខ្លួនអំពាវនាវកុំឲ្យយកគំរូតាម
(ភ្នំពេញ)៖ ម្ចាស់រថយន្ដ២គ្រឿង ត្រូវសមត្ថកិច្ចឃាត់ និងធ្វើកិច្ចសន្យាអប់រំ បន្ទាប់ពីបានបើកបរបញ្ច្រាសទិសលើផ្លូវល្បឿនលឿន ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកដទៃ។ បន្ទាប់ពីឃាត់ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពហើយនោះ សាមីខ្លួនអ្នកបើកបរទាំងពីរនាក់នេះ បានធ្វើការសុំទោសជាសាធារណៈ និងទទួលស្គាល់កំហុសឆ្គងរបស់ខ្លួន។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ, អ្នកបើកបរទាំងពីរនាក់ បានអះអាងដូចគ្នាថា ពួកគេនឹងមិនបើកបរបញ្ច្រាសទិសលើផ្លូវល្បឿនលឿនទៀតនោះឡើង ហើយក្នុងករណីមានលើកក្រោយ នឹងឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់តែម្ដង។
អ្នកបើកបរទាំងពីរនាក់នេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀត ពិសេសអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន សូមកុំយកគំរូតាមខ្លួន ព្រោះសកម្មភាពនេះ ពិតជាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកដទៃដែលមិនដឹងអី៕ ផ្តល់សិទ្ធិដោយ៖ freshnews