ព័ត៌មានជាតិ May 26, 2021

លោកតា លោកយាយ វ័យជាង៧០ឆ្នាំ លើកដៃថ្លែងអំណរគុណសម្ដេចតេជោ ដែលជាទេវតាសង្គ្រោះជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ១៩ ដ៏កាចសាហាវ

Khmerpress

(ភ្នំពេញ)៖ លោកតា រស់ សារ៉ន និងលោកយាយ ពេញ ស្រ៊ុន ដែលមានអាយុជាង៧០ឆ្នាំ បានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងខណ្ឌច្បារអំពៅ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ទាំងទឹកមុខញញឹមសប្បាយរីករាយថា ពួកគាត់សប្បាយរីករាយ អររំភើបខ្លាំងមែនទែន ព្រោះបានចាក់វ៉ាក់សាំងហើយ ដូចមានរបងការពារខ្លួន ពីជំងឺកូវីដ១៩។

ការថ្លែងបែបនេះ របស់លោកតា លោកយាយ ក្នុងឱកាសថ្ងៃចាប់ផ្ដើមចាក់វ៉ាក់សាំងការពាជំងឺកូវីដ១៩ ដូសទី១ ជូនប្រជាពលរដ្ឋនៅខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ។

លោកតា និងលោកយាយ បានលើកឡើងស្រដៀងគ្នាថា «ខ្ញុំសប្បាយអរ រំភើបខ្លាំងមែនទែន ព្រោះចាក់វ៉ាក់សាំងកូវីដ១៩ មិនសូវបារម្ភពីការឆ្លងកូវីដ១៩។ រាជរដ្ឋាភិបាលយើង គឺខិតខំប្រឹងប្រែងគ្រប់គ្រង គ្រប់បែបយ៉ាង ខ្លាំងជាឪពុកម្ដាយបង្កើតយើងទៅទៀត សម្ដេចតេជោ ហ៊ុន សែន ប្រៀបដូចជាទេវតា ចុះមកប្រោសជីវិតយើងក្នុងរដូវកូវីដនេះ។ សូមលើកដៃថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំទាំងថ្ងៃ ទាំងយប់ លះបង់កម្លាំងកាយចិត្ដ ជួយប្រជាពលរដ្ឋខ្មែរ ឱ្យរួចចាកផុតពីជំងឺកាចសាហាវនេះ»។

សូមជម្រាបថា តាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ទូទាំងប្រទេសចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ២,២៨០,៨៧៥នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews