Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរ ចុះពិនិត្យទីតាំងលក់គ្រាប់ស្វាយចន្ទី ១កន្លែង នៅសង្កាត់កាចាញ ក្រុងបានលុង ក្រោយមានព័ត៌មានថា យកគ្រាប់ស្វាយចន្ទីខូចគុណភាពទៅលក់

    BY Khmerpress March 2, 2023
    អាជ្ញាធរ ចុះពិនិត្យទីតាំងលក់គ្រាប់ស្វាយចន្ទី ១កន្លែង នៅសង្កាត់កាចាញ ក្រុងបានលុង ក្រោយមានព័ត៌មានថា យកគ្រាប់ស្វាយចន្ទីខូចគុណភាពទៅលក់

    (រតនគិរី)៖ ស្របពេលដែលទិន្នផលគ្រាប់ស្វាយចន្ទីថយចុះ និងតម្លៃថោកជាងឆ្នាំ២០២២ ក្នុងពេលប្រមូលផលនៅដើមរដូវ ស្រាប់តែមានជនខិលខូចមួយចំនួន ដើម្បីផលប្រយោជន៍ខ្លួនឯង មិនគិតពីផលប៉ះពាល់ប្រជាកសិករ អ្នកដាំចន្ទី ក៏ជ្រើសរើសគ្រាប់ស្វាយចន្ទីត្រាំក្នុងអាងទឹក មានគ្រាប់ខ្លះលិច, គ្រាប់ខ្លះអណ្តែត យកទៅលក់បន្តឲ្យអ្នកប្រមូលទិញតូចតាចចំណេញក្បាលកាក់។

    ក្រោយទទួលបានព័ត៌មាននេះភ្លាម នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយមន្ត្រីសាខាការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តរតនគិរី អាជ្ញាធរក្រុងបានលុង និងអាជ្ញាធរសង្កាត់កាចាញ បានចុះត្រួតពិនិត្យឃ្លាំងប្រមូលទិញគ្រាប់ស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិ៣។

    លោក ទុន ពៅ ចៅសង្កាត់កាចាញ បានប្រាប់ថា ម្ចាស់ឃ្លាំងមានឈ្មោះ លីលី ហើយការចុះត្រួតពិនិត្យខាងលើនេះ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនខិលខូចដឹកគ្រាប់ស្វាយចន្ទីខូចគុណភាពទៅលក់នៅទីនោះ។

    លោកបន្តថា ក្រុមការងារចុះត្រួតពិនិត្យនៅថ្ងៃនេះ មិនបានជួបថៅកែឃ្លាំងទេ ជួបអ្នកមើលការខុសត្រូវ ប៉ុន្តែជាសារមួយឲ្យក្រុមឈ្មួញរកស៊ីត្រឹមត្រូវរក្សាគុណភាពគ្រាប់ស្វាយចន្ទីនៅទូទាំងខេត្តរតនគិរី ដឹកទៅលក់ក្រៅប្រទេសដោយរលូន។ ម្យ៉ាងទៀតដើម្បីចូលរួមចំណែកឲ្យគ្រាប់ចន្ទីមានតម្លៃល្អ នៅលើទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក។

    លោកបន្តថា បើសិនគ្រាប់ចន្ទីគ្មានគុណភាពក្រុមឈ្មួញទិញថោក នោះផលប៉ះពាល់ខ្លាំង គឺប្រជាកសិករអ្នកដាំស្វាយចន្ទី។ ចំណែកឯអ្នកប្រមូលទិញគ្រាប់ស្វាយចន្ទី ក្នុងក្រុងបានលុងនៅព្រឹកថ្ងៃនេះ បានប្រាប់ឲ្យដឹងថា ពួកគាត់ទិញចូលមានតម្លៃ១គីឡូក្រាម ៤,៣៥០រៀល និងគ្រាប់ស្វាយចន្ទីពូជ ក្នុងគីឡូក្រាម៥,២០០រៀល។

    ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី លោក សយ សូណា កន្លងទៅថ្មីៗប្រាប់ឲ្យដឹងថា នៅខេត្តរតនគិរីមានផ្ទៃដីសរុបដាំចន្ទីរ ៦១,៥៤៨ហិកតា និងផ្ទៃដីប្រមូលផល ៥១,៦៤២ហិកតា៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: