Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធររាជធានីភ្នំពេញ ប្រជុំដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅចំណុចការដ្ឋានស្ពានអាកាសព្រះមុនីវង្ស ឱ្យបានល្អប្រសើរជាងមុន

    BY Khmerpress March 4, 2023
    អាជ្ញាធររាជធានីភ្នំពេញ ប្រជុំដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅចំណុចការដ្ឋានស្ពានអាកាសព្រះមុនីវង្ស ឱ្យបានល្អប្រសើរជាងមុន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រោយពីមានការកកស្ទះចរាចរណ៍ជាច្រើនម៉ោងនៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស កាលពីថ្ងៃទី១ ខែមីនា កន្លងមកនះ អាជ្ញាធររាជធានីភ្នំពេញ បានកោះហៅមន្ត្រីជំនាញ ,ក្រុមហ៊ុនសាង សង់និងប៉ូលិសចរាចរណ៍មកប្រជុំ ដើម្បីរិះមកគ្រប់មធ្យោបាយ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅចំណុចការដ្ឋាននេះឱ្យបានល្អប្រសើរជាងមុន។

    កិច្ចប្រជុំនេះបានធ្វើឡើង នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក កើត ឆែ អភិបាលរង តំណាងឯកឧត្ដមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

    លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ ការបង្កើតឱ្យមានកិច្ចប្រជុំខាងលើនេះឡើង គឺដើម្បីឱ្យមន្ត្រីជំនាញ ,ក្រុមហ៊ុនសាងសង់និងប៉ូលិសចរាចរណ៍ រួមគំនិតគ្នា រកគ្រប់មធ្យោបាយដោះស្រាយ ដោយសារកន្លងមកនេះ មានការកកស្ទះចរាចរណ៍ខ្លាំង ពិសេសកាលពីថ្ងៃទី១ ខែមីនាកន្លងមកនេះ នៅតំបន់ការដ្ឋាននេះបានកកស្ទះចរាចរណ៍រហូតដល់ទៅ ៥ ទៅ ៦ ម៉ោងឯណោះ។

    លោក កើត ឆែ បានជំរុញឱ្យធ្វើការកែសម្រួល ដោយបង្រួមរបងការដ្ឋានឱ្យតូចជាងមុន កែសម្រួលផ្លូវមួយចំនួន ជាមួយនឹងការដោះស្រាយជាមួយអ្នកលក់ដូរលើចិញ្ចឹមផ្លូវ នៅតំបន់នេះឱ្យបានល្អប្រសើរ សំដៅមានរំហូរចរាចរណ៍បានល្អ។ បន្ថែមពីនេះ លោក កើត ឆែ ក៏បានណែនាំមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ រៀបចំជាផែនការឱ្យបានជាក់លាក់មួយ ដើម្បីចេញសេចក្តីជូនដំណឹងមួយ ក្នុងការបង្វែរទិសចរាចរណ៍ ចេញនិងចូលក្រុងភ្នំពេញ ដោយមិនឱ្យឆ្លងកាត់តំបន់ការដ្ឋានសាង សង់ស្ពានអាកាសព្រះមុនីវង្សនេះ។

    គួរបញ្ជាក់ថា៖ ស្ពានអាកាសព្រះមុនីវង្ស មានទីតាំងប្រសព្វរវាងមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន មហាវិថីព្រះមុនី្នវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១)ជាស្ពានអាកាសដំបូងគេដែលមានរង្វង់មូលលើអាកាស ។ស្ពានអាកាសថ្មីនេះត្រូវបានឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវរួមជាមួយនឹងមន្ត្រី អាជ្ញាធរដែនដីអញ្ជើញជាអធិបតី ក្រុងពាលីបញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដីកាលពីរសៀលថ្ងៃទី៣០ សីហា ឆ្នាំ២០២២ ហើយនៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនា។

    គម្រោងសាងសង់ស្ពានអាកាសថ្មីនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដោយគ្រោងចំណាយថវិកាចំនួន ៣៦.៧៧៥.០០០ដុល្លារអាមេរិក ប្រើប្រាស់រយៈពេលសាងសង់ ៣៦ខែ៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: