Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង នឹងរៀបចំសង្ក្រាន្តបាត់ដំបងធំជាងឆ្នាំកន្លងទៅ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ

    BY Khmerpress March 4, 2023
    ខេត្តបាត់ដំបង នឹងរៀបចំសង្ក្រាន្តបាត់ដំបងធំជាងឆ្នាំកន្លងទៅ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ២០២៣ខាងមុខនេះ ខេត្តបាត់ដំបងនឹងមានរៀបចំសង្ក្រាន្ត បាត់ដំបងធំជាងឆ្នាំកន្លងទៅ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរដែលមកលេងកម្សាន្តឱ្យកាន់តែសប្បាយ រីករាយជាងឆ្នាំមុនៗ។

    លោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បច្ចុប្បន្នខេត្តបាត់ដំបង បាននិងកំពុងយកចិត្តទុកដាក់ ខ្លាំងក្នុងការជំរុញវិស័យទេសចរណ៍ក្នុងខេត្ត ឱ្យមានភាពលេចធ្លោ តាមរយៈយុទ្ធសាស្ដ្រជាច្រើនដូចជា បន្តធ្វើការសិក្សាស្រាវជ្រាវអំពីគោលដៅទេសចរណ៍ថ្មីៗ ផលិតផលថ្មីៗ ជាពិសេសពង្រឹងគុណភាព អនាម័យ សន្តិសុខសណ្ដាប់ធ្នាប់នៅតាមរមណីយដ្ឋាននិងគោលដៅទេសចរណ៍នានា ដើម្បីបម្រើទៅដល់ ភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្តនៅក្នុងខេត្តបាត់ដំបង ឱ្យមកម្ដងហើយចង់មកម្ដងទៀត។

    លោកបន្ដថា នៅក្នុងពិធីចូលឆ្នាំខ្មែរ២០២៣ខាងមុខនេះ ខេត្តបាត់ដំបងនឹងមានរៀបចំសង្ក្រាន្តបាត់ដំបង ធំជាងឆ្នាំកន្លងទៅ ដោយមានកម្មវិធីកម្សាន្ដសប្បាយៗជាច្រើន ដូចជា កម្មវិធីល្បែងប្រជាប្រិយ ការប្រគុំតន្ត្រី មានរៀបចំតែងលម្អ និងកម្មវិធីជាច្រើនទៀត ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរដែលមកលេង ឱ្យកាន់តែសប្បាយជាងឆ្នាំមុនៗ។

    «នៅក្នុងឱកាសពិធីចូលឆ្នាំខ្មែរដែលបានមកដល់នៅពេលខាងមុខនេះ សម្រាប់ព័ត៌មានដែលខ្ញុំ បានដឹងតែមិនទាន់ជាផ្លូវការទេ គឺយើងនឹងមានរៀបចំជាសង្ក្រាន្តបាត់ដំបង ដែលធ្លាប់បានរៀបចំកន្លងមក ហើយ មុនពេលកូវីដ។ អ៊ីចឹងឆ្នាំនេះគឺយើងចាប់ផ្ដើមសាជាថ្មីនៅក្នុងការរៀបចំសង្ក្រាន្ត។ ហើយខ្ញុំជឿជាក់ថាក្នុងការរៀបចំសង្ក្រាន្តបាត់ដំបងនេះ នឹងអាចទាក់ទាញភ្ញៀវទេសចរមកលេងច្រើន ដោយសារតែទីតាំងសង្ក្រាន្តរបស់យើងគឺធំនៅក្នុងវិទ្យាល័យ។ ហើយយើងនឹងមានការរៀបចំពិធីផ្សេងៗទៀតទាំងនៅតាមរមណីយដ្ឋាន តាមអាជីវកម្មសេវាកម្ម ទេសចរណ៍ទូទាំងខេត្ត គឺនឹងរៀបចំសម្រាប់ការទទួលភ្ញៀវមកកម្សាន្តនៅក្នុង ពិធីបុណ្យនេះ ហើយអ្វីដែលពិសេសគឺសង្ក្រាន្តឆ្នាំនេះគឺធំជាងឆ្នាំកន្លងទៅ»

    សូមបញ្ជាក់ថា ខេត្តបាត់ដំបងបានជាប់ជ័យលាភីល្អបំផុតដាច់គេលើការប្រកួតប្រជែងទីក្រុងស្អាត ដែលបានរៀបចំពិធីបុណ្យចូលឆ្នាំសកល២០២២ «Best Countdown City of The Year 2022» តាមរយៈការប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើកឱ្យសាធារណជន ២៥ រាជធានី ខេត្ត ក្រុង ចូលរួម បោះឆ្នោតគាំទ្រទីក្រុង ដែលខ្លួនពេញចិត្តជាងគេបំផុត ដោយផ្អែកលើលក្ខណៈពិសេសមួយចំនួនដូចជា ការតុបតែងលម្អ អនាម័យ និងបរិស្ថាន សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ភាពពេញចិត្ត និង ការសប្បាយ រីករាយរបស់ភ្ញៀវទេសចរនិងអ្នកចូលរួម៕ ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: