ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បកស្រាយបំភ្លឺ ក្រោយមានការបង្ហោះថា “លោកប៉ូលីសចរាចរណ៍នៅកែងស្តុបពេទ្យព្រះកុសមៈកំពូលឈ្លើយសម្ដីនិយាយដូចបាតផ្សារ…”
(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ បានបកស្រាយបំភ្លឺ ទាក់ទងនឹងគណនីហ្វេសប៊ុកមួយឈ្មោះ Sok Vanna បានផុសថា «លោកប៉ូលីសចរាចរណ៍នៅកែងស្តុបពេទ្យព្រះកុសមៈ(ផ្លូវរុស្សីបត់ក្រោមស្ពានមកប្រលានយន្តហោះ)កំពូលឈ្លើយសម្ដីនិយាយដូចបាតផ្សារ…” ដោយជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថាជា ការចុះផ្សាយព័ត៌មានមិនពិត បំភ្លើសចោទប្រកាន់មកលើសមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៣:៣០នាទី មានបុរសម្នាក់បានបើកបរម៉ូតូ ម៉ាក់…. ពាក់ផ្លាកលេខ… ល្មើសភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម មានន័យថានៅពេលភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម បុរសខាងលើនៅបន្តដំណើរទៅមុខ ដូច្នេះមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្ពានអាកាសពេទ្យលោកសង្ឈបានធ្វើការឃាត់ និងពិន័យតាមច្បាប់ នៅពេលនោះគាត់ក៏បានស្នើសុំសមត្ថកិច្ចសម្របសម្រួល តែសមត្ថកិច្ចមិនព្រមគឺត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ ដោយធ្វើការផាកពិន័យតាមឧបករណ៍ម៉ាស៊ីនសម្រាប់ការផាកពិន័យ និងដកពិន្ទុលើប័ណ្ណបើកបរ។
ប្រភពបានបន្តថា បុរសរូបនេះជាអ្នកបើកបរល្មើសច្បាប់ ដោយបានបេីកបរល្មេីសភ្លេីងក្រហម ត្រូវបានសមត្ថកិច្ចផាកពិន័យ បែរជាខឹងនិងសមត្ថកិច្ចមិនព្រមយោគយល់ ហើយចោទប្រកាន់សមត្ថកិច្ចថាជេរប្រមាទមើលងាយ គំរាមគំហែង ជាន់ករាស្ត្រ ស្របពេលប្រជាជនកំពុងតែក្រដោយសារវិបត្តិសេដ្ធកិច្ចពិភពលោក តាមពិតជាក់ស្តែងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺក្នុងគោលបំណងដេីម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសចូលរួមការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទូទៅ ប្រសិនបើមិនចង់ឲ្យសមត្ថកិច្ចធ្វេីការផាកពិន័យ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា នោះសមត្ថកិច្ចមិនឃាត់យានយន្ត និងធ្វេីការផាកពិន័យនោះទេ៕

