ព័ត៌មានជាតិ

កម្ពុជាមានរថយន្តប្រើថាមពលអគ្គិសនី ជិត៨០០គ្រឿង ខណៈអត្រាប្រើប្រាស់នឹងបន្តកើនឡើង

BY
Khmerpress
March 7, 2023
កម្ពុជាមានរថយន្តប្រើថាមពលអគ្គិសនី ជិត៨០០គ្រឿង ខណៈអត្រាប្រើប្រាស់នឹងបន្តកើនឡើង

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថា បច្ចុប្បន្ននេះ កម្ពុជាមានរថយន្តប្រើប្រាស់ថាមពលអគ្គិសនី ជិត៨០០គ្រឿង ខណៈចំនួនអ្នកប្រើប្រាស់រថយន្តអគ្គិសនីនេះនឹងបន្តកើនឡើងជាលំដាប់។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងបែបនេះ ក្នុងបទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន នៅក្នុងកម្មវិធី «អបអរសាទរខួប ៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន» នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នាសួនច្បារ វត្តបទុមវតី រាជធានីភ្នំពេញ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាយើងនេះ គឺមានការកើនឡើងច្រើនណាស់ សព្វថ្ងៃនេះមានជាង ៧០០គ្រឿង (ជិត៨០០គ្រឿង) ប៉ុន្តែ ១ឆ្នាំៗកើនឡើងជាង១០ដង ការចុះបញ្ជីយានយន្តប្រើដោយថាមពលអគ្គិសនី មានការកើនឡើងច្រើនក្នុង១ឆ្នាំៗ»។

ជុំវិញការកើនឡើងនៃចំនួនអ្នកប្រើប្រាស់រថយន្តអគ្គិសនីនេះ, ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យដើម្បីឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនរៀបចំបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំយុទ្ធសាស្ត្រអំពីការប្រើប្រាស់យានយន្តប្រើដោយថាមពលអគ្គិសនីនេះ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា កម្ពុជានឹងជំរុញឱ្យប្រើប្រាស់រថយន្តអគ្គិសនីនេះឱ្យបានច្រើន ខណៈដែលរថយន្តដែលប្រើប្រាស់ដោយប្រេងឥន្ធនៈ ដែលជាមធ្យមត្រូវបង់ពន្ធ១២០ភាគរយ ដោយឡែកសម្រាប់រថយន្តប្រើថាមពលអគ្គិសនី គឺបង់ពន្ធតែ៦០ភាគរយប៉ុណ្ណោះ។ ដែលរដ្ឋលើកទឹកចិត្តបញ្ចុះតម្លៃ៥០ភាគរយនៃអត្រាពន្ធ។

យោងតាមប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីយានជំនិះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ចំនួនយានយន្តអគ្គិសនីចុះបញ្ចីគិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មានចំនួនសរុប ៧៩៤គ្រឿង ក្នុងនោះរថយន្តមានចំនួន ៤០៨គ្រឿងម៉ូតូកង់បីមានចំនួន៣៥៥គ្រឿង និងម៉ូតូមានចំនួន៣១គ្រឿង។ បើប្រៀបធៀបរវាងការចុះបញ្ជីយានយន្តអគ្គិសនី ក្នុងឆ្នាំ២០២២ (មានចំនួន ៦៦២គ្រឿង) និងឆ្នាំ២០២១ យានយន្តអគ្គិសនី (មានចំនួន៦៣គ្រឿង) មានកំណើនប្រមាណ ៩៥១%។

នៅខែមករា ឆ្នាំ២០២៣ រថយន្តអគ្គិសនីចំនួន ៦២គ្រឿង បានធ្វើការចុះបញ្ជីជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២២ យើងឃើញថាមានកំណើនរថយន្តអគ្គិសនីចុះបញ្ជីប្រមាណ ១២៤%។

រថយន្តអគ្គិសនីទាំង១០ ដែលបានចុះបញ្ជីមានដូចជារួមមាន៖ ក្រុមហ៊ុន BYD ចំនួន២៧៣គ្រឿង, ក្រុមហ៊ុន TESLA ៣៩គ្រឿង, ក្រុមហ៊ុន BMW ១៩គ្រឿង, ក្រុមហ៊ុន LETIN ១៥គ្រឿង, ក្រុមហ៊ុន HONGQI ៩គ្រឿង, ក្រុមហ៊ុន WULING ៨គ្រឿង, ក្រុមហ៊ុន LEVDEO ៧គ្រឿង, ក្រុមហ៊ុន JAC ៥គ្រឿង, ក្រុមហ៊ុន E-GREEN ៤គ្រឿង និង ក្រុមហ៊ុន JAGUAR ៤គ្រឿង។

ស្ថានីយចំណតរថយន្តអគ្គិសនី បច្ចុប្បន្នមាន១៣ទីតាំង៖ នៅក្រសួងសាធារណការ និងដឹកជញ្ជូន៤ ទីតាំង, នៅអ៉ីអន២ ចំនួន ១ទីតាំង, នៅស្ថានីយប្រេងឥន្ទនៈតូតាល់ព្រៃស ១ទីតាំង, ស្ថានីយប្រេងឥន្ទនៈភីធីធី ៣ទីតាំង, នៅខេត្តសៀមរាប ១ទីតាំង, នៅខេត្តព្រះសីហនុ ១ ទីតាំង, នៅខេត្តបាត់ដំបង ១ទីតាំង និង នៅខេត្តមណ្ឌលគីរី ១ទីតាំង៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: