ព័ត៌មានជាតិ

រយៈពេល៣ឆ្នាំ ក្រសួងសាធារណ ការទទួលបានចំណូលជាង ៥៤លានដុល្លារពីការលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន

BY
Khmerpress
March 7, 2023
រយៈពេល៣ឆ្នាំ ក្រសួងសាធារណ ការទទួលបានចំណូលជាង ៥៤លានដុល្លារពីការលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា រយៈពេល៣ឆ្នាំក្រសួងសាធារណ ការទទួលបានចំណូលជាង ៥៤លានដុល្លារពីការលក់លេខពិសេសនិងលេខពិសេសផ្ទាល់ខ្លួន ដែលបានរួមចំណែកបង្កើនចំណូលថវិកាជាតិ។

ថ្លែងក្នុងកម្មវិធី “អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន” នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នាសួនច្បារ វត្តបទុមវតី រាជធានីភ្នំពេញ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២២ ការចុះបញ្ជីរថយន្តសម្រាប់លេខពិសេស និងលេខពិសេសផ្ទាល់ បានចំនួនសរុប១១៨ ០៥២លេខ និងទទួលបានចំណូលសរុបចំនួន ២១៨ ៥៣៣ ០៧០ ៨០០រៀល ស្មើនឹង ៥៤ ៦៣៣ ២៦៧ ដុល្លារ ខណៈថវិកាដែលបានមកពីលក់ បានមួយចំណែកចូលរួមការងារសប្បុរសធម៌ ការកសាងហេដ្ឋា រចនាសម្ព័ន្ធ ថវិកាជាតិ និងលើក ទឹកចិត្តមន្រ្តីរាជការ ។

ឯកឧត្តម បានបន្តថា សម្រាប់ការចុះបញ្ជីរថយន្តសម្រាប់លេខពិសេស និងលេខពិសេសផ្ទាល់ ក្នុងនោះលេខពិសេស លក់បានចំនួន១០១.៩២០លេខ ទទួលបានចំណូលសរុប ១០៣.៨៣០.៩៣៥.៥០០រៀល ស្មើនឹង ២៥.៩៥៧.៧៣៣ដុលា្លរ និងលេខពិសេសផ្ទាល់ខ្លួនលក់បានចំនួន១៦.១៣២លេខ ទទួលបានចំណូលសរុប ១១៤.៧០២.១៣៥.៣០០រៀល ស្មើនឹង ២៨.៦៧៥.៥៣៤ដុល្លារផងដែរ ។ សំឡេង « យើងលក់បាន១ម៉ឺន ៦ ពាន់ផ្លាកហើយ បានថវិកាជាតិ២៨ លានដុល្លារអាមេរិក ចូលថវិកា ជាតិ។ ថវិកាជាតិមួយចំនួនសូម ជម្រាបជូនថា បានយកទៅជូន កាកបាទក្រហមជាតិយើង ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលមានតម្រូវការដោយគ្រោះមហន្ត រាយ។ល។ អ៊ីចឹងថវិកាមួយចំនួនប្រហែល៥០ភាគរយ បានបញ្ជូនទៅកាកបាទក្រហមជាតិរបស់យើង» ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានឱ្យដឹងដែរថា លទ្ធផលនៃការប្រមូលចំណូលឆ្នាំ២០២២ ពីការលក់លេខចុះបញ្ជីរថយន្ត សម្រេចបានចំណូលសរុបចំនួន ៨៣.៤៥៩.០៤៣.៥០០រៀល ស្មើនឹង ២០.៨៦៤.៧៦១ ដុល្លារ មានការកើនឡើងចំនួន២២% ធៀបទៅនឹងចំណូលរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។

យោងតាមប្រព័ន្ធគ្រប់គ្រងការចុះ បញ្ជីយានជំនិះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ចំនួនយានយន្តដែលបានចុះបញ្ជីតាំងពីឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០២២មានចំនួន ៦,៧៦៧,៨៧១គ្រឿង (ក្នុងនោះម៉ូតូ៥,៧៥៤,៣០៦គ្រឿង, រថយន្តធុនស្រាល៧២៨,២៩៤គ្រឿង និងរថយន្តធុនធ្ងន់២៨៥,២៧១គ្រឿង) កំណើនជាមធ្យមនៅ៥ឆ្នាំចុងក្រោយមានប្រមាណជា១១,៣%៕ ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: