អ្នកនាង ចន ចន្ទ័លក្ខិណា ប្រតិកម្មនឹងរូបត្លុកព្រះនាង ឥន្ទ្រទេវី អង្គុយគងអន្ទាក់ខ្លាកាន់កែវកាហ្វេ
- BY
- Naren
- March 9, 2023
(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវរូបត្លុករបស់ហាងកាហ្វេមួយ ដែលបង្ហោះអបអរក្នុងថ្ងៃទិវាសិទ្ធិនារី២០២៣ ដែលគំនូរត្លុកក្រោមប្រធានបទ៖ រឹងមាំ ទាន់សម័យ ឯករាជ្យ មាន ព្រះនាងឥន្រ្ទទេវី នាងសីតា នាងទាវ ហើយក៏មានការផ្ទុះជជែកវែកញែក ដោយមានការរិះគន់រូបត្លុកព្រះនាង ឥន្ទ្រទេវី បង្ហាញនូវកាយវិការអង្គុយគងអន្ទាក់ខ្លាកាន់កែវកាហ្វេ ប៉ុន្តែក៏មានការលើកឡើងថាគឺជាសិល្បៈគំនូរកែច្នៃឱ្យប្លែក និងតាមប្រធានបទ រឹងមាំ ទាន់សម័យ ឯករាជ្យ។
ដោយមានហ្វេសប៊ុកផេក ដំណើរ ខ្មែរ បានសរសេររៀបរាប់ថា៖ «តេីលោកអ្នកនាងយល់យ៉ាងណាចំពោះរូបនេះ? សម្រាប់ដំណេីរខ្មែរ សូមសម្តែងនូវការមិនពេញចិត្តចំពោះសកម្មភាពច្នៃប្រតិដ្ឋបែបនេះ ហាក់បីដូចជាកំពុងបន្ទាបព្រះកេរ្តិ៍នាមអង្គក្សត្រីដែលមានព្រះរាជគុណមហាសាលសម្រាប់ជាតិខ្មែរ និងវប្បធម៍ខ្មែរ។ តេីព្រះរាជសកម្មភាពនៃព្រះរាជអគ្គមហេសី ឥន្រ្ទទេវី ព្រះរាជអគ្គសកលវិទ្យាធិការសម័យអង្គរ ស្តេចគង់បែបនេះ? ខ្ញុំយល់ណាស់ចំពោះការរីកចម្រេីន នៃបច្ចេកវិទ្យាក្នុងសង្គម តែបេីលូនលឿនរបៀបនេះដូចជាហួសពេកហេីយ»។
ជាមួយគ្នានេះប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ចន្ទ័លក្ខិណា ក៏បានចែករំលែក និងប្រតិកម្មចំពោះរូបត្លុកមួយនេះយ៉ាងដូច្នេះថា ៖«កុំឆ្ងល់ថាហេតុអ្វីបានក្រសួងមានការតឹងរឹងជាការគូររូបត្លុកដើម្បីទាក់ទាញក្នុងការធ្វើទីផ្សារ តែត្រូវគិតពីសីលធម៌និងតម្លៃនៃវប្បធម៌ផង»។
យ៉ាងណាមិញក្រោយពីមានការរិះគន់សម្តែងការមិនពេញចិត្តនឹងរូបត្លុកបែបនេះទំព័រហ្វេសប៊ុកហាងកាហ្វេ Noir ក៏បានលុបចេញនូវរូបភាពនោះដោយជំនួសនូវរូបភាពថ្មី៕
- Share This Post: