ព័ត៌មានជាតិ

ផ្លូវ និងស្ពានតភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ នឹងសាងសង់នៅឆ្នាំ២០២៤ មានប្រវែង៥៨គីឡូម៉ែត្រ

BY
Khmerpress
March 9, 2023
ផ្លូវ និងស្ពានតភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ នឹងសាងសង់នៅឆ្នាំ២០២៤ មានប្រវែង៥៨គីឡូម៉ែត្រ

(កំពង់ធំ)៖ ក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីឆ្នាំ២០១៩ ដើម្បីកសាងផ្លូវ៥០សេ (50C) ប្រវែង ៥៨គីឡូម៉ែត្រ ដែលមានទាំងផ្លូវ និងស្ពានឆ្លងទន្លេ ដោយតភ្ជាប់ពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំនោះ ផ្លូវមួយនេះនឹងត្រូវចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៤។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងបទសម្ភាស នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នេះថា កាលពីឆ្នាំ២០១៩ ក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ម្តងហើយ ក្នុងការសិក្សាគម្រោងស្ពាននេះ កុំឲ្យប៉ះពាល់បរិស្ថាន និងសង្គម បន្ទាប់មកក្រុមហ៊ុន សាវ៉ាក់ ខុនស៊ុលថិន បានសិក្សាយ៉ាងលម្អិត។

បើតាមលោក ស៊ុន ចាន់ថុល ក្រោយសិក្សាលម្អិតពីស្ថាប័នជំនាញ មានទាំងក្រសួងបរិស្ថាន ព្រមទាំងរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផងនោះ, លិខិតគោរពស្នើសុំមួយ ត្រូវបានដាក់ជូនសម្តេចតេជោ ហ៊ុន សែន ហើយសម្តេចតេជោ ក៏បានឯកភាព។ លោកបន្តថា គម្រោងផ្លូវ ៥០សេនេះ គ្រោងស្នើសុំថវិកាពីរដ្ឋាភិបាលចិន។

លោក ស៊ុន ចាន់ថុល បានឲ្យដឹងដែរថា ផ្លូវ ៥០សេនេះ មានប្រវែង ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពាន ៣៣០០ម៉ែត្រ ហើយវានឹងក្លាយជាស្ពានវែងជាងគេមួយនៅប្រទេសកម្ពុជា។ ទឹកប្រាក់ទាំងអស់ តាមតម្លៃប៉ាន់ស្មានក្នុងការកសាងគឺ ២៥០លានដុល្លារអាមេរិក ដោយបែងចែកទៅផ្លូវប្រហែល ១៥០លានដុល្លារអាមេរិក និងស្ពានប្រហែលជា ១០០លានដុល្លារអាមេរិក។

«យើងខ្ញុំបានធ្វើលិខិតថ្មីៗនេះគោរពស្នើសុំសម្តេចតេជោ ធ្វើយ៉ាងណាស្នើសុំថវិកាពីមិត្តចិន របស់យើង ឆ្នាំ២០២៤ ដើម្បីកសាងផ្លូវ ៥០សេនេះ។ សម្តេចតេជោ បានចារឯកភាពយកជម្រើសនេះ»។ នេះជាការបញ្ជាក់ ពីលោក ស៊ុន ចាន់ថុល។

ទីតាំងធ្វើផ្លូវ ៥០សេ ស្ថិតនៅក្នុងតំបន់ទន្លេសាបប្រមាណ ១៥០ហិកតា។ ផ្លូវនេះ ភ្ជាប់ពីក្រុងកំពង់ឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ។ ផ្លូវនេះដែរ ក៏មានលូប្រមាណ ១០០លូ និងស្ពាន ៥ឯណោះ ដែលមិនប៉ះពាល់ការចល័តរបស់មច្ឆជាតិនោះទេ។

បើតាមលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹងថា ទីតាំងនេះត្រូវបានសិក្សាច្បាស់លាស់ហើយ គឺមិនមានផលប៉ះពាល់ ដល់មុខងារប្រព័ន្ធអេកូឡូស៉ីទន្លេសាបធ្ងន់ធ្ងរទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews

រូបតំណាង

Share This Post: