Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    បុណ្យទន្លេទាក់ទាញភ្ញៀវទេសចរចូលរួមជាង ១លាននាក់ និងនៅបន្តដល់យប់ថ្ងៃទី១១ និងទី១២ ខែមីនាថែមទៀត

    BY Khmerpress March 11, 2023
    បុណ្យទន្លេទាក់ទាញភ្ញៀវទេសចរចូលរួមជាង ១លាននាក់ និងនៅបន្តដល់យប់ថ្ងៃទី១១ និងទី១២ ខែមីនាថែមទៀត

    (កំពង់ធំ)៖ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ បានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋឱ្យចូលទស្សនាប្រមាណជាង១លាន១២ម៉ឺននាក់ ខណៈពិធីបុណ្យនេះកំពុងបន្តលេងរហូតដល់ថ្ងៃទី១១ និងទី១២ ខែមីនាថែមទៀត ព្រោះចំថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

    លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា «ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ បានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋឱ្យចូលទស្សនា​ប្រមាណ ១,១២៨,៥០០​នាក់»។

    លោករដ្ឋមន្ត្រីបានបញ្ជាក់លម្អិតថា៖
    * ថ្ងៃទី​៧​ ខែ​មីនា​ មានប្រមាណ​១៨,៥០០​នាក់
    * ថ្ងៃទី​៨​ ខែ​មីនា​ ប្រមាណ​៣៨៥,០០០​នាក់​
    * ថ្ងៃទី​៩​ ខែ​មីនា​ ម្រមាណ​៤០៥,០០០​នាក់
    * ថ្ងៃទី១០ ខែមីនា មានប្រមាណ៣២០,០០០នាក់
    សរុបចំនួន៤៣ថ្ងៃ​ មានប្រមាណ​១,១២៨,៥០០​នាក់។

    លោករដ្ឋមន្ត្រី ថោង ខុន បានបន្តទៀតថា ភាគច្រើនជាប្រជាពលរដ្ឋមកពីក្រុង-ស្រុកទាំង៩ទូទាំងខេត្តកំពង់ធំ និងប្រជាពលរដ្ឋមកពីបណ្ដាខេត្តជាប់ព្រំប្រទល់ ពិសេសខេត្តជាប់បឹងទន្លេសាប ដូចជា ខេត្តសៀមរាម កំពង់ចាម កំពង់ឆ្នាំង ព្រះវិហារ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តស្ទឹងត្រែង ខេត្តក្រចេះជាដើម។

    លោកបញ្ជាក់ដែរថា ប្រជាពលរដ្ឋនិងភ្ញៀវទេសចរមានការសប្បាយរីករាយខ្លាំងណាស់ ម្យ៉ាងជាព្រិត្តិការណ៍ធំក្រោយកូវីដ១៩ផង និងចំថ្ងៃទិវានារីអន្តរជាតិ៨មីនាផង ហើយម្យ៉ាងពួកគាត់សរសើរអំពីការរៀបចំតុបតែងភ្លើងលម្អបុណ្យគួរឱ្យទាក់ទាញ ពួកគាត់ចូលរួមទស្សនាការសម្ដែងសិល្បៈ របាំ និងចម្រៀងសម័យ ព្រមទាំងទិញដូរផលិតផល-ទំនិញ និងម្ហូបអាហារដែលអាជីវករ-សិប្បករលក់ជូននៅតាមស្ដង់ពិព័រណ៍ផលិតផលក្នុងស្រុកនានា។

    តាមការឱ្យដឹងពីសំណាក់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នឹងអនុញ្ញាតឱ្យពិធីបុណ្យទន្លេនេះបន្តលេងកម្សាន្តនៅថ្ងៃទី១១ និងទី១២ ខែមីនាថែមទៀត ព្រោះចំថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ម្យ៉ាងប្រជាពលរដ្ឋក៏ចង់នៅដើរលេងកម្សាន្តបន្តទៀត ហើយអាជីវករក៏នៅបន្តលក់ដូរបានកាក់កបរាល់ថ្ងៃរាល់យប់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: